ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​សម្រួល​ដល់​មាតុភូមិនិវត្តន៍​របស់​បក្ស​ប្រឆាំង


លោក Ed Markey សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត ថ្លែងនៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
លោក Ed Markey សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត ថ្លែងនៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

បន្ទាប់​ពី​មាន​ការ​រារាំង​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ពួកគេ​ដើម្បី​ឆ្ពោះ​មក​កាន់​កម្ពុជា​វិញ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​នាក់ ​ រួម​មាន​លោក Ed Markey និង​លោក Dick Durbin បាន​ស្នើ​ឲ្យ​មានសេចក្តី​សម្រេច​ទ្វេ​បក្ស​នៅ​សភា​អាមេរិក ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មេដឹកនាំ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ «សន្តិវិធី‍»។

នេះបើ​យោង​តាម​បណ្តាញ Twitter របស់​លោក Ed Markey សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត ដែល​វីអូអេ​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

សមាជិកព្រឹទ្ធសភាជើងចាស់រូបនេះ បានសរសេរនៅលើគណនី Twitter របស់លោកថា៖ «លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្សនៅកម្ពុជា​‍។ ហើយឥឡូវនេះ លោកកំពុងតែ​រារាំងមិនឲ្យមេដឹកនាំគណបក្ស​សង្គ្រោះជាតិ​វិលត្រឡប់ចូលកម្ពុជាវិញនៅថ្ងៃសៅរ៍នេះ។ ពួកគេ [មេដឹកនាំបក្សប្រឆាំង] ត្រូវតែបានអនុញ្ញាតឲ្យ​ចូល​ប្រទេសវិញដោយសន្តិវិធី។ ខ្ញុំទើបតែស្នើសុំឲ្យ​មាន​សេចក្តីសម្រេចទ្វេបក្សមួយ ដើម្បី​ឲ្យ​លោក [ហ៊ុន សែន] បានដឹងថា យើងកំពុង​ឃ្លាំមើល​»។

​ខ្លឹម​សារ​នៃ​សេចក្តី​ស្នើ​សុំ​ ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​ Twitter របស់​លោក Ed Markey បានរៀបរាប់ថា៖ «ព្រឹទ្ធសភា​អាមេរិក សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​អ្នក​ទោស​នយោបាយ និង​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​នានា‍» ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​អាមេរិក​ចង់​បាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​ថា​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ទទួល​បាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នីតិរដ្ឋ សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ និង​ប្រមូល​ផ្តុំ​គ្នា។

ការ​ស្នើ​ឲ្យ​មាន​សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង​តែ​ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ បាន​ប្រកាស​ពន្យារពេល​ផែន​ការ​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ប៉ោយប៉ែត​ជាប់​ព្រំ​ប្រទេស​កម្ពុជា-ថៃ​ ដោយ​សារ​លោក​អះអាង​ថា​ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ (Thai Airways) មិន​អនុញ្ញាត​ឱ្យ​លោក​ឡើង​ជិះ​យន្តហោះ​ ដែល​លោក​គ្រោង​នឹង​ជិះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ។

នៅក្នុង​សេចក្តី​ស្នើ​សុំ​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ទាំង​ពីរ​នាក់​នេះ ដែល​ចុះ​ថ្ងៃ​ព្រហស្បតិ៍​ ទី៧ ខែ​វិច្ឆិកា​នេះ លោក​ទាំងពីរ​បាន​«អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ខុស​ត្រូវ​លើ​សុវត្ថិភាព សុខភាព និង​សុខមាល​ភាព​នៃ​សមាជិក​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​និរទេស​ខ្លួន​ក្រៅ​ប្រទេស និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ឲ្យ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា‍»។

លោក Ed Markey និង​លោក Dick Durbin សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ ក៏​បាន​ «ស្នើ​ឲ្យ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូល​រួម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ​សន្តិវិធី និង​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​នានា ខណៈ​ដែល​ពួកគេ​គ្រោង​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិ‍ញ»។

អ្នក​ទាំង​ពីរ​ក៏​បានកត់​សម្គាល់​ផង​ដែរ​ថា ក្នុង​ករណី​អវត្តមាន​នៃ​ការ​កែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា «ព្រឹទ្ធសភា​អាមេរិក​ទទួល​ស្គាល់​ពី​តម្រូវការ​ចាំ​បាច់​របស់​រដ្ឋាភិបាល​អាមេរិក​ ដែល​ត្រូវ​ចាត់​វិធានការ​បន្ថែម រួម​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ និង​តាម​នីតិប្រតិបត្តិ‍»។

ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​គ្រោង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ ដើម្បី​ជួបជុំ​គ្នា​និង​កៀរគរ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ចូល​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ត្រូវ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​កម្ពុជា ដើម្បី​អ្វី​មួយ​ដែល​គណបក្ស​ប្រឆាំង​ហៅ​ថា​ ជា​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​មក​ឱ្យ​ពលរដ្ឋ​កម្ពុជា​វិញ។

ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​បក្ស​ប្រឆាំង​ថា ​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន៕

XS
SM
MD
LG