លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចដំណាក់ទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយទាក់ទិនជាមួយការទិញផលិតផលកសិកម្ម រូបិយបណ្ណ និងផ្នែកខ្លះនៃការការពារកម្មសិទ្ធិបញ្ញា។
ប្រទេសចិននឹងបង្កើនការទិញទំនិញកសិកម្មស.រ.អា.ច្រើនក្រាស់ក្រែលនិងយល់ព្រមជាមួយវិធានការខ្លះខាងកម្មសិទ្ធិបញ្ញានិងសម្បទានទាក់ទិនជាមួយសេវាហិរញ្ញវត្ថុនិងរូបិយបណ្ណ។ ជាថ្នូរ ស.រ.អា.នឹងពន្យារពេលការបង្កើនពន្ធដារលើទំនិញចិន។
នៅក្នុងជំនួបមួយជាមួយឧបនាយករដ្ឋមន្ត្រីចិន Liu He នៅក្នុងសេតវិមាន លោក ត្រាំ បាននិយាយថាលោកនិងប្រធានាធិបតីចិន Xi Jinping នឹងចុះហត្ថលេខាលើដំណាក់ការទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅខាងក្រៅការប្រជុំនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វ៊ិកក្នុងខែវិច្ឆិកាខាងមុខនេះនៅក្នុងប្រទេសឈីលី។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប្រទេសចិននឹងយល់ព្រមដល់សម្បទានខ្លះខាងកសិកម្មហើយស.រ.អា.នឹងបន្ធូរបន្ថយខ្លះដល់ពន្ធដារ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្នែកនេះអាចបញ្ចៀសការបង្កើនពន្ធដារបាន។
ការយកពន្ធដារនៅពេលបច្ចុប្បន្នចំនួន២៥ភាគរយលើទំនិញចិនមានតម្លៃ២៥០ពាន់លានដុល្លារមានកំណត់នឹងឡើងដល់៣០ភាគរយនៅថ្ងៃទី១៥ខែតុលាហើយការបង្កើនពន្ធចំនួន១៥ភាគរយថែមទៀតមានកំណត់នឹងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ។
លោក Steve Mnuchin រដ្ឋមន្ត្រីហិរញ្ញវត្ថុស.រ.អា.បាននិយាយថា លោក ត្រាំ បានយល់ព្រមមិនដំឡើងពន្ធដារលើទំនិញចិននៅថ្ងៃទី១៥ ខែតុលាទេ។
ក៏ប៉ន្តែលោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មស.រ.អា.បានថ្លែងថាលោក ត្រាំ មិនទាន់បានសម្រេចចិត្តនៅឡើយទេអំពីការបង្កើនពន្ធដារដែលមានកំណត់នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែធ្នូ៕