សេតវិមានគ្មានវិធានការណាមួយឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃអាកាសធាតុថ្នាក់ជាតិនោះទេ ហើយលោកប្រធានាធិបតី Donald Trumpនៅតែបន្តសើចចំអកអំពីការព្រមាននានាពាក់ព័ន្ធនឹងការឡើងកម្តៅភពផែនដី។
ព្យុះសង្ឃរាបង្កជាទឹកជំនន់ក្នុងប្រវត្តិសាស្ត្រ ហើយគ្រោះរាំងស្ងួតធ្ងន់ធ្ងរបានបង្កឲ្យមានភ្លើងឆេះព្រៃដ៍មហន្តរាយ។ ទីភ្នាក់ងារសហព័ន្ធនានាដែលសហការគ្នារៀបចំរបាយការណ៍វាយតម្លៃអាកាសធាតុថ្នាក់ជាតិបានព្យាករណ៍ថានឹងមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលនឹងបង្កគ្រោះមហន្តរាយដល់សុខភាព និងទ្រព្យសម្បត្តិរបស់មនុស្ស ក៏ដូចជាវិស័យកសិកម្ម និងការរីកលូតលាស់សេដ្ឋកិច្ចផងដែរ។
រដ្ឋបាលលោក Trump មិនបានរារាំងដល់ការចេញរបាយការណ៍នេះទេ ប៉ុន្តែរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយដោយគ្មានការចាប់អារម្មណ៍ពីសាធារណៈកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺនៅមួយថ្ងៃបន្ទាប់ពីថ្ងៃទិវាការដឹងគុណ ឬ Thanksgiving Day និងជាថ្ងៃដែលពលរដ្ឋអាមេរិកាំងរីករាយដើរទិញទំនិញបញ្ចុះតម្លៃប្រចាំឆ្នាំ។ លោកប្រធានាធិបតី DONALD TRUMP បានថ្លែងថា «ខ្ញុំចង់បានអាកាសធាតុដែលល្អ។ យើងនឹងទទួលបានអាកាសធាតុល្អ ហើយយើងនឹងមានព្រៃឈើដែលមានសុវត្ថិភាព»។
នៅប៉ុន្មានថ្ងៃមុនរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយ លោកប្រធានាធិបតី Trump បានទាញចំណាប់អារម្មណ៍អំពីអាកាសធាតុត្រជាក់នៅសហរដ្ឋអាមេរិកដោយលោកបានបង្ហោះសារថា «នេះឬជាការឡើងកម្តៅភពផែនដី?»។
អ្នកផ្សេងទៀតចាត់ទុករបាយការណ៍នេះថាជាការអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន។
លោកស្រី AMY KLOBUCHAR សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានថ្លែងថា៖ «របាយការណ៍នេះបង្ហាញអំពីផលប៉ះពាល់នៅតាមតំបន់នានា ដូចជាតំបន់ដែលខ្ញុំរស់នៅគឺនៅរដ្ឋភាគកណ្តាលឈៀងខាងជើងឬ Midwest ជាកន្លែងដែលអ្នកឃើញអំពីការបំផ្លិចបំផ្លាញដំណាំរបស់យើង។ អ្នកបានឃើញហើយពីព្យុះសង្ឃរានានាដោយសារការឡើងកម្តៅទឹកសមុទ្រ ហើយអ្នកក៏បានឃើញយ៉ាងច្បាស់អំពីភ្លើងឆេះព្រៃដ៏រន្ធត់នៅភាគខាងលិចសហរដ្ឋអាមេរិកផងដែរ។ នេះគឺជាអ្វីដែលអង្គការ NASA និងយោធារបស់យើងបានទូស្សន៍ទាយជាច្រើនឆ្នាំមកហើយ ហើយវាដល់ពេលដែលត្រូវចាត់វិធានការទប់ទល់នឹងហេតុការណ៍ទាំងនេះហើយ»។
លោកស្រីសមាជិកសភា Klobuchar បានគូសបញ្ជាក់ផងដែរថា នៅក្រោមរដ្ឋបាលលោក Trump គោលដៅនៃការកាត់បន្ថយការបំភាយឧស័ន្មចេញពីរថយន្ត និងថាមពលស្អាតត្រូវបានផ្លាស់ប្តូរឬមិនសូវមានការយកចិត្តទុកដាក់ ហើយលោកប្រធានាធិបតីបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុសកលលោក ដែលជាកិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
លោកប្រធានាធិបតីធ្លាប់បាននិយាយថា លោកមិនជឿថាការប្រែប្រួលអាកាសធាតុបណ្តាលមកពីទង្វើរបស់មនុស្សនោះទេ ហើយលោកបានលើកឡើងផងដែរថា ការកាត់បន្ថយការបំភាយជាតិកាបោននឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក។
ប៉ុន្តែរបាយការណ៍វាយតម្លៃអាកាសធាតុថ្នាក់ជាតិលើកឡើងផ្ទុយពីនេះ ដោយបានបញ្ជាក់ថា ប្រសិនបើគ្មានការត្រួតពិនិត្យនោះទេ ការឡើងកម្តៅភពផែនដីអាចកាត់បន្ថយទិន្នផលសេដ្ឋកិច្ចអាមេរិកដល់ទៅ១០ភាគរយនៅអំឡុងសតវត្សរ៍នេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា