ក្រសួងធនធានទឹក និងឧតុនិយម នៅសប្តាហ៍នេះ បានប្រកាសឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ឬផ្អាកការធ្វើដំណើរលើផ្ទៃទឹក ក្នុងអំឡុងថ្ងៃទី១៨ ខែវិច្ឆិកានេះ ជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃព្រហស្បត៍នេះបញ្ជាក់ថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថា មានជ្រលងសម្ពាធខ្ពស់ខ្សោយ បាននិងកំពុងបន្តគ្របដណ្ដប់លើជ្រោយឥណ្ឌូចិនហើយជ្រលងសម្ពាធនេះបាននិងកំពុងគ្របដណ្ដប់លើភាគខាងត្បូងប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងនោះបន្ថែមថា លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅតាមបណ្ដារាជធានីខេត្តមួយចំនួន ជាពិសេសតំបន់មាត់សមុទ្រ។
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងដែលជាការព្យាករណ៍នោះ ដោយប្រាប់ឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក ប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បត៍នេះថា នៅពេលដែលមានបាតុភូតធម្មជាតិកើតឡើង ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះ តែងជូនដំណឹង និងមានត្រៀមកម្លាំងដើម្បីជួយក្នុងពេលមានបញ្ហា។ ទោះយ៉ាងណាលោកថា សម្រាប់ថ្ងៃទី១៧ ១៨ និង១៩ ខែ វិច្ឆិកានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមសមុទ្រ គួរផ្អាកការធ្វើដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖
«ខាងកងទ័ពជើងទឹក ក៏ដូចជាខាងមន្រ្តីនគរបាលលោកតែងតែមានវិធានការត្រៀមបង្ការហើយ ជាពិសេសនោះគឺការបញ្ជ្រាបព័ត៌មានហ្នឹង ជូនព័ត៌មានហ្នឹងឲ្យទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងហ្នឹង អាហ្នឹងគឺជាការសំខាន់ជាង។ ព្រោះថាមានហេតុការណ៍អីហើយយើងទៅសង្គ្រោះហ្នឹង គឺវាលំបាកជាងការបញ្ជ្រាបព័ត៌មាន។បើសិនជាគាត់ទទួលបានព័ត៌មានហើយ អាហ្នឹងគឺគាត់មិនចេញទៅ ជាពិសេសដូចខ្ញុំបញ្ជាក់ជូនអញ្ចឹង ចាប់ពីថ្ងៃ១៧ទៅ គឺថ្ងៃ១៨ហ្នឹងហើយដែលខ្លាំង។ អញ្ចឹងបើគាត់បានទទួលព័ត៌មានហើយ គឺគាត់ផ្អាកមួយថ្ងៃពីរអញ្ចឹងទៅ គឺដើម្បីសុវត្ថិភាពរបស់ពួកគាត់»។
បើតាមក្រសួងធនធានទឹក រាជធានីខេត្តមួយចំនួនដែលនឹងត្រូវរងឥទ្ធិពលពីជ្រលងសម្ពាធនោះមានដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៕