ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដី​ភក់​តាម​តំបន់​ឆ្នេរ​ជា​អាង​ស្តុក​ឧស្ម័ន​កាបូន​ដ៏​ល្អ និង​អាច​ជួយ​ដោះស្រាយ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ


នេះ​ជា​រូប​បង្ហាញ​ពី​របៀប​ដែល​ដី​ភក់​នៅ​តាម​តំបន់​ឆ្នេរ​អាច​ក្លាយ​ជា​អាង​ស្តុក​កាបូន។
នេះ​ជា​រូប​បង្ហាញ​ពី​របៀប​ដែល​ដី​ភក់​នៅ​តាម​តំបន់​ឆ្នេរ​អាច​ក្លាយ​ជា​អាង​ស្តុក​កាបូន។

នៅ​ពេល​គេ​និយាយ​ពី​បម្រែបម្រួល​អាកាសធាតុ​ គេ​តែង​លើក​ឡើង​ពី​របៀប​ជាច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

ដំណោះស្រាយ​មួយ​ដែល​មាន​អាទិភាព​នា​ពេល​ថ្មីៗ​នេះ​ គឺ​មធ្យោបាយ​តាមបែប​«វិស្វកម្ម» ពោល​ គឺ​ថាមនុស្ស​អាច​ «ដោះស្រាយ» បញ្ហា​បាន​តាមរយៈ​បច្ចេកវិទ្យា ជា​ជាង​ការ​ទម្លាក់​កំហុស​លើ​មនុស្ស​ជាតិ និង​ក្រុម​ឧស្សាហកម្ម​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ទៅ​ក្នុង​បរិយាកាស។

ការ​គាំទ្រ​បច្ចេកវិទ្យា​ថាមពល​មិន​ប៉ះពាល់​បរិស្ថាន និង​ការ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ទាំង​នោះ​មាន​តម្លៃ​ថោក​ និង​សម្បូរ​ដូចគ្នា​នឹង​ឥន្ធនៈ​ហ្វូស៊ីល​ដែរ​នោះ គឺ​ជា​វិធី​មួយ​ក្នុង​ការ​កំណត់​មាគ៌ា​របស់​យើង​តាម​បែប​វិស្វកម្ម​ដើម្បី​គេច​ផុត​ពី​បញ្ហា​នេះ។

ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា ការ​ការពារ​ និង​ការ​បង្កើត​ដី​ភក់​នៅ​តាម​តំបន់​ឆ្នេរ​ជាថ្មី ជា​វិធី​មួយ​ទៀត​អាច​កំចាត់​ឧស្ម័ន​កាបូន​ចេញ​ពី​បរិយាកាស​បាន។

តំបន់ដីភក់​ដូចជា​អាងផ្ទុក​ឧស្ម័ន​កាបូន

ការ​សិក្សា​ថ្មីនេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Maryland ដោយ​មាន​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ NOAA និង​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Frontiers in Ecology and the Environment។ គោលបំណង​នៃ​ការ​សិក្សា​នេះ គឺ​ស្វែង​រក​តំបន់​ដែល​ផ្ទុក​ឧស្ម័ន​ «កាបូន​ពណ៌​ខៀវ» ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ កាបូន​ពណ៌​ខៀវ​ គឺ​ជា​ឧស្ម័ន​ម្យ៉ាង​ដែល​អ្នក​វិទ្យាសាស្រ្ត​ហៅ​ថា កាបូន​ឌីអុកស៊ីត​ ត្រូវ​បរិយាកាស​ស្រូបយក​ និង​មាន​ស្តុកទុក​ក្នុង​មហា​សមុទ្រ និងតាម​ឆ្នេរ​នានា​របស់​ពិភពលោក។ ​

VOA បាន​សម្ភាសន៍​ជាមួយ​នឹង​ប្រធាន​ក្រុម​អ្នក​និពន្ធ គឺ​លោកស្រី Ariana Sutton-Grier ដែល​ជា​អ្នក​ជំនាញ​ផ្នែក​អេកូឡូស៊ី​នៅ​សាកលវិទ្យាល័យ Maryland អំពី​ការ​សិក្សា​ស្រាវជ្រាវ​នេះ។ លោកស្រី​និយាយ​ថា ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​ទាំង​អស់​ គឺ​ថា​ពិភព​ធម្មជាតិ​របស់​យើង​បាន​អនុវត្ត​វិធីសាស្រ្ត​ដ៏មាន​ប្រសិទ្ធភាព​មួយ​ចំនួន ​ដើម្បី​ទប់ទល់​នឹង​ចំនួន​ដ៏​លើសលប់​នៃ​ឧស្ម័ន​កាបូន​រូចជា​ស្រេច។ លោកស្រី​បាន​និយាយ​ថា «ដី​ភក់​នៅ​តាម​តំបន់​ឆ្នេរ​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ល្អ​មួយ​នៅ​លើ​ផែនដី ហើយ​ដី​ភក់​ទាំង​នេះ​ស្តុក​ឧស្ម័ន​កាបូន​យ៉ាង​ច្រើន​នៅ​ក្រោម​ដី»។

តើ​តំបន់​ដី​ភក់​ទាំង​នោះ​មាន​ស្តុក​ឧស្ម័ន​កាបូន​កម្រិត​ណា? របាយ​ការណ៍​នៃ​ការ​សិក្សា​នេះ បាន​បញ្ជាក់​ថា​ «ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា ព្រៃ​កោងកាង​នៅ​សហរដ្ឋ​អាមេរិក​ស្រូប​យក និង​ស្តុក​ឧស្ម័ន​កាបូន​ដល់​ទៅ​៣៤តោន​ជា​រៀងរាល់​ឆ្នាំ ដែល​ចំនួន​នេះ​ស្មើ​ទៅ​នឹង​ឧស្ម័ន​កាបូន​ដែល​បញ្ចេញ​ពី​រថយន្ត​ប្រមាណ​ជា​២៤លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ»។

នេះ​ជា​ចំនួន​នៅ​ក្នុង​តែ​សហរដ្ឋ​អាមេរិកមួយ​ប៉ុណ្ណោះ ចុះ​ចំណែក​ចំនួន​ទាំងអស់​នៅ​ក្នុង​ពិភពលោក​វិញ? ដោយ​បូក​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង ក្រុម​អ្នក​ស្រាវជ្រាវ​ប៉ាន់ស្មាន​ថា «នៅ​ក្នុង​ពិភពលោក ដី​ភក់​នៅ​តាម​តំបន់​ឆ្នេរ​បាន​ស្រូប​យក និង​ស្តុក​ទុក​ឧស្ម័ន​កាបូន​ច្រើន​ជាង​២០០តោន ជា​រៀងរាល់​ឆ្នាំ»។​

នេះ​ជា​ចំនួន​ដ៏​ច្រើន ហើយ​លោកស្រី Grier បាន​ទទួល​ស្គាល់​ថា វា​មិន​ទាន់​គ្រប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទេ។ លោក​ស្រី​និយាយ​ថា «ចំនួន​នេះ​មិន​ទាន់​គ្រប់គ្រាន់​ដែល​អាច​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នោះបាន​ទេ។ មិន​ទាន់មាន​វិធីសាស្រ្ត​ណា​មួយ​អាច​កំចាត់​បញ្ហា​នេះ​ឲ្យ​អស់​នោះ​ទេ។ ការ​បញ្ចេញ​ឧស្ម័ន​របស់​មនុស្ស​មាន​ចំនួន​ច្រើន​ជាង​ការ​ស្រូប​យក​ឧស្ម័ន​របស់​ធម្មជាតិ ប៉ុន្តែ​ បើ​មាន​បញ្ហា​ធំ​ដូច្នេះ យើង​ត្រូវ​រួម​គ្នា​ស្វែងរក​ដំណោះស្រាយ​នានា​ដើម្បី​កាត់​បន្ថយ និង​ទប់ទល់​នឹង​ការ​បញ្ចេញ​ឧស្ម័ន​នេះ»។

ដើម្បី​ឲ្យ​ដឹង​ថា​វា​ជា​បញ្ហា​ធំ​កម្រិត​ណា លោកស្រី​បាន​លើក​ឡើង​ថា មាន​ការ​ប៉ាន់ស្មាន​ជាច្រើន ​ដែល​ថាមនុស្សជាតិ​បាន​បញ្ចេញ​ឧស្ម័ន​កាបូន​ប្រមាណ​ជា​៣៦ពាន់លាន​តោន​ជា​រៀងរាល់​ឆ្នាំ​ទៅ​ក្នុង​បរិយាកាស។​

ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ យើង​ត្រូវ​ការពារ និង​ប្រហែល​ជាត្រូវចាប់​ផ្តើម​ស្តារ​តំបន់​ឆ្នេរ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សកម្មភាព​នានា​ និង​ការ​កើន​ឡើង​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។

ការ​ការពារ និង​ការ​បង្កើត​ដីភក់​ជាថ្មី​

វា​មិន​មែន​ជា​ការងារ​ស្រួល​នោះ​ទេ ហើយវា​ត្រូវ​ការ​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ការពារ និងបង្កើត​ដីភក់​ជាថ្មី។ យើង​គួរ​តែ​ក្រឡេក​មើល​ច្បាប់​ស្តី​ពី​ផែនការ ការ​ការពារ និង​ការស្តារ​ដី​ភក់​តំបន់​ឆ្នេរ​ ឬ​ជា​ភាសា​អង់គ្លេស​ថា Coastal Wetlands, Planning, Protection and Restoration Act (CWPPRA) ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អាមេរិក​កាលពី​ឆ្នាំ១៩៩០ ធ្វើជា​ឧទាហរណ៍។ ​ ច្បាប់​នេះ​ត្រូវ​បាន​អនុម័តអស់​រយៈពេល​២៦ឆ្នាំ​មក​ហើយ ដែល​ក្នុង​នោះ មាន​គម្រោង​ជាង​២០០​ ត្រូវ​បាន​អនុវត្ត​ទៅ​លើ​ដី​ភក់​តំបន់​ឆ្នេរ​ជាង​៤០០ពាន់​ហិចតា​នៅ​ក្នុង​រដ្ឋ Louisiana។ ថវិកា​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ គឺ​មាន​ចំនួន​ពី​៣០ ទៅ​៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ហើយ​ក៏​ត្រូវ​ចំណាយ​ពេល​ច្រើន​ដែរ ប៉ុន្តែ​លោកស្រី Grier និយាយ​ថា តម្លៃ​របស់​វាថ្លៃ​ដូចជា​មាស​ដូច្នោះ​ដែរ។ លោកស្រី​បន្ត​ថា «ប្រសិន​បើ​ពិភពលោក​វិនិយោគ​លើ​ការ​ស្តារ​តំបន់​ឆ្នេរ​ក្នុង​ទ្រង់ទ្រាយ​ធំ នោះ​ប្រព័ន្ធ​ស្រូប​យក​ឧស្ម័ន​កាបូន​នេះ​នឹង​ក្លាយ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ»។

ប៉ុន្តែ​វា​មិន​មែន​ត្រឹម​តែ​ជា​ការ​ស្តារ​ឡើង​វិញ​ប៉ុណ្ណោះ​ទេ។ លោកស្រី​ Grier និយាយ​ថា កាលពី​២៥០ឆ្នាំ​មុន សហរដ្ឋ​អាមេរិក​បាន​បាត់​បង់​ដី​ភក់​ជាង​ពាក់​កណ្តាល។ ហើយ​បើ​គិត​នៅ​ទូទាំង​ពិភពលោក យើង​កំពុង​បាត់បង់​ដី​ភក់​ប្រមាណ​ពី​០,៧% ទៅ​៣%​ក្នុង​មួយ​ឆ្នាំៗ»។

វា​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ព្យុះ និង​ទឹក​ជំនន់​នោះ​ទេ ប៉ុន្តែវា​ក៏​ធ្វើ​ឲ្យ​ជាតិ​កាបូន​ដែល​ស្តុក​នោះ​សាយភាយ​ទៅ​ក្នុង​បរិយាកាស​ផង​ដែរ។ លោកស្រី​ Grier ហៅ​ថា​ការណ៍​នេះ​ថា ជា​ស្ថានភាព​ដែល​អាក្រក់​បំផុត។ លោកស្រី​ថ្លែង​បន្ត​ថា​ថា «ការ​បំផ្លិច​បំផ្លាញ​ ឬការ​បន្ថយ​គុណភាព​ដី​ភក់​ គឺ​មនុស្ស​បូម​ទឹក​ចេញ​ពី​តំបន់​នោះ​ ហើយ​ឧស្ម័ន​អុកស៊ីសែន​ដែល​មាន​ក្នុង​បរិយាកាស​ស្រាប់​នឹង​សំយោគ​ជាមួយ​ឧស្ម័នកាបូន​ដែល​ហើរ​ចេញ​ពី​ដី​ភក់​នោះ​ បង្កើត​បាន​ជា​ឧស្ម័ន​កាបូនិក​ ដូច្នេះ​យើង​នឹង​បាត់បង់​អាង​ស្តុក​កាបូន ហើយ​អាង​ធម្មជាតិ​សម្រាប់​ស្តុក​ទុក​កាបូន​ក្លាយ​ទៅ​ជា​ការ​បញ្ចេញ​ឧស្ម័ន​ដែល​បង្ក​ឡើង​ដោយ​មនុស្ស»។

សំណួរ​ដែល​ត្រូវ​ចោទ​សួរ​ គឺ​ថាតើ​មិន​មាន​វិធី​ណាផ្សេងទៀត ដែល​មាន​តម្លៃ​ថោក​ជាង​នេះ​ ដើម្បី​ជួយ​សង្រ្គោះ​អាង​ស្តុក​ទុក​កាបូន​នេះ​ឬ​ទេ​ ដូចជា​ព្រៃ Amazon ​ជាដើម? លោកស្រី​ Grier ​ថា មាន​ដំណោះ​ស្រាយ​ច្រើន​ជាង​នេះ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជា្រវ​ «ជឿ​ថា អាង​ស្តុកទុក​កាបូន​អាច​ជា​ អាង​ជីវសាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ស្តុក​កាបូន​នៅ​លើ​ផែនដី»។​

ខណៈ​ដែល​ពិភពលោក​ព្យាយាម​កាត់​បន្ថយ​ការ​សាយភាយ​ឧស្ម័ន​កាបូន​ក្នុង​បរិយាកាស ការ​ស្តារ​ដី​ភក់​អាច​ជា​វិធី​សាស្រ្តដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​សម្រេច​គោលដៅ​នេះ៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG