សហរដ្ឋអាមេរិកនិងចិននឹងរៀបចំកិច្ចប្រជុំចំនួន៤ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងឆ្នាំនេះ នៅក្នុងទស្សនកិច្ចដែលមានគោលបំណងពង្រឹងសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
នៅក្នុងសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី ត្រាំ បាននិយាយថា លោក«ទន្ទឹងរង់ចាំដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន»។ នេះបើយោងតាមការស្រង់សម្តីមួយដែលចេញផ្សាយដោយក្រសួងការបរទេសចិន។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដកសព្វាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ និងដោះស្រាយការគំរាមកំហែងពីកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងក្លាយជារបៀបវារៈកំពូលនៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោក ត្រាំ ទៅកាន់ប្រទេសចិន។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកប្រធានាធិបតី ត្រាំ ក្នុងអំឡុងពេលនិយាយតាមទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតីចិន ស៊ី បានរិះគន់ទៅលើការបន្តសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង និងបានសង្កត់ធ្ងន់ថា សកម្មភាពរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងធ្វើឲ្យឧបទ្វីបកូរ៉េគ្មានស្ថិរភាព»។
មេដឹកនាំទាំងពីរបានជួបគ្នានៅរមណីយដ្ឋាន Mar-a-Largo កាលពីដើមខែនេះ៕