ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ស.រ.អា.៖ មហន្តរាយ​ខាង​ធាតុ​អាកាស​នឹង​មាន​ភាព​អាក្រក់​ជាង​មុន​ហើយ​នាំ​ឱ្យ​អស់​សោហ៊ុយ​រាប់​ពាន់​លាន​ដុល្លារ


រូបឯកសារ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកពន្លត់ភ្លើងលោក Jose Corona បាញ់ទឹកពន្លត់ភ្លើងឆេះនៅទីក្រុង Magalia រដ្ឋ California។ (រូបថត AP)
រូបឯកសារ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកពន្លត់ភ្លើងលោក Jose Corona បាញ់ទឹកពន្លត់ភ្លើងឆេះនៅទីក្រុង Magalia រដ្ឋ California។ (រូបថត AP)

ការ​សិក្សាវាយតម្លៃ​អំពី​ធាតុ​អាកាស​ប្រទេស​ជាតិ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា «National Climate Assessment‍» ​ដែល​មាន​ទាំងអស់​ជាង​១​ពាន់​ទំព័រ​ បាន​ព្រមាន​អំពី​មហន្តរាយ​ខាង​អាកាស​ធាតុ​ដែល​ខ្លាំង​និង​យូរ​ជាង​មុន​ដែល​ជា​ផ្នែក​បណ្តាល​មក​ពី​សារ​ធាតុ​អាកាស​សាកល​ក្តៅ​ជាង​មុន។​

របាយ​ការណ៍​មួយ​របស់​រដ្ឋាភិបាល​ស.រ.អា.​និយាយ​ថា ​ការ​ប៉ះ​ទង្គិចនៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ដែល​មាន​រួម​បញ្ចូល​ខ្យល់​ព្យុះ​ខ្លាំងៗ​ ការ​រាំង​ស្ងួត​និង​ភ្លើង​ឆេះ​ព្រៃ​មាន​ភាព​អាក្រក់​ជាង​មុន​នៅ​ក្នុង​ស.រ.អា.។​

សេចក្តី​រាយ​ការណ៍​នេះ​ដែល​បាន​ត្រូវ​សរសេរ​ដោយ​មាន​ជំនួយ​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល​និង​ក្រសួង​ស.រ.អា.​ចំនួន១២ជាញឹកញយផ្ទុយពី​សេចក្តី​ថ្លែង​ការណ៍​និង​គោល​នយោបាយ​របស់​ប្រធានាធិបតី​ស.រ.អា. ​Donald Trump។

របាយ​ការណ៍របស់​រដ្ឋាភិបាល​ស.រ.អា.​ដែល​បាន​ទទួល​អាណត្តិពី​សភា​ស.រ.អា.​បានត្រូវ​ចេញ​ផ្សាយ​ដោយ​ស្ងាត់ៗ​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​ ខែ​វិច្ឆិកា​នៅ​ក្នុង​ពេល​បុណ្យ​មួយ​នៅ​ដំណាច់​សប្តាហ៍។​ នៅពេល​បន្ទាប់​មក​ ​សេតវិមាន​បាន​បដិសេធ​ថា​ ​សេចក្តី​រាយ​ការណ៍​នេះ​មិន​ត្រឹមត្រូវ។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​

អ្នកស្រី​ Lindsay Walters ​អ្នក​នាំ​ពាក្យ​សេតវិមានបាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២២​ ខែ​វិច្ឆិកា​ថា ​របាយ​ការណ៍​នេះ​«ផ្អែក​ភាគ​ច្រើន​ទៅ​លើ​ scenario ​ជ្រុល​បំផុត​ដែល​ផ្ទុយពី​និន្នាការ​ដែល​មាន​យូរមក​ហើយ​ដោយ​សន្មត​ថា​ មាន​បច្ចេកវិជ្ជា​និង​ការ​បញ្ចូល​របៀប​ថ្មី​មាន​កម្រិត​និង​ការ​មាន​មនុស្ស​ច្រើន​ជាង​មុន​យ៉ាង​លឿន‍»។​

ការ​សិក្សាវាយតម្លៃ​អំពី​ធាតុ​អាកាស​ប្រទេស​ជាតិ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា «National Climate Assessment‍» ​ដែល​មាន​ទាំងអស់​ជាង​១​ពាន់​ទំព័រ​ បាន​ព្រមាន​អំពី​មហន្តរាយ​ខាង​អាកាស​ធាតុ​ដែល​ខ្លាំង​និង​យូរ​ជាង​មុន​ដែល​ជា​ផ្នែក​បណ្តាល​មក​ពី​សារ​ធាតុ​អាកាស​សាកល​ក្តៅ​ជាង​មុន។​

ការ​សិក្សា​វាយ​តម្លៃនេះបាន​និយាយ​ថា​ ​មហន្តរាយខាង​ធាតុ​អាកាស​បែប​នេះ​មាន​ភាព​សាំញ៉ាំ​ជាង​មុន​នៅ​ទូទាំង​ប្រទេស​ហើយ​បានព្រមាន​ថា​ បើ​គ្មាន​សកម្ម​ភាព​ទប់ទល់​ទេ ​មហន្តរាយ​ទាំង​នេះ​នឹង​មាន​ភាព​អាក្រក់​ជាង​មុន​ថែម​ទៀត។

នៅ​ពេល​ដែល​របាយ​ការណ៍​នេះ​ចៀស​វាង​មិន​ផ្តល់​អនុសាសន៍​អំពី​គោល​នយោបាយ​ក៏​ដោយ​ ក៏​វា​បាន​និយាយ​ថា​ មនុស្ស​ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​មហន្តរាយ​ខាង​ធាតុ​អាកាស​ក្នុង​ពេល​អនាគត​«សម្រាប់​បញ្ចៀស​ការ​ខូចខាត​ច្រើន​ក្រាស់ក្រែល​ដល់សេដ្ឋកិច្ច​ស.រ.អា.​ បរិស្ថាន​និង​សុខភាព​មនុស្ស​ព្រម​ទាំង​សុខុមាល​ភាព​ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​ខាង​មុខ‍»។​

សេចក្តី​រាយ​ការណ៍​នេះ​បានឲ្យដឹងថា «គ្រោះ​ថ្នាក់​ក្នុង​ពេល​អនាគត​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ​អាស្រ័យ​ជា​ដំបូង​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​ដែល​ត្រូវធ្វើនៅ​ថ្ងៃ​នេះ‍»។

របាយ​ការណ៍នេះ​បាន​ទស្សន៍​ទាយ​ថា ​ការ​ប្រែប្រួល​ធាតុ​អាកាស​នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ស.រ.អា.​ខាត​បង់ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​ មិន​ហួស​ពី​ដំណាច់​សតវត្សរ៍​នេះ​ទេ​ ​ប្រសិន​បើគ្មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​របស់​វា​ហើយ​បាន​និយាយ​ដែរ​ថា​ ​អាកាសធាតុ​ពិភព​លោក​ក្តៅ​ជាង​មុន​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមជន​ទីទាល់ក្រ។​

ការ​សិក្សា​វាយ​តម្លៃ​អំពី​ធាតុ​អាកាស​ប្រទេស​ជាតិ​នៅ​ឆ្នាំ​នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​រដ្ឋាភិបាល​ស.រ.អា.​បាន​ចេញ​ផ្សាយ​ការ​ពិនិត្យ​មើល​យ៉ាង​ទូលំ​ទូលាយ​មួយ​អំពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ហើយ​ជា​ការ​ស្ទង់ប៉ាន់​មើល​លើក​ទី​មួយ​ដែល​បាន​ធ្វើ​នៅ​ក្នុង​រដ្ឋបាល Trump។ ​របាយ​ការណ៍​ចុង​ក្រោយ​បំផុត​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៤។​

ក្រសួង​និង​ទី​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ចំនួន​១៣ដែល​មាន​រួម​បញ្ចូល​ក្រសួង​កសិកម្ម​និង​ទីភា្នក់ងារ​ NASA​ផង​ដែរ​គឺ​ជាផ្នែក​នៃ​គណៈ​កម្មាធិការ​មួយ​ដែល​មាន​ពួកអ្នក​ស្រាវ​ជ្រាវ​ជាង​៣០០​នាក់ដែល​បាន​រៀបរៀង​ការ​សិក្សា​វាយ​តម្លៃ​នេះ។​

មនុស្ស​មួយ​ចំនួន​ ​ដែល​ទាក់ទិន​នឹង​របាយ​ការណ៍​នេះ​ ​បាន​និយាយ​ប្រាប់​កាសែត The Washington Post ​ថា ​ការ​ចេញ​ផ្សាយ​សេចក្តីរាយ​ការណ៍​នេះ​បាន​ត្រូវ​គ្រោង​ធ្វើ​ជា​ដំបូង​នៅ​ដើម​ខែ​ធ្នូ។​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ក៏ពួក​គេ​បាន​និយាយ​ថា​ នៅ​ក្រោយ​ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​ក្រោយ​ឆាក​អំពី​ពេល​ណា​នឹង​ផ្សាយ​សេចក្តី​រាយ​ការណ៍​នេះ​ជា​សាធារណៈ ​ពួក​មន្ត្រី​រដ្ឋបាល​បាន​សម្រេច​យក​ថ្ងៃ​សុក្រ​នៅ​ក្រោយ​ថ្ងៃ​បុណ្យ Thanksgiving ​ដែល​ជា​ប្រពៃណី​ជា​ថ្ងៃ​មួយ​មិន​សូវ​មាន​ដំណឹង​ទេ​ក្នុង​ពេល​មួយ​ឆ្នាំៗ។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២៣​ខែ​វិច្ឆិកា​ ពួក​អ្នក​និពន្ធ​សេចក្តី​រាយ​ការណ៍​នេះ​បាន​និយាយ​ថា​ «គ្មាន​ការជ្រៀតជ្រែក​ពី​ខាង​ក្រៅ​ទេ‍» ​នៅ​ក្នុង​ការ​សិក្សា​វាយ​តម្លៃ​នេះ។​ លោក ​David Reidmiller ​នាយក​នៃ​របាយ​ការណ៍​នេះ​បាន​និយាយ​ថា​ ​សំណួរ​អំពី​ពេល​វេលា​នៃ​ការ​ចេញ​ផ្សាយ​សេចក្តី​រាយ​ការណ៍​នេះ ​«មាន​ភាពទាក់ទង‍»ក៏​ប៉ុន្តែ​បាន​និយាយ​ថា​ ​មាតិកា​នៃ​របាយ​ការណ៍​នេះ​មាន​សារៈ​សំខាន់​ជាង​នេះ។​

រដ្ឋបាល​ Trump ​បាន​លុប​ចោល​បទ​បញ្ញត្តិ​មួយ​ចំនួន​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី ​Barack Obama ​ហើយ​បាន​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ការ​ផលិតប្រេង​ឥន្ធនៈ ​fossil ​ថែម​ទៀត​ផង។​

កាល​ពី​ឆ្នាំ​ទៅ​មិញ​ លោក​ Trump ​បាន​ប្រកាស​អំពី​បំណង​របស់​លោក​ក្នុង​ការ​ដក​ស.រ.អា.​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីសកាល​ពី​ឆ្នាំ​២០១៥​ដែល​បាន​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ជាតិ​ជិត​២០០​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។ ​លោក​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សេដ្ឋកិច្ច​ស.រ.អា.​ ហើយ​លោក​បាន​និយាយ​បន្ថែម​ថា មាន​ភស្តុតាង​តិចតួច​អំពី​ផល​ប្រយោជន៍​ខាង​បរិស្ថាន​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។​

លោក​ Trump ​និង​សមាជិក​មួយ​ចំនួន​នៃ​គណៈ​រដ្ឋមន្ត្រី​លោក​មាន​ការ​សង្ស័យ​អំពី​វិទ្យា​សាស្ត្រ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​បាន​និយាយ​ថា​ បុព្វហេតុ​នៃ​ធាតុ​អាកាស​សាកល​ក្តៅ​ជាង​មុន​ មិន​ទាន់​បាន​ត្រូវ​ដោះ​ស្រាយ​រួច​នៅ​ឡើយ​ទេ។​

របាយ​ការណ៍​កាលពី​ថ្ងៃ​សុក្រ​នោះក៏​បាន​និយាយ​យោង​ដល់​ការ​សិក្សា​ឯ​ទៀតៗ​អំពី​ធាតុអាកាស​ដែល​និយាយ​ថា ដើមហេតុជាង​៩០​ភាគ​រយ​នៃ​ការ​ធ្វើ​ឱ្យ​ធាតុ​អាកាស​សាកល​ក្តៅ​ជាង​មុន​នៅ​ពេល​បច្ចុប្បន្ន​នេះ​បណ្តាល​មកពីមនុស្ស៕

​ប្រែ​សម្រួល​ដោយ​លោក ​ឈឹម សុមេធ

XS
SM
MD
LG