ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ទណ្ឌកម្មបុគ្គលក្នុងប្រទេស ៩ សម្រាប់ការរំលោភសិទ្ធិមនុស្ស


រូបឯកសារ៖ ទិដ្ឋភាពនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ទិដ្ឋភាពនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន ២០ នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៩ សម្រាប់​ការ​រំលោភ​សិទ្ធិមនុស្ស។

ក្នុង​ចំណោម​បុគ្គល​ដែល​រង​ទណ្ឌកម្ម​នេះ បុគ្គល​ចំនួន ១៣ នាក់​មាន​តួនាទី​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្តិ​ឬ​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រព្រឹត្តិ​ការ​រំលោភ​សេពសន្ថវៈ​និង​ទម្រង់​ផ្សេងៗ​ទៀត​នៃ​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ហៃទី និង​ស៊ូដង់​ខាងត្បូង។

បន្ថែម​ពីលើ​នេះ មន្ត្រី​តាលីបង់ (Taliban) ២ នាក់​នៅ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភ​បំពាន​ពាក់ព័ន្ធ​នឹង​ការ​គាបសង្កត់​លើ​សិទ្ធិ​របស់​ស្ត្រី​និង​កុមារី។ នៅ​អ៊ីរ៉ង់ មន្ត្រី​ស៊ើបការណ៍​សម្ងាត់ ២ នាក់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​សម្រាប់​ការ​បង្ក្រាប​លើ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​លើ​បាតុកម្ម​សន្តិវិធី។

មន្ត្រី​រដ្ឋាភិបាល​ចិន ២ នាក់​នៅ​ខេត្ត Xinjiang ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ផង​ដែរ​សម្រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​ក្រុម​ជាតិ​សាសន៍​ភាគតិច​កាន់​សាសនា​អ៊ិស្លាម​អ៊ុយហ្គ័រ (Uyghur)។

នៅ​ក្នុង​ការ​ប្រកាស​អំពី​ទណ្ឌកម្ម​ទាំងនេះ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​កត់សម្គាល់​អំពី​ខួប​ទី ៧៥ នៃ​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស​ដែល​ជា «ឯកសារ​ដ៏​សំខាន់​ចារ​អំពី​សិទ្ធិមនុស្ស​និង​សេរីភាព​មូលដា្ឋន​សម្រាប់​បុគ្គល​គ្រប់រូប»។

សេចក្តី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស​នេះ​ត្រូវ​បាន​ព្រាង​ឡើង​ដោយ​អ្នក​តំណាង​មកពី​គ្រប់​តំបន់​ទាំងអស់​នៅ​លើ​ពិភពលោក ហើយ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ដោយ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ១៩៤៨។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចាត់ទុក​ការ​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ផ្លូវភេទ​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ថា​ជា​អាទិភាព​កំពូល​មួយ ដោយ​លោក​បាន​ចុះ​អនុស្សរណៈ​មួយ​កាលពី​ឆ្នាំ​មុន​ដើម្បី​ពង្រឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អាមេរិក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ទាំង​នេះ​តាម​រយៈ​ការ​ប្រើប្រាស់​មធ្យោបាយ​ហិរញ្ញវត្ថុ ការទូត និង​ផ្លូវ​ច្បាប់។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​អ្នកស្រី Janet Yellen បាន​ថ្លែង​ថា ការ​ប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​គឺជា​រឿង​ដ៏​សំខាន់​បំផុត។

អ្នកស្រី​បាន​ថ្លែង​ថា ទណ្ឌកម្ម​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​នោះ​និង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត​ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​មក «សង្កត់ធ្ងន់​អំពី​ការ​ប្តេជ្ញា​ដ៏​ម៉ឺងម៉ាត់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​និង​នៅ​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ពី​បុគ្គល​ដែល​ប្រព្រឹត្តិ​អំពើ​អាក្រក់​ជាក់ស្ដែង​ទាំង​នេះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG