កាលពីថ្ងៃសុក្រ កម្មវិធីស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុសាកល ធ្វើឡើងដោយស.រ.អា ហៅកាត់ថា USGCRP បានចេញផ្សាយការស្ទង់ប៉ាន់មើលអំពីអាកាសធាតុជាតិ ដែលជាសេចក្តីរាយការណ៍មួយនិយាយថាផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុដោយមានរួមបញ្ចូលខ្យល់ព្យុះខ្លាំង ការរាំងស្ងួត និងភ្លើងឆេះព្រៃមានភាពអាក្រក់ជាងមុននៅក្នុងស.រ.អា។
របាយការណ៍នេះក៏បាននិយាយដែរថា មហន្តរាយខាងអាកាសធាតុទាំងនេះ ដែលខ្លាំងជាងមុន និងមានរយៈពេលយូរជាងមុនបានបណ្តាលជាផ្នែកមកពីធាតុអាកាសសាកលក្តៅជាងមុន ដែលភាសាអង់គ្លេសហៅថា global warming។
សេចក្តីរាយការណ៍នេះបាននិយាយថា មហន្តរាយខាងអាកាសធាតុបែបនេះមានច្រើននៅទូទាំងប្រទេសហើយបានព្រមានថា បើគ្មានសកម្មភាពខ្លាំងក្លា ដើម្បីទប់ទល់ទេ មហន្តរាយទាំងនេះនឹងមានភាពអាក្រក់ជាងមុនថែមទៀត។
កម្មវិធីស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុសាកលរបស់ស.រ.អ.ជាកម្មវិធីសហព័ន្ធមួយទទួលអាណត្តិពីសភាស.រ.អា ដើម្បីសម្របសម្រួលការស្រាវជ្រាវ និងវិនិយោគរបស់សហព័ន្ធ ដើម្បីឱ្យយល់អំពីកម្លាំងដែលមានផលបះពាល់លើបរិដ្ឋានសាកលទាំងខាងមនុស្ស និងខាងធម្មជាតិនិងការប៉ះទង្គិចរបស់វាទៅលើសង្គម។ ក្នុងឋានៈជាអាជ្ញាធរនាំមុខរបស់សហព័ន្ធអំពីវិទ្យាសាស្ត្រខាងការប្រែប្រួលធាតុអាកាស កម្មវិធី USGCRP និងទីភ្នាក់ងារជាសមាជិករបស់ផងខ្លួនបំពេញមុខនាទីសំខាន់មួយក្នុងការធ្វើការទាក់ទង និងអប់រំពលរដ្ឋអំពីអាកាសធាតុ និងការប្រែប្រួលអាកាសធាតុសាកល៕