សមាជិកព្រឹទ្ធសភារាប់សិបនាក់ខាងគណបក្សប្រជាធិបតេយ្យកំពុងជំរុញឲ្យលោកប្រធានាធិបតី Joe Biden បង្កើតតំណែងជាន់ខ្ពស់២ដើម្បីជួយជម្លៀសជនជាតិអាហ្វហ្គានីស្ថានដែលមានសិទ្ធិស្របច្បាប់និងពលរដ្ឋផ្សេងទៀតដែលស្ថិតនៅក្នុងប្រទេសនោះ បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិកបានចាកចេញកាលពីថ្ងៃទី៣១ ខែសីហា។
លោកស្រី Maria Cantwell សមាជិកព្រឹទ្ធសភា និងជាមេដឹកនាំកិច្ចផ្តួចផ្តើមនេះបាននិយាយថា ការិយាល័យរបស់លោកស្រីត្រូវបានមនុស្សយ៉ាងតិចណាស់១.៨០០នាក់ទាក់ទងមក។ លោកស្រីបានមានប្រសាសន៍ទៀតថា ពួកគេរួមបញ្ចូលទាំងពលរដ្ឋសហរដ្ឋអាមេរិក អ្នកមានទិដ្ឋាការអន្តោប្រវេសន៍ពិសេសអ្នកកាសែតនិងអ្នកធ្វើការតាមកិច្ចសន្យាដែលបានធ្វើការនៅឯស្ថានទូតសហរដ្ឋអាមេរិកមុនពេលស្ថានទូតនេះបិទ នៅក្នុងរដ្ឋធានីកាប៊ុល។
កាលពីថ្ងៃពុធ លោកស្រីបានមានប្រសាសន៍ថា «យើងដឹងថា យើងនៅមានមនុស្សជាច្រើនជាប់គាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយពួកគេត្រូវការឲ្យសហរដ្ឋអាមេរិកបន្តជួយពួកគេនិងគាំទ្រពួកគេ»។ អ្នកស្រីថ្លែងដូច្នេះបន្ទាប់ពីផ្សព្វផ្សាយលិខិតមួយដែលមានហត្ថលេខាពីសហការីចំនួន១១រូប ដែលរួមមានលោកស្រីសមាជិកព្រឹទ្ធសភា Elizabeth Warren និងលោកសមាជិកព្រឹទ្ធសភា Cory Booker។ អ្នកទាំង២បានឈរឈ្មោះសម្រាប់ការតែងតាំងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យឆ្នាំ២០២០។
ពួកសមាជិកព្រឹទ្ធសភាបានសុំឲ្យលោកប្រធានាធិបតី Biden បង្កើតតំណែងទាំងនេះនៅក្នុងការិយាល័យប្រធានាធិបតីនិងនៅក្រសួងការបរទេស។
សហរដ្ឋអាមេរិកបានជម្លៀសមនុស្ស១២៤.០០០នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល២សប្តាហ៍កាលពីខែសីហា។ មន្ត្រីរដ្ឋបាលបានពណ៌នាថា ជាការដឹកជញ្ជូនតាមយន្តហោះដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ៕