លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានមានប្រសាសន៍ថាស.រ.អា.មានការទុកចិត្តថាប្រទេសចិននឹងធ្វើសកម្មភាពច្រើនថែមទៀតដើម្បីដាក់សម្ពាធលើប្រទេសកូរ៉េខាងជើងឱ្យប្រទេសនេះទម្លាក់ចោលកម្មវិធីអាវុធបរមាណូរបស់ផងខ្លួន។
លោក Pence បានមានប្រសាសន៍ដូច្នេះនៅថ្ងៃសៅរ៍នេះក្នុងក្រុងស៊ីដនីនៅក្នុងសន្និសីតកាសែតរួមគ្នាមួយជាមួយលោកនាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលី Malcolm Turnbull។
ស.រ.អា.និងប្រទេសអូស្រ្តាលី បានដាក់គំនាបសង្កត់លើប្រទេសចិនឱ្យមានការទទួលខុសត្រូវច្រើនជាងមុនក្នុងជះឥទ្ធិពលលើកូរ៉េខាងជើងឱ្យប្រទេសនេះបោះបង់ចោលកម្មវិធីបរមាណូរបស់ផងខ្លួន។
លោក Pence បានមានប្រសាសន៍ថាកម្មវីធីកាំជ្រួច មីស៊ីល ផ្លោងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង «តំណាងការគំរាមកំហែងមួយដល់ស្ថិរភាពនិងសន្តិសុខក្នុងតំបន់នេះនិងមានសក្តានុពលជាការគំរាមកំហែងមួយដល់ស.រ.អា.ដីគោកផងដែរ»។
លោកអនុប្រធានាធិបតីស.រ.អា.ដែលជាមន្ត្រីជាន់ខ្ពស់ទីមួយរបស់រដ្ឋបាល Trump ដែលទៅទស្សនាប្រទេស អូស្រ្តាលី បាននិយាយថា «ការបន្តឋិតនៅលើមាគារដែលពិភពលោកនៅជាមួយកូរ៉េខាងជើងកាលពី២៥ឆ្នាំកន្លងទៅនេះជាការមិនអាចទទួលយកបានទេ»។
លោក Pence បានមានប្រសាសន៍ថាកងនាវាចម្បាំងមួយដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Carl Vinson ដែលធ្វើដំណើរទៅកាន់ផ្ទៃសមុទ្រទល់មុខនឹងឆ្នេរសមុទ្រឧបទ្វីបកូរ៉េនឹងទៅដល់សមុទ្រជប៉ុនក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Turnbull បានមានប្រសាសន៍ថាប្រទេសចិនគួរប្រើឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្ខំប្រទេសកូរ៉េខាងជើងឱ្យគោរពតាមសេចក្តីសម្រេចចិត្តរបស់អ.ស.ប.។
លោក Pence ក៏បានបញ្ជាក់ដែរថាស.រ.អា.នឹងធ្វើតាមកម្មវិធីជនភៀសខ្លួនចម្រូងចម្រាស់មួយជាមួយប្រទេស អូស្រ្តាលី ដែលនឹងយកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោន១ពាន់២រយ៥០នាក់ឱ្យមកតាំងលំនៅដ្ឋានជាថ្មីក្នុងប្រទេសអាមេរិក។ប្រធានាធិបតី Trump បានព៌ណនាកិច្ចព្រមព្រៀងរបស់រដ្ឋបាលលោក Obama អំពីជនភៀសខ្លួនថា «ល្ងីល្ងើ»។
លោកអនុប្រធានាធិបតីស.រ.អា. Mike Pence កំពុងឋិតនៅក្នុងប្រទេសចុងក្រោយបង្អស់នៃដំណើរទស្សនកិច្ច១០ថ្ងៃរបស់លោកក្នុងប្រទេសបួនក្នុងទ្វីបអាស៊ីដែលបាននាំលោកទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុននិងប្រទេសឥណ្ឌូនេស៊ីរួចស្រេចហើយ៕