កម្ពុជានិងរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអង្គារម្សិលមិញបានបដិសេធសេចក្តីរាយការណ៍ព័ត៌មានមួយដែលថា ប្រទេសទាំងពីរកំពុងសាងសង់យ៉ាងសម្ងាត់នូវទីតាំងកងទ័ពជើងទឹកមួយ សម្រាប់នាវាចិនខណៈដែលនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីបានសម្តែងនូវក្តីបារម្ភហើយបានអំពាវនាវឱ្យមានតម្លាភាពជុំវិញរឿងនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP ។
កាសែត The Washington Post របស់អាមេរិកបានស្រង់សម្តីមន្ត្រីប្រទេសលោកខាងលិចមួយចំនួនមកចុះផ្សាយថា អគារថ្មីដែលត្រូវបានសាងសង់ឡើងដោយចិននៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាក្នុងខេត្តព្រះសីហនុនោះត្រូវបានសាងសង់ឡើងសម្រាប់ប្រើប្រាស់ផ្តាច់មុខដោយកងទ័ពជើងទឹកចិន។
ទីតាំងមូលដ្ឋានយោធានេះបានក្លាយជាចំណុចនៃភាពរកាំរកូសមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសង្ស័យជាយូរមកហើយថា ទីតាំងនោះនឹងត្រូវប្រែក្លាយទៅជាកន្លែងសម្រាប់ប្រើប្រាស់ដោយប្រទេសចិន ខណៈដែលប្រទេសនេះកំពុងស្វះស្វែងរកការពង្រីកឥទ្ធិពលអន្តរជាតិរបស់ខ្លួនដោយការបង្កើតបណ្តាញប៉ុស្តិ៍យោធាជួរមុខរបស់ខ្លួន។
ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ប្រាក់ សុខុន បានបដិសេធសេចក្តីរាយការណ៍នេះថាជាការ ចោទប្រកាន់គ្មានមូលដ្ឋាននៅក្នុងការនិយាយតាមទូរស័ព្ទរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីគឺលោកស្រី Penny Wong។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃអង្គារម្សិលមិញដោយរដ្ឋាភិបាលក្រុងភ្នំពេញ។
នៅមុននោះបន្តិច អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថា ការអភិវឌ្ឍមូលដ្ឋាននោះ មិនមែនជាការសម្ងាត់នោះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់ទីភ្នាក់ងារព័ត៌មានAFPថា៖ «កម្ពុជានឹងមិនអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ផ្តាច់មុខឬអភិវឌ្ឍទីតាំងនោះធ្វើជាមូលដ្ឋានយោធារបស់ខ្លួននោះឡើយ»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជានិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចូលរួមនៅក្នុងពិធីសម្ពោធការសាងសង់អគារមួយចំនួននៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនៅថ្ងៃពុធនេះ ដែលក្នុងនោះរួមមានរោងជាងជួសជុលនាវានិងផែមួយផងដែរ។
ប៉ុន្តែនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌូណេស៊ីដើម្បីបង្កើនទំនាក់ទំនងការទូតដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់បានហៅសេចក្តីរាយការណ៍ព័ត៌មាននោះថា ជាការព្រួយបារម្ភមួយ។
លោក Albanese បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងលើកទឹកចិត្តឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបង្ហាញនូវតម្លាភាពអំពីគោលបំណងរបស់ខ្លួនហើយនឹងធានាថា សកម្មភាពរបស់ខ្លួន បានគាំទ្រដល់ស្ថិរភាពនិងសន្តិសុខក្នុងតំបន់»។ លោកបន្តទៀតថា កម្ពុជាបានធានាដល់រដ្ឋាភិបាលក្រុងកង់បេរ៉ារួចហើយថា កម្ពុជានឹងមិនផ្តល់ឱ្យប្រើប្រាស់ដោយផ្តាច់មុខណាមួយ ដល់កងទ័ពបរទេសនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់ខ្លួននោះឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជាច្រើនលើកច្រើនសារក្នុងពេលកន្លងទៅថា ការងារនោះគឺគ្មានអ្វីក្រៅពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមនោះឡើយ ដោយមានអគារជួសជុលនាវាថ្មីមួយខ្នងដែលអភិវឌ្ឍដោយជំនួយរបស់ចិនតែប៉ុណ្ណោះ។
លោក ហ៊ុន សែន បានថ្លែងកាលពីខែមុនថា៖ «កម្ពុជាមិនត្រូវការវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ»។
ចិនក៏បានបដិសេធថា មូលដ្ឋាននោះនឹងមិនត្រូវបានប្រើប្រាស់ផ្តាច់មុខដោយកងទ័ពជើងទឹករបស់ខ្លួនឡើយ។ ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមគឺគ្រាន់តែដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជាតែប៉ុណ្ណោះក្នុងការការពារអធិបតេយ្យភាពបូរណភាពដែនសមុទ្ររបស់ខ្លួននិងការបង្រ្កាបបទឧក្រិដ្ឋផ្សេងៗនៅដែនសមុទ្រ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារម្សិលមិញ៕