លោកហ៊ុន សែនមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានចំអកខ្លាំងៗលើអតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីថាជាមនុស្សកំសាកមិនហ៊ានចូលស្រុក និងបានគំរាមចាប់ខ្លួនក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរូបណាដែលត្រៀមខ្លួនទៅទទួលស្វាគមន៍មាតុភូមិនិវត្តន៍លោកសម រង្ស៊ីនៅថ្ងៃទី៩ ខែវិច្ឆិកា។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងដូច្នេះក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩ ដល់២០២៣។
«ថ្ងៃទីប្រាំបួន អាមួយហ្នឹង វានៅឯប៉ារីសណោះ។ រឿងអីវាមកចាប់ហ៊ុន សែននៅនេះ»។
លោកហ៊ុន សែន បានព្រមានចាប់ខ្លួនក្រុមអ្នកគំាទ្រគណបក្សប្រឆាំងបន្ថែមទៀតប្រសិនបើពួកគេ បន្តចូលដៃធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលជាមួយលោកសម រង្ស៊ីនោះ។
«អ្នកណាចូលដៃ អ្នកហ្នឹងត្រូវមានទោស និយាយគ្នាឲ្យច្បាស់ ចេញសារភាពឲ្យត្រង់ៗមក ចេញសារភាពច្រើនណាស់ក្នុងប៉ុន្មានថ្ងៃនេះ។ ហើយបើចេញទេ តាមជាប់ទីណា គឺចាប់តាហ្នឹងតែម្តង»។
ក្រៅពីការព្រមានក្រុមអ្នកគំាទ្រគណបក្សប្រឆាំងឲ្យចេញសារភាពនូវទោសកំហុសដែលលោកមិនបានបញ្ជាក់ លោកហ៊ុន សែន ក៏បានបរិហារពាក្យ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ថា បានរួមចំណែកដល់ការបង្កឲ្យមានសោកនាដកម្មលើប្រទេសកម្ពុជាកាលពីអតីតកាល។
«ដោយសារតែអាពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បន្ទាប់មកគឺផ្តួលរំលំ ដែលធ្វើឲ្យប្រជាជនកម្ពុជា ស្លាប់រាប់លាននាក់ ឥឡូវយើងខ្ញុំ មិនអាចជឿទៅលើអ្វី ដែលជាពាក្យគ្រាន់តែនិយាយ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ»។
លោកហ៊ុន សែន លើកឡើងទៀតថា លោកនឹងមិនអត់ឱនឲ្យលោកសម រង្ស៊ីទេ។ លោកចោទ លោកសម រង្ស៊ីថា បានគំរាមចាប់ខ្លួនលោកនិងថែមទាំងបានប្រមាថព្រះមហាក្សត្រផងដែរ។
លោកសម រង្ស៊ី បានប្រកាសជាច្រើនដងថា លោកនឹងធ្វើដំណើរវិលត្រឡប់ទៅកាន់កម្ពុជាវិញជាមួយក្រុមគាំទ្ររបស់លោក នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកក៏បានកៀរគរការគាំទ្រពីសហគមន៍អន្តជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យក្រុមមេដឹកនាំគណបក្សប្រឆាំងបានចូលកម្ពុជា និងបន្តសកម្មភាពនយោបាយឡើងវិញ។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានថ្លែងក្នុងសេចក្តីប្រកាសចេញនៅថ្ងៃនេះថា៖
«រដ្ឋាភិបាលគួរតែបញ្ឈប់ភ្លាមៗយុទ្ធនាការគំរាមកំហែងប្រឆាំងនឹងគណបក្សប្រឆាំង ទម្លាក់ចោលរាល់បទចោទប្រកាន់ដែលមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយដោះលែងអ្នកដែលត្រូវបានគេឃុំខ្លួនដោយគ្មានទោសកំហុសនោះ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានកត់សម្គាល់ថា ចាប់តាំងពីលោកសម រង្ស៊ីប្រកាសមាតុភូមិនិវត្តន៍របស់លោកនោះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៩២នាក់ ក្រោមបទចោទជាច្រើន រួមមានផែនការប្រឆាំងរដ្ឋអំណាចការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងការមិនគោរពតាមសេចក្តីសម្រេចតុលាការ។
អង្គការសិទ្ធិមនុស្សនេះបញ្ជាក់ទៀតថា អាជ្ញាធរបានឃុំខ្លួន៤៥នាក់ ក្នុងចំណោមសកម្មជនដែលជាប់សង្ស័យទាំងនោះ។ អាជ្ញាធរកម្ពុជាក៏បានបង្ខំឲ្យសមាជិកបក្សប្រឆាំង១៤៣នាក់ចូលសារភាព ហើយឲ្យពួកគេថ្កោលទោសគណបក្សប្រឆាំងដើម្បីបញ្ជៀសការចាប់ខ្លួន ក្រោមបទចោទ រៀបចំគម្រោងរដ្ឋប្រហារ។
លោក សម រង្ស៊ី ដែលនិរទេសខ្លួនឯងរយៈពេលបួនឆ្នាំនៅប្រទេសបារាំង ដើម្បីគេចពីការចាប់ខ្លួនក្រោមបទឧក្រិដ្ឋជាច្រើន បាននិយាយថាផែនការធ្វើមាតុភូមិនិវត្តន៍របស់លោកនៅថ្ងៃសៅរ៍នេះ នឹងនាំឲ្យមានចលនារើបម្រាស់ដ៏ធំមួយពីសំណាក់ប្រជាជនដោយអហិង្សា ដើម្បីបង្ខំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃ កាលពីម្សិលមិញបានប្រកាសថាលោកសម រង្ស៊ី ប្រហែលជានឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយលើទឹកដីរបស់ខ្លួនឡើយ។
ការប្រកាសរបស់រដ្ឋាភិបាលថៃ កើតមានឡើង ក្រោយរដ្ឋាភិបាលកម្ពុជាបានសរសេរលិខិតទៅបណ្តាប្រទេសជាសមាជិកអាស៊ាន ស្នើកុំអនុញ្ញាតឲ្យលោក សម រង្ស៊ីនិងបក្ខពួកឆ្លងកាត់ប្រទេសទាំងនោះ ដើម្បីចូលមកកម្ពុជា៕