ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនជារឿងល្អសម្រាប់ប្រទេសខ្លះ


លោក Don DiCostanzo​ សហស្ថាបនិក​​និង​ជា​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pedego បាន​ប្តូរ​ទី​តាំង​សង្វាក់​ផលិតកម្ម​តំឡើង​កង់​​​របស់​លោក​ពី​ប្រទេស​ចិន​មក​វៀតណាម​ដោយ​​សារ​អាមេរិក​បាន​​បង្កើន​ពន្ធ​​លើ​ទំនិញ​នាំ​ពី​ចិន រួម​ទាំង​កង់​ផង។ (R. Kim/VOA)
លោក Don DiCostanzo​ សហស្ថាបនិក​​និង​ជា​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pedego បាន​ប្តូរ​ទី​តាំង​សង្វាក់​ផលិតកម្ម​តំឡើង​កង់​​​របស់​លោក​ពី​ប្រទេស​ចិន​មក​វៀតណាម​ដោយ​​សារ​អាមេរិក​បាន​​បង្កើន​ពន្ធ​​លើ​ទំនិញ​នាំ​ពី​ចិន រួម​ទាំង​កង់​ផង។ (R. Kim/VOA)

ខណៈដែលទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនរងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មដែលប្រទេសទាំងពីរជាគូបដិបក្ខនោះ ប្រទេសមួយចំនួនទៀតទទួលផលិតចំណេញទៅវិញ ជាពិសេសគឺខាងសង្វាក់ផលិតកម្មដែលត្រូវដកចេញពីប្រទេសចិន។

ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ប្រឈម​ដាក់​គ្នា​ ក្រុមហ៊ុនដែល​រង​ផល​ប៉ះពាល់​ដោយបង្កើន​ពន្ធ​នាំ​ចូល​ខ្ពស់ កំពុង​ស្វែង​រក​ទីកន្លែង​នៅ​ប្រទេស​ផ្សេង​ពី​ប្រទេស​ចិន ដើម្បី​ផលិត​ផលិតផល​របស់​ខ្លួន ហើយ​អាជីវកម្ម​នៅ​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​កំពុង​តែ​ឃើញ​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​ការ​រីក​ចម្រើន។

រោងចក្រ​ចំនួន​ពីរ​នៅ​ប្រទេស​វៀតណាមកំពុង​ផលិត​កង់​អេឡិកត្រូនិក​ឲ្យ​ក្រុមហ៊ុន Pedego ដែល​ជា​ក្រុមហ៊ុន​អាមេរិកាំង​មាន​មូលដ្ឋាន​នៅ​ Fountain Valley រដ្ឋ California។ គ្រឿង​បន្លះ​៨០% នៃ​កង់ Pedego ធ្លាប់​ត្រូវ​គេ​ផលិត​នៅ​ប្រទេស​ចិន ប៉ុន្តែ​បច្ចុប្បន្ន​នេះក្រុមហ៊ុន​នេះ​លែង​ផលិត​នៅ​ចិន​ទៀត​ហើយ។

លោក Don DiCostanzo​ សហស្ថាបនិកនិង​ជា​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pedego ថ្លែង​ថា «ឥឡូវ​នេះ យើង​ខ្ញុំ​មាន​ដំណើរការ​ប្រហែល​ ៧០%​ នៅ​ប្រទេស​វៀតណាម និង​៣០%​នៅ​កោះ​តៃវ៉ាន់»។

ការ​ប្តូរ​ទីតាំង​ទៅ​វៀតណាម

លោក DiCostanzo ថា ​កាល​ពី​ខែ​កុម្ភៈ​ខែ​ឆ្នាំ​២០១៨ លោក​សម្រេច​ចិត្ត​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ ដោយ​សារ​សហគមន៍​អឺរ៉ុប​បាន​គំរាមកំហែង​យក​ពន្ធ​នាំ​ចូល​ខ្ពស់​ពី​ទំនិញកង់​អេឡិកត្រូនិក​ដែល​ផលិត​នៅ​ប្រទេស​ចិន។ ផលិតកម្ម​ថ្មី​នៅ​វៀតណាម​នេះ​ក៏​បាន​ចាប់​ដំណើរការ​នៅ​៧​ខែ​បន្ទាប់​មក ​គឺ​នៅ​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១៨ ដែលជា​ខែសហរដ្ឋ​អាមេរិក​ក៏​បាន​ចាប់​ផ្តើម​ដាក់​កំហិត​ពន្ធ​នាំ​ចូល​ចំពោះ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​មួយ​ចំនួនដែល​រួម​មាន​កង់​អេឡិកត្រូនិក​ផង​ដែរ។

លោក DiCostanzo ពន្យល់​បន្ថែម​ថា៖ «ពេល​នោះ យើង​ក៏អាច​ពន្លឿន​ផលិតកម្ម​បាន​ភ្លាមៗ។ យើង​ក៏​ចាប់​ផ្តើម​ផលិតកង់​នៅ​វៀតណាម​ឲ្យ​ប្រទេស​[សហរដ្ឋ​អាមេរិក]​នេះ​នៅខែ​កញ្ញា គឺ​ភ្លាមៗ​ក្រោយ​ពន្ធនាំ​ចូល​ចាប់​ផ្តើម​ចូល​ជា​ធរមាន។ ហើយ​ត្រឹម​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ យើង​ក៏​បាន​បញ្ចប់​រាល់​ផលិតកម្ម​នៅ​ចិន និង​អាច​ប្តូរ​សង្វាក់់​ផលិតកម្ម​និង​ផ្គត់ផ្គង់​ទៅ​កាន់​ប្រទេសវៀតណាម​ទាំង​ស្រុង»។

នៅ​ត្រឹម​ដើម​ឆ្នាំ​២០១៩​នេះ រោងចក្រ​នៅ​វៀតណាមក៏​ចាប់​ផ្តើម​ផលិត​កង់​ឲ្យ​ក្រុមហ៊ុន Pedego។ ទោះ​បី​គ្រឿង​បន្លាស់​កង់​ខ្លះ​នៅ​តែ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន​ក្តី​ក៏​លោក DiCostanzo ព្យាយាម​ស្វែង​រក​ប្រភព​គ្រឿង​បន្លាស់​កង់​ពី​ប្រទេស​ផ្សេង​ទៀត ហើយ​ការ​ពឹងផ្អែក​របស់​ក្រុមហ៊ុន Pedego ទៅ​លើ​គ្រឿង​បន្លាស់​ពី​ចិន​កាន់​តែ​ថយ​ចុះ​ជា​លំដាប់។

សង្គ្រាម​ពាណិជ្ជកម្ម​ជួយ​វៀតណាម​និង​ម៉ិកស៊ិក

ក្រុមហ៊ុន Pedego មិន​មែន​ជា​ក្រុមហ៊ុន​តែ​មួយ​នោះ​ទេ ​ដែល​បាន​ផ្លាស់​ទី​តាំង​ផលិតកម្ម​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​ដោយ​សារ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។ ក្រុមហ៊ុន GoPro ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​នាំ​ផលិតកម្មកាមេរ៉ា​របស់​ខ្លួនចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក។ ក្រុមហ៊ុន​ GoPro បញ្ជាក់​ថា ​មូលហេតុ​នៃ​ការ​ប្តូរ​ទីតាំង​នេះ ​គឺ​ដើម្បី​ការពារ​ក្រុមហ៊ុន​នេះ «ពី​ពន្ធនាំ​ចូល​និង​ទទួល​ស្គាល់​នូវ​ការ​សន្សំ​សំចៃ​សោហ៊ុយ​និង​ប្រសិទ្ធផល​មួយ​ចំនួន»។

កាមេរ៉ា​ GoPro ទាំង​ឡាយ​ណា​ដែល​មិនមែន​សម្រាប់​នាំ​ទៅ​កាន់​ទី​ផ្សារ​សហរដ្ឋ​អាមេរិក នឹង​បន្ត​ត្រូវ​បាន​គេ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន។

លោក Kevin Klowden នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​សេដ្ឋកិច្ច​តំបន់​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Milken នៅ​ទីក្រុង​ Santa Monica រដ្ឋ California ថ្លែង​ថា៖ «ប្រទេស​ទាំង​ពីរ​ដែល​ទទួល​បាន​ផលប្រយោជន៍​ជាង​គេ​គឺ​ប្រទេស​វៀតណាម​និង​ម៉ិកស៊ិក។ ប្រទេស​ទាំង​ពីរ​នេះ​ទទួល​ផលប្រយោជន៍​ដោយ​សារ​ពួក​គេ​អាច​ទាញ​ប្រយោជន៍​ពី​សមត្ថភាព​ផលិតកម្ម​និង​ភូមិសាស្ត្រ។ ហើយ​ប្រទេស​ដទៃ​ទៀត​ទាំង​អស់​មើល​មក​ប្រទេស​ទាំង​ពីរ​នេះ​ដោយ​ការ​ច្រណែន»។

បើ​តាម​តួលេខពី​ការិយាល័យ​ជំរឿន​សហរដ្ឋ​អាមេរិក បរិមាណ​ទំនិញ​ដែល​នាំ​មក​ពី​ម៉ិកស៊ិក​បាន​កើន​រហូត​ជាង​៦% សម្រាប់​៦​ខែ​ដំបូង​នៃឆ្នាំ​២០១៩ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ ២០១៨។ ទំនិញ​នាំ​ចូល​ពី​វៀតណាម​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​បាន​កើន​ឡើង​ជាង​៣៣%។ ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​នៅ​ក្នុងរយៈ​ពេលដូច​គ្នា​បាន​ធ្លាក់​ចុះ​ជាង​១២%។

លោក Klowden ថ្លែង​ថា «រដ្ឋាភិបាល​វៀតណាម​បានធ្វើ​ការ​យ៉ាងល្អ​ក្នុង​ការ​ដាក់​ខ្លួន​ឲ្យ​នៅ​ក្នុង​ឲ្យ​ស្ថិត​ក្នុង​សភាព​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​ដើម្បីទទួល​និង​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ទីតាំង​សង្វាក់​ផលិតកម្ម។ ពួក​គេ​បាន​រៀប​ខ្លួន​មួយ​រយៈ​មក​ហើយ​ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ប្រកួតប្រជែងដោយ​ផ្ទាល់​ជាមួយ​ប្រទេស​ចិន ជា​ពិសេស​ចំពោះ​បញ្ហា​ថ្លៃ​ឈ្នួល​ផលិត»។​

លោក DiCostanzo ថ្លែង​ថា​លោកសង្កេត​ឃើញ​ថា​គុណភាព​ទំនិញ​ពី​វៀតណាម​ក៏​ល្អ​ជាង​ពី​ប្រទេស​ចិន​ដែរ។​

សង្វាក់​ផលិតកម្ម​ត្រឡប់​ទៅ​អាមេរិក​វិញ

ក៏​ប៉ុន្តែ សង្វាក់​ផលិតកម្ម​និង​ការ​ផលិត​នៅ​ក្រៅប្រទេស (outsourcing) ជា​សកម្មភាព​ពាណិជ្ជកម្ម​ដែល​ងាយ​មាន​ការ​ប្រែប្រួល។ ប្រសិន​បើ​មាន​កត្តា​រំខាន​ខាង​អាកាសធាតុ អសន្តិសុខ​នយោបាយ ឬ​ការ​លេច​ឡើង​នៃ​ទីតាំងផលិតកម្ម​ដែលមាន​ថ្លៃ​ផលិតកម្ម​ទាប​ជាង វា​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ទីតាំង​ទៅ​កន្លែង​ផ្សេង។​

លោក Kevin Klowden បញ្ជាក់​ថា៖ «សង្វាក់​ផលិតកម្ម​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ចល័ត​ ក្នុង​របៀប​មួយ​ដែល​យើង​មិន​ធ្លាប់​ដែល​បាន​គិត​ដល់​ពី​មុន​មក»។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ដូច​ជា​ Pedego ជា​ដើម​ ប្រាថ្នា​ចង់​ផលិត​ផលិតផល​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​តែ​ម្តង​ នៅ​ពេល​អនាគត។

លោក Klowden ពន្យល់​ថា៖ «ក្រុមហ៊ុន​មួយ​ចំនួន​ចង់​នាំ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ ដោយ​សារ​កត្តា​ភាពនៅ​ជិត​ទី​ផ្សារ​និង​កត្តា​ស្ថិរភាព។ គុណវិបត្តិ​នៅ​ត្រង់​ថា សង្វាក់​ផលិតកម្ម​នានា​ដែល​បាន​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ប្រើ​បុគ្គលិក​តិច​តួចជាង​កាល​ពី​២០ ឬ​៣០​ឆ្នាំ​មុន​ខ្លាំង​ណាស់»។

អាជីវកម្ម​នានា​ដែល​មាន​ផលិតកម្ម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​ដែល​អាច​ប្រកួត​ប្រជែង​បាននៅ​ក្នុង​សេដ្ឋកិច្ច​សាកល​ ប្រាកដ​ជា​ត្រូវ​ប្រើ​ស្វ័យប្រវត្តិកម្ម​និង​បច្ចេកវិទ្យា​រូបយន្ត។

លោក DiCostanzo នៃ​ក្រុមហ៊ុន Pedego ថ្លែង​ថា «មនុស្ស​យន្ត​ robot ទាំង​នេះ គឺ​យើង​មិន​បាច់​ឲ្យ​ថ្លៃ​ឈ្នួល​សម្រាប់​ការ​ធ្វើ​ការ​លើស​ម៉ោង​ទេ ហើយ​គ្រឿង​យន្ត​ទាំង​នេះ​ក៏​មិន​ត្រូវ​ការ​ពេលវេលា​ឈប់​សម្រាក​ដែរ ហើយ​អាច​ធ្វើ​ការអត់​ឈប់​បាន។ ដូច្នេះ​គំនិត​នៃ​ការ​ប្រើប្រាស់​មនុស្ស​យន្ត​និង​ប្រសិទ្ធផល​នៃ​មនុស្ស​យន្ត​គឺ​តាម​ពិត​អាច​ជួយឲ្យផលិតផលចុះ​ថ្លៃទៅ​វិញ​ទេ»។

លោក DiCostanzo គឺ​ជា​សមាជិក​នៃសម្ព័ន្ធភាព​ផលិតករ​កង់​របស់អាមេរិក​មួយ ដែល​កំពុង​ជំរុញ​ឲ្យមាន​ច្បាប់​លើកលែង​ពន្ធនាំ​ចូល​សម្រាប់​គ្រឿងបន្លាស់​កង់​រយៈ​ពេល​១០​ឆ្នាំ​ ដែល​សកម្មភាព​នេះ​អាច​នាំ​ឲ្យមាន​ការ​បើក​រោងចក្រ​ផលិតកង់​ដោយ​មនុស្ស​យន្ត​នៅ​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG