កំណែទម្រង់ផ្សេងៗកំពុងត្រូវបានធ្វើឡើងនៅតាមសាជីវកម្មប្រេងរបស់រដ្ឋនៅប្រទេសនីហ្សេរីយ៉ា។ សាជីវកម្មប្រេងឥន្ធនៈជាតិនីហ្សេរីយ៉ា (NNPC) មានរឿងអាថ៌កំបាំងយ៉ាងអប្រិយ ដែលត្រូវបានចោទប្រកាន់ថា ពុករលួយ ហើយនាពេលថ្មីៗនេះ មិនមានប្រាក់ចំណេញ។ ក្រុមអ្នកវិភាគនិយាយថា កំណែទម្រង់នោះនឹងមិនមានភាពងាយស្រួលទេ។
សាជីវកម្មប្រេងឥន្ធនៈជាតិនីហ្សេរីយ៉ា (NNPC) គឺជាស្ថាប័នផលិតប្រេងសំខាន់ និងធំជាងគេបំផុតនៅទ្វីបអាហ្វ្រិក។ សាជីវកម្មនេះតំណាងឲ្យភាគហ៊ុនរបស់រដ្ឋាភិបាលនីហ្សេរីយ៉ានៅក្នុងវិស័យប្រេងឥន្ធនៈ។
ប៉ុន្តែសាជីវកម្ម NNPC ធ្លាប់ដិតដាមទៅដោយពាក្យចចាមរ៉ាមអំពីអំពើពុករលួយ ហើយរឿងពុករលួយដែលប្រហែលជាគួរឲ្យកត់សម្គាល់ជាងគេនោះកើតឡើងនៅក្នុងឆ្នាំ២០១៤ នៅពេលដែលអតីតប្រធានធនាគារកណ្តាលមួយរូប បានចោទប្រកាន់ថា សាជីវកម្មនេះខកខានមិនបានបង់ប្រាក់២០ពាន់លានដុល្លារទៅឲ្យរដ្ឋាភិបាល។
របាយការណ៍មួយរបស់អតីតអគ្គនាយកផ្នែកសវនកម្មដែលត្រូវបានចុះផ្សាយកាលពីប៉ុន្មានសប្តាហ៍មុន បានគាំទ្រការអះអាងដូចនោះ ដោយនិយាយថា សាជីវកម្ម NNPC មិនបានផ្តល់ប្រាក់១៦ពាន់លានដុល្លារក្នុងទម្រង់ជាប្រាក់ចំណូលទៅឲ្យរដ្ឋាភិបាលនៅឆ្នាំ២០១៤ទេ។
លោកប្រធានាធិបតី Muhammadu Buhari ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងធ្វើការសើរើសាជីវកម្មប្រេងដ៏ធំមួយនេះ បន្ទាប់ពីលោកឈ្នះក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។ កំណែទម្រង់នោះបានបោះជំហានទៅមុខយ៉ាងធំកាលពីប៉ុន្មានសប្តាហ៍មុន នៅពេលដែលប្រមុខសាជីវកម្ម NNPC បានប្រកាសថា សាជីវកម្មនេះនឹងត្រូវបែងចែកជាប្រាំពីរក្រុមហ៊ុន នេះបើយោងទៅតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុក។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យរបស់សាជីវកម្ម NNPC តែមិនអាចទាក់ទងបានទេ។
សាជីវកម្ម NNPC បានរងការរិះគន់ជាយូរយារណាស់មកហើយថា មានភាពខ្ជះខ្ជាយ ហើយបានបង្ហាញការខាតបង់កាលពីឆ្នាំមុន។ លោក Dauda Garuba មន្រ្តីនៅឯវិទ្យាស្ថានអភិបាលកិច្ចធនធានធម្មជាតិ នីហ្សេរីយ៉ា និយាយថា ការបំបែកសាជីវកម្មនេះនឹងជួយលើកកម្ពស់ទាំងការត្រួតពិនិត្យ និងការរកប្រាក់ចំណូលបន្ថែម។
«នៅពេលដែលសាជីវកម្មនេះត្រូវបានបំបែក នោះអង្គភាពតូចៗនីមួយៗ ដែលចេញមកជាអង្គភាពឯករាជ្យនោះនឹងមានឱកាសនៅក្នុងការធ្វើអាជីវកម្ម ដោយផ្តោតទៅលើការស្វែងរកប្រាក់ចំណេញ»។
ប៉ុន្តែលោក Matthew Page ជាសមាជិកមួយនៃក្រុមប្រឹក្សាទំនាក់ទំនងការបរទេសដែលមានមូលដ្ឋាននៅបូរីញូវយ៉ក មានប្រសាសន៍ថា ការបំបែកសាជីវកម្មនោះ ទំនងជានឹងមិនគ្រប់គ្រាន់ដើម្បីឲ្យពួកគេរកចំណូលបានច្រើនជាងចំណាយនោះទេ។ លោកបានលើកឡើងអំពីកម្មសិទ្ធិរបស់សាជីវកម្ម NNPC ទៅលើរោងចក្រចម្រាញ់ប្រេងចំនួនបួននៅក្នុងប្រទេស ដែលកម្រធ្វើប្រតិបត្តិការ។
«ច្បាស់ណាស់រោងចក្រចម្រាញ់ប្រេងគឺជាបន្ទុកដ៏ធ្ងន់មួយសម្រាប់សាជីវកម្មទាំងមូល។ រោងចក្រចម្រាញ់ប្រេងទាំងនោះពិតជាដាក់សម្ពាធទៅលើសាជីវកម្ម និងជាប្រភពនៃការខាតបង់ហិរញ្ញវត្ថុយ៉ាងច្រើន។ រោងចក្រទាំងនោះមិនដំណើរការ មិនបានផ្តល់ប្រេងឥន្ធនៈចម្រាញ់រួចទៅឲ្យប្រជាជននីហ្ស៊េរីយ៉ាឡើយ»។
លោក Page បានបន្តថា ដើម្បីធ្វើឲ្យសាជីវកម្ម NNPC មានតម្លាភាពខ្លាំងជាងមុន គេត្រឹមតែធ្វើកែទម្រង់រចនាសម្ព័ន្ធទេ គឺត្រូវធ្វើលើសពីនេះ។ សាជីវកម្មនេះមានអំណាចធ្វើនិយ័តកម្មទៅលើឧស្សាហកម្មប្រេង ហើយអាចទិញ និងលក់ផលិតផលប្រេងឥន្ធនៈដោយខ្លួនឯង។ លើសពីនេះទៅទៀត សាជីវកម្មនេះមានការត្រួតពិនិត្យតិចតួចប៉ុណ្ណោះ ចាប់តាំងពីលោកប្រធានាធិបតីបានបណ្តេញគណៈកម្មការគ្រប់គ្រងសាជីវកម្មនោះ មិនយូរប៉ុន្មានបន្ទាប់ពីចូលកាន់តំណែងកាលពីឆ្នាំមុន។
«អ្វីទាំងអស់នេះពិតជាទំនាស់ផលប្រយោជន៍ យ៉ាងប្រាកដណាស់ និងជាការអនុវត្តមួយដែលមិនធ្លាប់បានឃើញនៅកន្លែងដទៃទៀតនៅលើពិភពលោក»។
លោកប្រធានាធិបតី Buhari បានធ្វើការសម្រេចចិត្តមួយដែលមិនធ្លាប់មានពីមុនមក ដោយលោកសម្រេចដើរតួនាទីដោយផ្ទាល់ជារដ្ឋមន្រ្តីប្រេងឥន្ធនៈ។ លោក Page និយាយថា លោកប្រធានាធិបតីត្រូវតែដើរតួយ៉ាងសកម្មជាងនេះនៅក្នុងការធ្វើសេចក្តីសម្រេចរបស់សាជីវកម្ម NNPC ទើបកំណែទម្រង់នេះមានប្រសិទ្ធភាព៕
ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច