ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អាមេរិក ប្រគល់​រូប​បដិមា​បុរាណ​ចំនួន​២៧ ជូន​កម្ពុជា​វិញ

ពិធី​ប្រគល់​វត្ថុសិល្បៈ​បុរាណ​ខ្មែរ​មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ នៅ​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Manhattan រដ្ឋ New York សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក)

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ បាន​ប្រគល់វត្ថុ​បដិមា​បុរាណ​ខ្មែរ​ចំនួន​២៧ ​ជូន​កម្ពុជា​វិញ ក្នុង​អ្វី​ដែល​ភាគី​ទាំង​ពីរ​និយាយ​ថា ​ជា​ការ​ប្រយុទ្ធ​នឹង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​ខុស​ច្បាប់។

វត្ថុ​សិល្បៈ​ទាំង​២៧​រូប ​រួម​មានបដិមាករ​សម័យ​អង្គរ​ដែល​ឆ្លាក់​ប្រតិស្ឋ​ឡើង​តាម​ជំនឿ​ព្រះ​ពុទ្ធសាសនា និង​ព្រហ្មញ្ញ​សាសនា ដូចជា​ព្រះ​ពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរិទ្ធ ព្រះ​ឥសូរ​ធ្វើ​ពី​ថ្ម​ភក់ និង​ព្រះនាង​ប្រាជ្ញា​បារមិតា​ធ្វើ​ពី​ថ្ម​ភក់​ជា​ដើម។

ពិធី​ប្រគល់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Manhattan នៃ​រដ្ឋ New York សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ចូលរួម​ពី​ឯកអគ្គរាជទូត​កម្ពុជា លោក ជុំ សុន្ទរី និង​លោក​រដ្ឋ​អាជ្ញា Cyrus Vance Jr.។

បើ​តាម​ការិយាល័យ​រដ្ឋ​អាជ្ញា​សង្កាត់ Manhattan ក្នុង​ចំណោម​បដិមា​បុរាណ​ទាំង​នោះ ​មាន​២៤​រូប​ជា​ការ​រឹប​អូស​ពី​ជនល្មើស​ជា​ឈ្មួញ​ជួញ​ដូរ​វត្ថុ​សិល្បៈ​ឈ្មោះ Subhash Kapoor ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ឥណ្ឌា និង​មាន​៣​រូប​ជា​ការ​រឹប​អូស​ពី​ឈ្មួញ​ជួញ​ដូរ​វត្ថុ​សិល្បៈឈ្មោះ Nancy Wiener។

អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​កម្ពុជា បាន​ថ្លែង​សារ​ពី​ចម្ងាយ​អំឡុង​ពិធី​ប្រគល់​នោះ​ថា «ទោះ​ជា​ក្នុង​ស្ថានភាព​លំបាក​នៃ​ការ​រាល​ដាល​ជំងឺ​កូវីដ-១៩​ក្ដី ក៏​ប្រជាជាតិ​កម្ពុជា ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ក្នុងការ​ស្វែង​រក​ត្រឡប់​មក​វិញ​នៃ​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុ​ភូមិ​កំណើត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ នា​សម័យ​សង្គ្រាម»។

ពិធី​ប្រគល់​វត្ថុសិល្បៈ​បុរាណ​ខ្មែរ​មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ នៅ​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Manhattan រដ្ឋ New York សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក)
ពិធី​ប្រគល់​វត្ថុសិល្បៈ​បុរាណ​ខ្មែរ​មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ នៅ​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Manhattan រដ្ឋ New York សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក)

នៅ​លើ​ទីផ្សារ​វត្ថុបុរាណ​ខុស​ច្បាប់​ដ៏​សកម្ម​ក្នុង​ក្រុង New York វត្ថុ​បុរាណ​ទាំង​២៧​រូប​នេះ មាន​តម្លៃ​ទីផ្សារសរុប​ប្រមាណ ៣,៨ លាន​ដុល្លារ តែ​លោក Peter C. Fitzhugh ភ្នាក់ងារ​ស៊ើប​អង្កេត​ពិសេស​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា៖

«វត្ថុ​សិល្បៈ​ទាំង​នេះ​ មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ទេក្នុង​ការ​រក្សា​អភិរក្ស​ប្រវត្តិសាស្ត្រប្រទេស​កម្ពុជា»។

លោក ហាប់ ទូច រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ បាន​ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល​កម្ពុជា​ កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​«មួយ»​ដើម្បី​រក្សា​ទុក និង​ដឹក​ជញ្ជូន​រូប​បដិមា​ទាំង​នោះ​មក​កម្ពុជា​វិញ។

«ចំពោះ​ពេល​វេលា យើង​មិន​ទាន់​កំណត់​ជាក់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​សារ​គេ​នៅ​ដំណើរ​ការរៀប​ចំ​ឯកសារ​មួយ​ចំនួន ប៉ុន្តែ​រូប​នេះ​វេច​ខ្ចប់​ហើយ គេ​នឹង​រក្សា​នៅ​ក្នុង​ឃ្លាំង​សុវត្ថិភាព​មួយ​សិន ហើយ​នឹង​រៀប​ចំ​ដំណើរ​នីតិវិធី រៀបចំ​ឯកសារ​ផ្សេងៗ​សម្រាប់​ការ​ដឹកជញ្ជូន​ត្រឡប់​មក​វិញ»។

មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ ជឿ​ថា​ មាន​វត្ថុ​បុរាណ​ខ្មែរ​«ច្រើន​ណាស់»​ ដែល​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​បុរាណ​នានា​ក្នុង​ទឹកដី​កម្ពុជា ទៅ​លក់​នៅ​ទីផ្សារ​វត្ថុបុរាណ​អន្តរជាតិ​ដោយ​ខុស​ច្បាប់ ​ក្នុង​ពេល​ប្រទេស​មួយ​នេះ​ជាប់​ដៃ​ក្នុង​សង្គ្រាម​ស៊ីវិល និង​បញ្ហា​ហិង្សា​ចលាចល​នយោបាយ​ក្នុង​ស្រុក។

កាល​ពី​ខែ​មករា ក្រុម​គ្រួសារ​លោក Douglas Latchford អ្នក​ប្រមូល​វត្ថុបុរាណ​ជា​លក្ខណៈ​ឯកជន​ និង​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​«រត់ពន្ធ»​វត្ថុ​សិល្បៈ​ដែល​ត្រូវ​បាន​លួច​ពី​ប្រទេស​ម្ចាស់​ដើម​ផងដែរ​នោះ បាន​ព្រម​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ប្រមាណ​ជាងមួយ​រយ​រូប​មក​ឱ្យ​កម្ពុជា​វិញ។

តែ​លោក ហាប់ ទូច បាន​ប្រាប់​វីអូអេ​ថា មក​ទល់​នឹង​ខែ​មិថុនា​នេះ វត្ថុ​បុរាណ​ពី​គ្រួសារ Latchford ដែល​ដំបូង​គ្រោង​បញ្ជូន​ក្នុង​វគ្គ​ទី១​ ​មាន​៥​រូប​ថា ​មក​ដល់​ខែ​មីនា ត្រូវ​ពន្យារ​ពេលដោយ​បញ្ហា​រំខាននៃ​វិបត្តិ​កូវីដ​១៩​ទូទាំង​សកល​លោក ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន។ យ៉ាងណា​ក្ដី​លោក​ថា ជាមួយ​នឹង​ការ​ប្រែប្រួល​ថ្មី វត្ថុ​សិល្បៈ​មួយ​វគ្គ​ដំបូង​នោះ​ ត្រូវ​រំពឹង​ថា​ នឹង​មក​ដល់​កម្ពុជា​នៅ​ខែ​កក្កដា​ខាង​មុខ៕

XS
SM
MD
LG