ក្រុមហ៊ុនទាំងនេះរួមមាន ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកចំនួនពីរដែលបានរើសបុគ្គលិកស្ត្រីនិងជនភៀសខ្លួនក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងក្នុងប្រទេសអាល្លឺម៉ង់មកចូលធ្វើការ ក្រុមហ៊ុនមួយដែលបានបណ្តុះបណ្តាលអ្នកបង្កើតកម្មវិធីកុំព្យូទ័ររាប់រយនាក់ក្នុងប្រទេសនីហ្សេរីយ៉ានិងប្រទេសកេនយ៉ា ក្រុមហ៊ុនចំនួនពីរដែលបានដំណើរការកម្មវិធីកែច្នៃឡើងវិញក្នុងប្រទេសឈីលីនិងហ្វីលីពីន និងក្រុមហ៊ុនរុករករ៉ែមួយដែលជំរុញឲ្យមានតម្លាភាពក្នុងប្រតិបត្តិការអាជីវកម្មក្នុងប្រទេសប៉េរូ។
កម្មវិធីផ្តល់ពានរង្វាន់នេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ និងបានកត់សម្គាល់អាជីវកម្មទាំងឡាយក្នុងសហរដ្ឋអាមេរិកដែលជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព តម្លៃលទ្ធិប្រជាធិបតេយ្យនិងការអនុវត្តការងារប្រកបដោយសីលធម៌នៅបរទេស។
លោក Antony Blinken អនុរដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់កាលពីថ្ងៃទី៥ ខែមករា នៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ដោយ៩៥ភាគរយនៃអ្នកប្រើប្រាស់ទូទាំងពិភពលោកនៅក្រៅប្រទេសរបស់យើង យើងពិតជាមានមោទនភាពណាស់ចំពោះទង្វើគំរូដែលក្រុមហ៊ុនទាំងនេះកំពុងអនុវត្តនិងការបេ្តជ្ញាចិត្តរបស់ពួកគេក្នុងការបង្ហាញឲ្យឃើញនូវស្តង់ដារខ្ពស់បំផុត ដើម្បីការពារបុគ្គលិក អភិរក្សបរិស្ថាន ជំរុញការច្នៃប្រឌិត និងការពារកម្មសិទ្ធិបញ្ញា»។
ការងារល្អ
ក្នុងចំណោមអ្នកទទួលពានរង្វាន់ក្នុងឆ្នាំនេះ មានក្រុមហ៊ុន Interface ដែលជាក្រុមហ៊ុនមួយមានមូលដ្ឋាននៅទីក្រុង Atlanta។ ក្រុមហ៊ុននេះផលិតកម្រាលព្រំនិងកម្រាលឥដ្ឋដែលអាចកាត់បន្ថយការបំពុលបរិស្ថានសមុទ្រក្នុងតំបន់ឆ្នេរនៅប្រទេសហ្វីលីពីន។
គម្រោង Net-Works ដែលបានដំណើរការដោយក្រុមហ៊ុន Interface «ធ្វើយ៉ាងណាឲ្យប្រជាជនដែលរស់នៅសហគមន៍តាមឆ្នេរសមុទ្រនៅប្រទេសកំពុងអភិវឌ្ឍន៍អាចប្រមូល និងលក់សំណាញ់ចាប់ត្រីធ្វើពីនីឡុងដែលគេឈប់ប្រើប្រាស់ ដែលការធ្វើដូច្នេះគឺជាការដកសំណាញ់ទាំងនោះចេញពីមហាសមុទ្រ ជាទីដែលសំណាញ់ទាំងនោះបានបំផ្លិចបំផ្លាញជីវៈនានាក្នុងសមុទ្រ»។ នេះបើយោងតាមលោកស្រី Erin Meezan នាយកផ្នែកចីរភាពរបស់ក្រុមហ៊ុននេះ។ លោកស្រីបានបន្តថា៖ «សំណាញ់ទាំងនេះត្រូវបានលក់បន្តឲ្យខ្សែសង្វាក់ផ្គត់ផ្គង់សាកល ហើយកែច្នៃទៅជាអំបោះសម្រាប់ធ្វើជាកម្រាលព្រំ»។
ចាប់តាំងពីឆ្នាំ ២០១២ មក គម្រោង Net-works បានប្រមូលសំណាញ់ដែលគេឈប់ប្រើជាង ១០០តោនសម្រាប់ធ្វើការកែច្នៃ ដែលចំនួននេះគ្រប់គ្រាន់សម្រាប់រុំព័ទ្ធជុំវិញផែនដីដល់ទៅ២ដង។
ការធ្វើឲ្យមានឥទ្ធិពល
នៅទ្វីបអាហ្រ្វិក ក្រុមហ៊ុន Andela ដែលជាក្រុមហ៊ុនមួយបណ្តុះបណ្តាលវិស្វករកម្មវិធីកុំព្យូទ័រ បណ្តុះបណ្តាលបានអ្នកបង្កើតកម្មវិធីចំនួន ២៥០នាក់នៅទូទាំងទីក្រុង Lagos នៃប្រទេសនីហ្សេរីយ៉ា និងទីក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា នៅការិយាល័យកណ្តាលនានា និងបានបញ្ជូនអ្នកបង្កើតកម្មវិធីកុំព្យូទ័ររបស់ខ្លួនជាង ១០០នាក់ទៅកាន់ក្រុមហ៊ុនដៃគូ ក្នុងឆ្នាំ២០១៦។
ក្រុមហ៊ុន Andela នេះបានទទូលពានរង្វាន់សម្រាប់សហគ្រាសរបស់ខ្លួនក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ក្រុមហ៊ុន McDonald នៅប្រទេសអាល្លឺម៉ង់ ឬ McDonald's Deutschland ក៏ត្រូវបានទទួលស្គាល់ដែរ ចំពោះការធ្វើសមាហរណកម្មជនភៀសខ្លួនទៅក្នុងសង្គម និងកម្លាំងពលកម្មរបស់អាល្លឺម៉ង់។ ចាប់តាំងពីឆ្នាំ ២០១៥ មក ក្រុមហ៊ុន McDonald បានជួលបុគ្គលិកជាជនភៀសខ្លួនជាង ៩០០នាក់ឲ្យធ្វើការក្នុងហាង McDonald ចំនួន ១៥០០ កន្លែងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុននេះក៏បានចាប់ដៃជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការផ្តល់វគ្គសិក្សាភាសាចំនួន ២០.០០០វគ្គសម្រាប់ជនភៀសខ្លួន៕
កម្មវិធីផ្តល់ពានរង្វាន់នេះ ត្រូវបានដឹកនាំដោយការិយាល័យផ្នែកសេដ្ឋកិច្ច និងកិច្ចការពាណិជ្ជកម្មរបស់ក្រសួងការបរទេសអាមេរិក៕
ប្រែសម្រួលដោយ ទុំ ម្លិះ