ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​មាន​ទំនោរ​រក​សហរដ្ឋ​អាមេរិក​ដោយ​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន


រូបភាព​ឯកសារ៖ កុងតឺន័រ​របស់​ក្រុមហ៊ុន​ដឹក​ទំនិញ​ចិន​ឈ្មោះ Cosco ត្រូវ​បាន​គេ​រើ​ដាក់​លើ​កប៉ាល់​នៅ​កំពង់ផែ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ កុងតឺន័រ​របស់​ក្រុមហ៊ុន​ដឹក​ទំនិញ​ចិន​ឈ្មោះ Cosco ត្រូវ​បាន​គេ​រើ​ដាក់​លើ​កប៉ាល់​នៅ​កំពង់ផែ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ប្រទេស​វៀតណាម​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​មួយ​ចំនួន​របស់​ចិន​ដែល​ទំនិញ​ទាំង​នោះ​ត្រូវ​គេ​ជឿ​ថា​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ។ ទំនិញ​របស់​ចិន​ទាំង​នេះ​មាន​គោល​បំណង​គេច​ពី​ការ​យក​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក ទាក់ទិន​នឹង​ជម្លោះ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ។

បន្ទាប់ពី​មាន​ការ​ពិនិត្យ​សើរើ​រយៈពេល ៥ ខែ​មក ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​វៀតណាម​បាន​សម្រេច​ដំឡើង​យក​ពន្ធ​គយ​បណ្ដោះ​អាសន្ន​ពី ២,៤៦ ភាគរយ ទៅ ៣៥,៥៨ ភាគរយ ​លើ​ផលិតផល​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេស​ចិន​មួយ​ចំនួន ដែល​វៀតណាម​ជឿ​ថា​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ។ ការ​ដំឡើង​ពន្ធ​គយ​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មិថុនា។

ប្រទេស​វៀតណាម​បាន​ក្លាយជា​ប្រទេស​ដែល​ទទួល​បាន​ប្រយោជន៍​ដ៏​ច្រើន​បំផុត​មួយ​កាល​ពី​ឆ្នាំ​មុន​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក ដោយសារតែ​ក្រុមហ៊ុន​នាំ​ចេញ​ទំនិញ​នៅ​ក្នុង​ប្រទេស​ចិនដែល​ប៉ះពាល់​ដោយសារ​ការ​ដំឡើង​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក ​បាន​ជ្រើស​យក​ប្រទេស​វៀតណាម​ជំនួស​ឲ្យ​ចិន ដោយសារតែ​ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​ផលិត​ទំនិញ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដោយ​ជាប់​ពន្ធ​គយ​ទាប។

ការ​ដាក់​កំហិត​ពន្ធ​គយ​របស់​វៀតណាម​លើ​ទំនិញ​នាំ​ចូល​ដែល​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​នេះ​គឺ​ជា «ការ​ឆ្លើយតប​ដ៏​មាន​ប្រសិទ្ធភាព​ពី​ភាគី​វៀតណាម​ទាក់ទិន​នឹង​ការ​គ្រោង​យក​ពន្ធ​គយ​របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លើ​ផលិតផល​អាលុយមីញ៉ូម​ ដែល​ធ្វើ​ហើយ​បាន​ពាក់​កណ្ដាល​ដែល​នាំ​ចេញ​ពី​ប្រទេស​វៀតណាម‍»។ នេះ​បើ​យោង​តាម​កំណត់​សម្គាល់​មួយ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា​កន្លង​ទៅ​នេះ របស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research ដែល​ជា​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហាណូយ។

កំណត់​សម្គាល់​នេះ​បាន​ហៅ​ការ​យក​ពន្ធ​គយ​នេះ​ថា​ជា «វិធានការ​ដ៏​តឹងតែង​បំផុត​មួយ​សម្រាប់​ប្រទេស​វៀតណាម​នៅ​ក្នុង​ការ​កែប្រែ‍» ក្នុង​នាម​ជា «ប្រទេស​មួយ​ដែល​បាន​ក្លាយ​ជា​ប្រទេស​ដែល​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ដ៏​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់‍»។

ការ​គេច​ពី​ការ​យក​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន

ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​នូវ​ទំនិញ​អាលុយមីញ៉ូម​ដែល​ធ្វើ​ហើយ​បាន​ពាក់​កណ្ដាល បាន​កើន​ឡើង​ទ្វេ​ដង​រហូត​ដល់​ចំនួន ៦ ម៉ឺន ២ ពាន់​តោន នៅ​ក្នុង​ឆ្នាំ ២០១៨ នៅ​ពេល​ដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​បាន​ផ្ទុះ​ឡើង។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research។

ក្នុង​ចំណោម​បរិមាណ​នៃ​ការ​នាំ​ចេញ​នេះ «ទំនិញ​មួយ​ចំនួន​ធំ​គួរសម​ត្រូវ​គេ​ជឿ​ថា​បាន​នាំ​ចេញ​ពី​ប្រទេស​ចិន ដើម្បី​គេច​ពី​វិធានការ​យក​ពន្ធ​គយ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ និង​ការ​យក​ពន្ធ​គយ​ទូទាត់​ផ្សេងៗ‍»។ នេះ​បើ​យោង​តាម​កំណត់​សម្គាល់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research នេះ។

លោក Rajiv Biswas សេដ្ឋវិទូ​ចម្បង​ផ្នែក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Markit និយាយ​ដូច្នេះ​ថា៖ «ទំនិញ​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​នាំ​ចូល​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រភព​ផលិត​នៅ​ប្រទេស​ចិន ដែល​ចំណុច​នេះ​គឺ​ជា​ការ​ព្យាយាម​គេច​ពី​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​ចិន​ណា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ‍»។

ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី​ដូចជា​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជា​ដើម បាន​យក​ពន្ធ​គយ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​លើ​ទំនិញ​ដែក​ថែប​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន។ ក្រុមហ៊ុន​នាំ​ចេញ​នានា​របស់​ចិន​អាច​លក់​ថោក​ជាង​ក្រុមហ៊ុន​ដទៃ​ទៀត​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។ ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ប្រឹងប្រែង​បង្កើត​ឧស្សាហកម្ម​ដែក​ថែប ឬ​ក៏​អាលុយមីញ៉ូម​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយសារតែ​មាន​ផល​លើស​ផ្នែក​ផ្គត់ផ្គង់ និង​ទំហំ​ផលិតកម្ម​ធំ។

ប្រទេស​វៀតណាម​កំពុង​ស្រូប​យក​ចំនួន​យ៉ាង​ច្រើន​នូវ​ផលិតផល​លើស​ចំនួន​របស់​ចិន ដោយសារតែ​ប្រទេស​ទាំង​ពីរ​មាន​ព្រំដែន​ជាប់​គ្នា ហើយ​វៀតណាម​មាន​តម្លៃ​ផលិតកម្ម​ទាប​ជាង​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Song Seng Wun សេដ្ឋវិទូ​នៃ​សាខា​ធនាគារ​ឯកជន CIMB នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ផលិតកម្ម​ជា​វិស័យ​ជំរុញ​សេដ្ឋកិច្ច​វៀតណាម ដោយ​ជួយ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​រីក​ចម្រើន​រវាង​ពី ៦ ទៅ ៧ ភាគរយ ក្នុង​មួយ​ឆ្នាំ។

ការ​លម្អៀង​ទៅ​រក​សហរដ្ឋ​អាមេរិក

សេដ្ឋវិទូ​នានា​ជឿ​ថា ការ​កើន​ឡើង​នូវ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​អាលុយមីញ៉ូម​ផ្ទាល់​ខ្លួន​របស់​ប្រទេស​វៀតណាម និង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ត្រួត​ពិនិត្យ​តឹងតែង​ជាង​មុន​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​របស់​លោក​ប្រធានាធិបតី Donald Trump។

ការ​យក​ពន្ធ​គយ​លើ​ទំនិញ​បង្ខូច​ថ្លៃ​ដែល​ចូល​ជា​ធរមាន​សម្រាប់​រយៈពេល ១២០ ថ្ងៃ​នេះ នឹង​ជួយ​ការពារ​ទំនាក់ទំនង​ឋិតថេរ​កន្លង​មក​របស់​ប្រទេស​វៀតណាម​ជាមួយ​នឹង​រដ្ឋបាល​របស់​លោក Trump ដោយសារតែ​រដ្ឋាភិបាល​វៀតណាម​ជួយ​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ចិន​ឆ្លង​កាត់​ប្រទេស​របស់​ខ្លួន​ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​មិន​បង់​ពន្ធ​គយ។

លោក Frederick Burke ម្ចាស់​ភាគហ៊ុន​ម្នាក់​នៃ​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ Baker McKenzie នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ពិតជា​យល់​ឃើញ​ថា វៀតណាម​ព្យាយាម​ដាក់​វិធានការ​តឹងតែង​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទី ៣‍។ ប្រទេស​វៀតណាម​ចាត់​ទុក​ការ​ធ្វើ​ដូច្នេះ​ថា​ជា​អំពើ​ឧក្រិដ្ឋ ជា​ការ​ទាញ​ប្រយោជន៍​ពី​ឋានៈ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ទាំង​នោះ​មាន ដោយ​មាន​ការ​រត់​ពន្ធ​ចូល និង​រត់​ពន្ធ​ចេញ។ ការ​ធ្វើ​ដូច្នេះ​គឺ​បំផ្លាញ​ដល់​កិត្តិយស​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ទាំង​នេះ ហើយ​ពួកគេ​មិន​បាន​ប្រយោជន៍​ពី​នេះ​ទេ‍»។

ទំនិញ​អាលុយមីញ៉ូម​ដែល​ធ្វើ​ហើយ​បាន​ពាក់​កណ្ដាល​របស់​ចិន ប្រឈម​នឹង​ការ​យក​ពន្ធ​គយ​លើ​ការ​លក់​បង្ខូច​ថ្លៃ បន្ថែម​ទៅ​នឹង​ពន្ធ​គយ​ចំនួន ១០ ភាគរយ ដែល​សហរដ្ឋ​អាមេរិក​យក​លើ​ប្រទេស​នានា​នៅ​លើ​ពិភពលោក។ រោងចក្រ​ផលិតកម្ម​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម​ទិញ​ទំនិញ​ទាំង​នេះ​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ធ្វើ​ទ្វារ ជញ្ជាំង និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រចនា​សម្ព័ន្ធ​សំណង់។

ទោះបីជា​រដ្ឋាភិបាល​របស់​លោក Trump បាន​បុក​គោលដៅ​ភាគ​ច្រើន​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម​ក៏​ដោយ ក៏​កាល​ពី​ខែ​មុន ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​វៀតណាម​ថា​អាច​ជា «អ្នក​ក្រឡុក‍» រូបិយវត្ថុ។ ដូច​ប្រទេស​ចិន​ផង​ដែរ ប្រទេស​វៀតណាម​ក៏​មាន​ផល​លើស​ផ្នែក ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​នេះ​គឺ​ជា​លក្ខខណ្ឌ​ដូច​ទៅ​នឹង​លក្ខខណ្ឌ​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក ដែល​ជម្លោះ​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​ពីរ​របស់​ខ្លួន​ហើយ ហើយ​ជម្លោះ​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ក្នុង​ខែ​នេះ។

លោក Song Seng Wun និយាយ​ដូច្នេះ​ថា៖ «យើង​ឃើញ​ថា អំណាច​ដ៏​មាន​ឥទ្ធិពល​របស់​លោក​ប្រធានាធិបតី Trump អាច​មាន​ឥទ្ធិពល​ធំធេង​គួរសម។ ដូច្នេះ ខ្ញុំ​គិត​ថា នៅ​ចំណុច​នេះ វៀតណាម​ហាក់​ដូចជា​មិន​ចង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក ជាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចិន​នោះ​ទេ‍»។

បន្ទាប់ពី​មាន «ការ​ប្រឹក្សា​យោបល់‍» សាធារណៈ​ជា​ច្រើន​លើក​ច្រើន​សារ​មក ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​វៀតណាម នឹង​សម្រេច​មុន​ពេល​ដំណាច់​ឆ្នាំ​នេះ​ថា​តើ​គួរតែ​បន្ថែម​ពេល​វេលា​យក​ពន្ធ​គយ​នេះ​បន្ត​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research។

ប្រសិនបើ​ប្រទេស​វៀតណាម​មិន​ដាក់​គំនាប​ពន្ធ​គយ​របស់​ខ្លួន​ទេ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ទំនងជា​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​គេ​សង្ស័យ​ថា​បាន​នាំ​ទំនិញ​អាលុយមីញ៉ូម​របស់​ចិន​ចេញ​ពី​ប្រទេស​វៀតណាម និង «បញ្ជា​ឲ្យ​មន្ត្រី​គយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន​លើ​ទំនិញ​ណា​ដែល​ដាក់​ស្លាក​ថា​ផលិត​នៅ​ប្រទេស​វៀតណាម‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Maxfield Brown អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Dezan Shira & Associates នៅ​ក្នុង​ទីក្រុង​ហូជីមិញ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG