ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា បំណុល​អាមេរិក​នឹង​ឡើង​ដល់​កម្រិត​កំណត់​អតិបរមា​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា


រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ផ្តល់​សក្ខីកម្ម​ក្នុង​ពេល​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​ធនាគារ លំនៅដ្ឋាន និង​ទីក្រុង នៅ​វិមាន​សភា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ផ្តល់​សក្ខីកម្ម​ក្នុង​ពេល​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​ធនាគារ លំនៅដ្ឋាន និង​ទីក្រុង នៅ​វិមាន​សភា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​ព្រមាន​មេដឹកនាំ​នានា​របស់​សភា​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​អាមេរិក​ទំនង​ជា​អស់​ថវិកា​សម្រាប់​ចំណាយ​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា​ខាង​មុខ ប្រសិនបើ​កម្រិត​បំណុល​អតិបរមា​របស់​ប្រទេស​នេះ​ មិន​ត្រូវ​បាន​ដំឡើង។

អ្នកស្រី​បាន​និយាយ​ថា បើ​សភា​មិន​បោះឆ្នោត​ដំឡើង​កម្រិត​បំណុល​អតិបរមា ឬ​មិន​បន្ត​ពេល​អនុញ្ញាត​ឲ្យ​ខ្ចី​បន្ត នោះ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រំពឹង​ថា សហរដ្ឋ​អាមេរិក «នឹង​នៅ​សល់​ធនធាន​តិចតួច​ប៉ុណ្ណោះ ដែល​នឹង​អស់​យ៉ាង​ឆាប់​រហ័ស» នៅ​ក្រោយ​ពេល ៣ សប្តាហ៍​ខាង​មុខ។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​ដែល​ជា​គណបក្ស​សំឡេង​ភាគ​ច្រើន បាន​ព្យាយាម​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​បង្កើន​កម្រិត​បំណុល​អតិបរមា ប៉ុន្តែ​មិន​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ។ គណបក្ស​សាធារណរដ្ឋ​បាន​រារាំង​កិច្ច​ប្រឹងប្រែង​នេះ។

បំណុល​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឥឡូវ​នេះ​មាន​ចំនួន ២៨,៤ លាន​លាន​ដុល្លារ។ ប៉ុន្តែ​ជាក់ស្តែង​មាន​តែ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក ដែល​ក្នុង​រយៈពេល​រាប់​ទស្សវត្សរ៍​កន្លង​មក បាន​ដាក់​កំហិត​លើ​ការ​ខ្ចី​ប្រាក់​របស់​ខ្លួន ឬ​ដក​កម្រិត​បំណុល​អតិបរមា​ចេញ​ម្ដងម្កាល​រហូត​ដល់​កាល​បរិច្ឆេទ​ជាក់​លាក់​ណាមួយ។

សភា​អាមេរិក​តែងតែ​បង្កើន​កម្រិត​បំណុល​អតិបរមា​ឬ​ដក​ចេញ​ទាំងស្រុង​នូវ​កម្រិត​បំណុល​អតិបរមា​នេះ​មួយ​រយៈ ដើម្បី​ការពារ​កុំ​ឲ្យ​សហរដ្ឋ​អាមេរិក​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន ដោយ​បញ្ចៀស​មិន​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់៕

XS
SM
MD
LG