រដ្ឋាភិបាលកម្ពុជាផ្តើមធ្វើការពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីប្រកាសអន្តរក្រសួងស្តីពី «វិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»។ សេចក្តីប្រកាសនេះនឹងត្រូវចូលជាធរមាននៅក្នុងឆ្នាំ២០១៦នេះ។ មន្ត្រីបរិស្ថាននិយាយថា ការប្រើប្រាស់ថង់ប្លាស្ទិកមានចំនួនច្រើនហួសហេតុនៅក្នុងរាជធានីភ្នំពេញ។
មន្ត្រីនៃក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃពុធនេះថា ការប្រើប្រាស់ថង់ប្លាសិ្ទកនៅរាជធានីភ្នំពេញ មានចំនួនច្រើនលើសលុប ដែលទាមទារឲ្យមានការកំណត់ទំហំថង់ប្លាស្ទិក និងការយកពន្ធលើការនាំចូលថង់ប្លាស្ទិក ដើម្បីកាត់បន្ថយចំនួនថង់ប្លាស្ទិកនៅក្នុងរាជធានីភ្នំពេញ មុននឹងឈានដល់ការកាត់បន្ថយការប្រើប្រាស់ថង់បា្លសិ្ទកនៅតាមបណ្តាខេត្តក្រុងផ្សេងទៀត។
តាមការបញ្ជាក់ពីមន្ត្រីបរិស្ថាន និងអ្នកស្រាវជ្រាវ ដែលបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ក្នុងរាជធានីភ្នំពេញបានប្រើប្រាស់ថង់ផ្លាស្ទិកមិនតិចជាង១០លានថង់ទេក្នុងមួយថ្ងៃៗ។ ចំនួននេះ គឺច្រើនជាងការប្រើប្រាស់នៅក្នុងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសចិន។ ការប្រើប្រាស់ថង់បា្លស្ទិកអាចបង្កហានិភ័យផ្នែកបរិស្ថាន និងធ្វើឲ្យខូចដល់សុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាសត្វ។
លោកហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងម៉ោងសម្រាកនៃសិក្ខាសាលានោះថា រដ្ឋាភិបាលគ្រោងនឹងដាក់វិធានការចំនួនបីដើម្បីកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិកឲ្យបាន៥០ភាគរយនៅឆ្នាំ២០១៩ និងកាត់បន្ថយដល់៧០ភាគរយនៅឆ្នាំ២០២៥ ស្របតាមសេចក្តីប្រកាសព្រាងស្តីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
វិធានទាំងបីនោះគឺទីមួយកំណត់ទំហំថង់ប្លាស្ទិកសម្រាប់នាំចូល ទីពីរដាក់ពន្ធអាករតម្លៃបន្ថែម ១០ភាគរយទៅលើការនាំចូលថង់ប្លាស្ទិក និងទីបី ស្នើឲ្យអ្នកទូទាត់ថ្លៃទំនិញនៅផ្សារទំនើបនានា យកតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិក ថង់បា្លសិ្ទកមួយតម្លៃ៥០០រៀល។
«អញ្ចឹងវិធានការបីនេះ គឺព្រមគ្នាទៅ គឺថា វាកាត់បន្ថយ៥០ភាគរយបាត់ទៅហើយ!»
លោកហេង ណារ៉េតបញ្ជាក់បន្តថា គោលដៅចម្បងនៃការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នេះ គឺការពារបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ។
លោកបន្ថែមថា ថង់ប្លាស្ទិកក៏បង្កផលប៉ះពាល់ដល់ជីវិតសត្វផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងថា សត្វនៅក្នុងទឹក១០ម៉ឺនក្បាលបានស្លាប់ជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក។
ជំពូកទីបួននៃសេចក្តីប្រកាសព្រាងស្តីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលដាក់ឲ្យមានការពិគ្រោះយោបល់នៅថ្ងៃពុធនេះ មានចែងអំពីការកំណត់ទំហំថង់ប្លាស្ទិកសម្រាប់នាំចូល និងការដាក់ពន្ធអាករតម្លៃបន្ថែម។
ប្រការ១៤នៃជំពូកទីបួនចែងថា ការផលិត ការនាំចូល ចែកចាយ និងប្រើប្រាស់ថង់ប្លាស្ទិកស្តើងស្រាល មានកម្រាស់ស្តើងជាង៣០មីក្រុង ឬ០,០៣មីល្លីម៉ែត្រ និង/ឬមានរង្វាស់ទទឹងថង់ផ្នែកបាតខាងក្រោមតូចជាង៣០សង្ទីម៉ែត្រ (ឬ១១,៥អ៊ីង)ត្រូវហាមឃាត់។
ប៉ុន្តែប្រការ១៥នៃជំពូកនេះចែងថា ការនាំចូលប្រភេទថង់ប្លាស្ទិក ដែលមានកម្រាស់លើសពី ៣០មីក្រុងគឺ០,០៣មីល្លីម៉ែត្រ និងមានរង្វាស់ទទឹងថង់ផ្នែកបាតខាងក្រោមធំជាង៣០ សង្ទីម៉ែត្រ (ឬ១១,៥អ៊ីង)ត្រូវកំណត់អាករពិសេស១០ភាគរយ។
វិធានការនេះ ក៏មាននិយាយពីការដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តសកម្មភាពល្មើសផងដែរ ក្នុងនោះមានការដកហូតសម្ភារៈល្មើស និងស្នើសុំបិទទីតាំងអាជីវកម្ម ក្នុងករណីមិនរាងចាលនោះ។
លោកម៉ក់ ប៊ុនធឿន មន្ត្រីគម្រោងនៃអង្គការ ACRA Foundation បានប្រាប់ក្រុមអ្នកចូលរួមនៅក្នុងសិក្ខាសាលាដដែលនោះថា ប្រទេសកម្ពុជាខ្វះទីកន្លែងសម្រាប់កែច្នៃថង់ប្លាស្ទិក ដែលជាហេតុធ្វើឲ្យថង់បា្លស្ទិកដែលប្រើរួចហើយនោះ ត្រូវក្លាយជាសម្រាមទាំងអស់។
«នៅក្នុងស្រុកយើង យើងដោយសារអត់មានហេដ្ឋារចនាសម្ព័ន្ធដើម្បីកែច្នៃថង់ហ្នឹង។ អញ្ចឹងថង់ហ្នឹងគឺថា បន្ទាប់ពីប្រើហើយ ជាសម្រាមសុទ្ធសាធ»។
ដោយមើលឃើញថា ចំនួននៃការប្រើប្រាស់ថង់ប្លាស្ទិកនេះច្រើនហួសហេតុនោះ លោកម៉ក់ ប៊ុនធឿនបានស្នើឲ្យធ្វើសេចក្តីប្រកាសស្តីពីការកាត់បន្ថយការប្រើប្រាស់ថ្លង់បា្លស្ទិកនេះ ផ្តោតលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធកែច្នៃឲ្យបានច្រើន ដើម្បីទប់នឹងកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមទីផ្សារ និងទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រការ១៦ ជំពូកទីបួននៃសេចក្តីព្រាងសេចក្តីប្រកាសស្តីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បានចែងថា ការកែច្នៃសំណល់ថង់បា្លស្ទិកនៅក្នុងស្រុក ដើម្បីផលិតជាសម្ភារៈប្រើប្រាស់ផ្សេងទៀត ត្រូវបានលើកទឹកចិត្តតាមរយៈការផ្តល់ការលើកលែងពន្ធអាករតម្លៃបន្ថែម (VAT)។
ប្រសិនបើប្រកាសដែលរដ្ឋាភិបាលកំពុងព្រាងជាមួយដៃគូអភិវឌ្ឍន៍សម្រាប់ការកាត់បន្ថយការប្រើប្រាស់ថង់បា្លសិ្ទកត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ នោះប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមតែអាចធ្វើទៅបាន តាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញ ឬប្រើប្រាស់សម្ភារៈផ្សេងទៀតជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ដើរទិញទំនិញនៅតាមហាង និងតាមទីផ្សារ។
អ្នកជំនាញក្នុងផ្នែកគីមីសាស្ត្រឲ្យដឹងថា ថង់ប្លាស្ទិកត្រូវបានបង្កើតឡើងពីសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់។ ថង់ប្លាស្ទិកមួយចំនួនផ្ទុកនូវសារជាតិគីមី ដែលអាចបង្កើតជំងឺមហារីក ហើយអាចប៉ះពាល់ដល់សមាសភាពបន្តពូជ និងការលូតលាស់មិនប្រក្រតីរបស់ទារក៕