រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិងចិនបានជួបប្រជុំគ្នាដោយផ្ទាល់កាលពីថ្ងៃសុក្រ ដែលជាជំនួបលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Joe Biden ចូលកាន់តំណែងមក។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានជួបគ្នាដោយផ្ទាល់នៅខាងក្រៅសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលកំពុងប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ហើយដែលជាកិច្ចប្រជុំប្រចាំឆ្នាំខាងសន្តិសុខចម្បងគេនៅអាស៊ី។ មេដឹកនាំទាំងពីរធ្លាប់បានសន្ទនាជាមួយគ្នាតាមទូរស័ព្ទកាលពីខែមេសា។
ក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងប្រទេសទាំងពីរនិងបញ្ហាសន្តិសុខតំបន់សំខាន់ៗ រួមមានបញ្ហាកម្មវិធីអាវុធកូរ៉េខាងជើង និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយភាគីអាមេរិកបានសង្កត់ធ្ងន់ពីសារៈសំខាន់ដែលកងទ័ពប្រទេសចិន «ចូលរួមនៅក្នុងការសន្ទនាសាច់ការមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើទំនាក់ទំនងគ្នាអំឡុងពេលមានវិបត្តិ និងកាត់បន្ថយហានិភ័យខាងយុទ្ធសាស្ត្រ»។
ចំណែកក្រសួងការពារជាតិចិនវិញ បានចេញសេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារខ្លាំងៗជាងអាមេរិក ដោយរដ្ឋមន្ត្រីការពារជាតិចិនត្រូវបានគេដកស្រង់សម្តីថា បានប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Austin ថា ប្រទេសចិននឹងមិនរារែកក្នុងការប្រយុទ្ធនឹងអ្នកណាក៏ដោយដែលព្យាយាម«បំបែក»តៃវ៉ាន់ពីចិន។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិចិនក៏បានរិះគន់ដោយផ្ទាល់ទៅសមភាគីអាមេរិករបស់លោក អំពីការណ៍ដែលអាមេរិកបានលក់អាវុធឱ្យតៃវ៉ាន់ ហើយភាគីចិនបានព្រមានពីលទ្ធភាពនៃការផ្ទុះសង្គ្រាមលើបញ្ហាតៃវ៉ាន់នេះ ដែលចិនបានចាត់ទុកថាជាដែនដីរបស់ខ្លួន។ លោក Fenghe បានប្រាប់ លោក Austin ថា ការលក់អាវុធឱ្យតៃវ៉ាន់នេះ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិន»។ នេះបើតាមការផ្សាយរបស់ស្ថានីយយោធានៃទូរទស្សន៍រដ្ឋចិន CCTV។
ចំណែកលោក Lloyd Austin វិញ ក៏បានព្រមានបកទៅភាគីចិនវិញឱ្យ«ចៀសវាងធ្វើសកម្មភាពទាំងឡាយណាដែលអាចបង្កឱ្យមានអស្ថេរភាពចំពោះកោះតៃវាន់» នៅក្នុងជំនួបផ្ទាល់មុខដំបូងកាលពីថ្ងៃសុក្រនេះ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន The Hill ដែលបានយោងលើសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក។
លោក Austin ត្រូវគេរំពឹងថានឹងថ្លែងសុន្ទរកថាចម្បងនៅក្នុងសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅរហូតដល់ថ្ងៃអាទិត្យ។ សន្និសីទនេះមានវត្តមានចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិនិងអ្នកការទូតពី ៤២ប្រទេស រួមទាំងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ក៏ដូចជាការចូលរួមពីអ្នកជំនាញខាងសន្តិសុខ មេដឹកនាំខាងពាណិជ្ជកម្ម និងក្រុមហ៊ុនលក់អាវុធ។
នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩មក ដែលសន្និសីទនេះបានប្រព្រឹត្តឡើង ដោយព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានពន្យារពេលពីរដង ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩៕