អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បានបញ្ជាក់ថា សហរដ្ឋអាមេរិក «មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនការចាប់ខ្លួន ការយាយី និងការគំរាមកំហែងលើសមាជិកបក្សប្រឆាំងនៅកម្ពុជា និងចំពោះការប្រឹងប្រែងនៅក្នុងការរារាំងការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញរបស់ពលរដ្ឋកម្ពុជាដែលចង់ចូលរួមដោយសន្តិវិធីនៅក្នុងដំណើរការនយោបាយ»។
អ្នកនាំពាក្យស្ថានទូតបានបន្ថែមថា៖ «សកម្មភាពទាំងនេះតំណាងឲ្យការបង្កើនការគាបសង្កត់លើគណបក្សប្រឆាំង»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ កន្លងមកបានសន្យាថានឹងវិលត្រឡប់ទៅកាន់ប្រទេសវិញនៅថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកបានអះអាងថា លោកមិនត្រូវបានគេអនុញ្ញាតឲ្យឡើងជិះយន្តហោះ Thai Airways ពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក។
នៅក្នុងប្រទេសកម្ពុជា យ៉ាងហោចណាស់ សកម្មជនគណបក្សគណបក្សប្រឆាំងយ៉ាងតិច ៤៨ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំនេះ តាំងពីលោក សម រង្ស៊ី បានប្រកាសពីគម្រោងនៅក្នុងការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញមក៕