ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​ថា ​ចិន​ចង់​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G-7 ក្នុង​ក្រុង Biarritz ប្រទេស​បារាំង កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G-7 ក្នុង​ក្រុង Biarritz ប្រទេស​បារាំង កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ចិន​បាន​ធ្វើ​ការ​សម្រេច​ដើម្បី​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម ​ជា​ចំណាត់ការ​មួយ​ដែល​កើត​មាន​បន្ទាប់​ពី​ប្រទេស​ទាំង​២ ​បាន​ប្រកាស​ការ​ដំឡើង​ពន្ធ​គយ​យ៉ាង​ខ្លាំង​នៅ​ពេល​ថ្មីៗ​នេះ។

​ថ្លែង​នៅ​ឯ​ជំនួប​របស់​មេដឹកនាំ​ក្រុម G7 ​នៅ​ក្នុង​ប្រទេស​បារាំង ​ប្រធានាធិបតី​ត្រាំ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ចិន​បានទូរស័ព្ទ​មក​អ្នក​តំណាង​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ហើយ​បាន​និយាយថា ​នឹង​ត្រឡប់​ទៅ​កាន់​តុចរចា​វិញ។

លោក​ប្រធានាធិបតី​ត្រាំ ​បាន​ហៅ​សុច្ឆន្ទៈ​នៃ​ការ​បន្ត​ការចរចា​នេះ​ថា ជា​សញ្ញា​វិជ្ជមាន​មួយសម្រាប់​ពិភពលោក។

ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា «ចិន​ចង់ធ្វើ​ឲ្យ​ការ​ចរចា​នេះ​បាន​សម្រេច។ ឥឡូវ​នេះ ប្រហែល​យើង ​នឹង​មិន​បាន​សម្រេច​ជោគជ័យ​ទេ ​ក៏ប៉ុន្តែ នេះ​ជាលើក​ទី​១​ដែល​ខ្ញុំ​បាន​ឃើញ​ពួកគេ​ចង់​ធ្វើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នោះ ហើយ​ ខ្ញុំ​គិត​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ»។

​លោក​ប្រធានាធិបតី​ត្រាំ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ថាតើ​លោក​បាន​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយ​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ​ជីនពីង​ដែរឬទេ ​ក៏ប៉ុន្តែ ​លោក​ត្រាំ ​បាន​សរសើរ​លោក​ស៊ី​ម្តង​ហើយ​ម្តងទៀត​ដោយ​បាន​ហៅ​លោក​ថា ជា​មេដឹកនាំ​ដ៏​អស្ចារ្ស។

​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​ត្រាំ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក Liu He ​អ្នក​ចរចា​ពាណិជ្ជកម្ម​កំពូល​របស់​ចិន ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ចិនមាន​ឆន្ទៈ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចប់ជម្លោះ​ពាណិ​ជ្ជកម្ម​ដែល​កំពុង​កើត​មាន​ឡើង​នេះ​ហើយ​ថា​ចិន ​ជំទាស់​ប្រឆាំង​ការ​រីកកាន់​តែ​ធំ​ឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។

​ព្រឹត្តិការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​មានភាព​ធូរស្រាល​បន្តិចដល់​ផ្សារភាគហ៊ុន​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ទីក្រុង​ហុងកុងនៅ​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG