ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជាថ្មីម្ដងទៀត បានទូរស័ព្ទពីសេតវិមានទៅកាន់មេដឹកនាំនៃប្រទេសជប៉ុន និងចិន ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង។
ការសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទី រវាងលោក Trump និងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe គឺក្នុងគោលបំណងបង្កើនសម្ពាធលើរដ្ឋាភិបាលកូរ៉េខាងជើងមិនឲ្យធ្វើសកម្មភាពបង្កហេតុបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលជប៉ុន។
លោក Abe បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជប៉ុន និងសហរដ្ឋអាមេរិក ឯកភាពគ្នាទាមទារឲ្យកូរ៉េខាងជើង រក្សាភាពអត់ធ្មត់»។
ប៉ុន្តែ ទាំងលោក Trump ក៏ដូចជាលោក Abe ជឿជាក់ថា ប្រទេសចិនមានតួនាទីសំខាន់ជាង នៅក្នុងការដោះស្រាយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃចន្ទនេះ បានសង្កត់ធ្ងន់អំពីការប្រឆាំងរបស់រដ្ឋាភិបាលចិនចំពោះការរំលោភរបស់កូរ៉េខាងជើង លើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ និងបានបញ្ជាក់ថា ភាគីទាំងអស់គួរតែជៀសវាងសកម្មភាពណាមួយ ដែលអាចប៉ះពាល់បន្ថែមទៀតដល់ស្ថានការណ៍ដែលកំពុងតែតានតឹងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Xinhua។
គេឃើញមានការកើនឡើងនូវការព្រួយបារម្ភ ដែលថាកូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ របស់ខ្លួន ដើម្បីប្រារព្ធខួបទី ៨៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារស្អែក៕