អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការដាក់សម្ពាធលើរដ្ឋាភិបាលនៃបណ្ដាប្រទេសជិតខាងរបស់ខ្លួន ក្នុងការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋកម្ពុជា រួមទាំងមន្ត្រីបក្សប្រឆាំង។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ។
សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយ បានប្រកាសពន្យារពេលផែនការនៃការវិលត្រឡប់របស់លោកចូលទៅក្នុងប្រទេសកម្ពុជាវិញ តាមច្រកប៉ោយប៉ែតជាប់ព្រំប្រទេសកម្ពុជា-ថៃ ដោយសារលោកអះអាងថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ (Thai Airways) មិនអនុញ្ញាតឱ្យលោកឡើងជិះយន្តហោះ ដែលលោកគ្រោងនឹងជិះពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនបានរាយការណ៍ថា បានបដិសេធសំណើរបស់លោក សម រង្ស៊ី ក្រោយពីអតីតប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជារូបនេះ បានស្នើសុំការអនុញ្ញាតឆ្លងកាត់ប្រទេសថៃ ដើម្បីធ្វើដំណើរមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសកម្ពុជាវិញ ក្រោយពីលោកបានរស់នៅនិរទេសខ្លួនក្នុងទីក្រុងប៉ារីស ប្រទេសបារាំង អស់រយៈពេល៤ឆ្នាំ។
កាលពីយប់ថ្ងៃពុធ អាជ្ញាធរម៉ាឡេស៊ី ក៏បានឃាត់ខ្លួនអនុប្រធានម្នាក់នៃអតីតគណបក្សសង្គ្រោះជាតិ គឺអ្នកស្រី មូរ សុខហួរ នៅឯព្រលានយន្តហោះក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ក្រោយពីអ្នកស្រីបានធ្វើដំណើរចេញពីប្រទេសឥណ្ឌូនេស៊ី ជាទីដែលអ្នកស្រីបានធ្វើសន្និសីទកាសែតអំពីស្ថានភាពបច្ចុប្បន្ននៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយត្រូវបានរំខានដោយឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីគឺលោក ហោ ណាំបូរ៉ា។ ប៉ុន្តែ ក្រោយមក អ្នកស្រីត្រូវបានដោះលែងនិងអនុញ្ញាតឱ្យចូលក្នុងប្រទេសម៉ាឡេស៊ីវិញ។
លោក Nicholas Bequelin នាយកអង្គការ Amnesty International ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ មានរលកនៃការធ្វើទុក្ខបុកម្នេញ និងការសម្លុតឥតអៀនខ្មាសទៅលើពលរដ្ឋកម្ពុជានៅទូទាំងតំបន់។ វាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលរដ្ឋាភិបាល ហ៊ុន សែន កំពុងព្យាយាមសហការជាមួយប្រទេសជិតខាងក្នុងតំបន់ ដើម្បីឃុបឃិតគ្នាធ្វើអំពើបំពានដោយឥតខ្មាសអៀនបែបនេះ»។
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានគ្រោងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីជួបជុំគ្នានិងកៀរគរអ្នកគាំទ្ររបស់ខ្លួននៅទីនោះ មុននឹងឆ្លងចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលត្រូវចំថ្ងៃបុណ្យឯករាជ្យរបស់កម្ពុជា ដើម្បីអ្វីមួយដែលគណបក្សប្រឆាំងហៅថា ជាការទាមទារលទ្ធិប្រជាធិបតេយ្យមកឱ្យពលរដ្ឋកម្ពុជាវិញ។
ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា ចាត់ទុកការវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់នៃបក្សប្រឆាំងថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕