ក្រុមមន្ត្រីអាមេរិក និងចិនបានបញ្ចប់កិច្ចប្រជុំលើកទីបីនៃក្រុមការងារដែលត្រូវបានបង្កើតឡើងដើម្បីសហការលើបញ្ហាហិរញ្ញវត្ថុ ក្នុងជំហានមួយដែលបន្តនិន្នាការដែលកំណត់ដោយមហាអំណាចទាំងពីរកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីបន្ធូរបន្ថយភាពតានតឹង។
ក្រុមមន្ត្រីមកពីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានជួបជាមួយសមភាគីនៅក្នុងធនាគារប្រជាជនចិន ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនចាប់ពីស្ថិរភាពហិរញ្ញវត្ថុរហូតដល់ការប្រឆាំងការលាងលុយកខ្វក់។ គណៈប្រតិភូក៏បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ខណៈពេលដែលពួកគេស្ថិតនៅក្នុងប្រទេសចិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រ។
ក្រុមប្រតិភូនេះក៏បានបង្ហាញផងដែរថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen នឹងត្រឡប់ទៅប្រទេសចិនវិញដើម្បីធ្វើទស្សនកិច្ចមួយនៅពេលអនាគត។ លោកស្រីធ្លាប់ធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែកក្កដា។
នៅក្នុងខែវិច្ឆិកាលោកស្រី Yellen បានជួបប្រជុំជាមួយលោក He នៅទីក្រុង San Francisco។ កិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់មន្ត្រីទាំងពីរត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំនៅពេលក្រោយរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ។
កាលពីខែវិច្ឆិកាកន្លងទៅភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាដូចជាការទប់ស្កាត់ការរីករាលដាលនៃថ្នាំញៀន fentanyl ក៏ដូចជាការធ្វើទំនាក់ទំនងយោធាទៅយោធា។ ខណៈពេលដែលកិច្ចប្រជុំបានរក្សាទំនាក់ទំនងមិនឱ្យកាន់តែអាក្រក់ទៅៗមែនតែកិច្ចប្រជុំនេះមិនបានដោះស្រាយការខ្វែងគំនិតគ្នាសំខាន់ៗទាំងឡាយរវាងប្រទេសទាំងពីរទេ។
មានបញ្ហាសេដ្ឋកិច្ចជាយូរយារណាស់មកហើយរវាងចិន និងសហរដ្ឋអាមេរិក ចាប់តាំងពីអតីតប្រធានាធិបតីលោក Donald Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្ម ដោយកំណត់ពន្ធខ្ពស់លើទំនិញចិនមួយចំនួន៕
ប្រែសម្រួលដោយលោកសុខ ខេមរា
វេទិកាបញ្ចេញមតិ