រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G-20 និងប្រធានធនាគារកណ្ដាលនានាបានជួបប្រជុំគ្នានៅក្នុងទីក្រុង Gandhinagar នៅភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីមធ្យោបាយគាំទ្រសេដ្ឋកិច្ចរអាក់រអួលរបស់សាកលលោកនិងជួយប្រទេសនានាដែលកំពុងប្រឹងប្រែងទប់ទល់នឹងវិបត្តិបំណុល។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាអ្នកស្រី Nirmala Sitharaman បាននិយាយថាក្រុមប្រទេស G-20 មានការទទួលខុសត្រូវ «នៅក្នុងការតម្រែតម្រង់សេដ្ឋកិច្ចសាកលលោកឆ្ពោះទៅរកការរីកចម្រើនដ៏រឹងមាំ មានចីរភាព តុល្យភាព និងប្រកបដោយបរិយាប័ន្ន»។
ប្រទេសឥណ្ឌា ដែលជាប្រធានក្រុមប្រទេស G-20 នៅក្នុងឆ្នាំនេះ គឺជាអ្នករៀបចំកិច្ចប្រជុំនេះ។
ប្រធានបទចម្បងមួយនៃរបៀបវារៈប្រជុំនេះគឺការសម្របសម្រួលឱ្យមានការមូលមតិគ្នាលើការរៀបចំលក្ខខណ្ឌបំណុលឡើងវិញសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ណាដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Sitharaman។
កិច្ចប្រជុំនេះគ្រោងនឹងពិភាក្សាអំពីផែនការរៀបចំលក្ខខណ្ឌបំណុលឡើងវិញសម្រាប់ប្រទេសស្រីលង្កានិងប្រទេសហ្គាណា ដែលមិនអាចសងបំណុលរបស់ខ្លួនបានកាលពីឆ្នាំមុន។
ក្ដីបារម្ភនៅលើពិភពលោកបានកើនឡើង ដោយសារតែតម្លៃកើនឡើងខ្លាំងនៃធញ្ញជាតិនិងអសន្តិសុខថាមពលនៅក្រោយវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្ខំឱ្យប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមជាប់បំណុលនិងធ្វើឱ្យការរីកចម្រើននៅលើសាកលលោកមានភាពយឺតយ៉ាវ។
ជាងពាក់កណ្ដាលនៃប្រទេសដែលមានប្រាក់ចំណូលទាបទាំងអស់កំពុងជិតធ្លាក់ចូលក្នុងវិបត្តិបំណុលឬក៏កំពុងស្ថិតក្នុងវិបត្តិបំណុលរួចទៅហើយ ដោយចំនួននេះកើនឡើងពីរដងបើប្រៀបជាមួយនឹងឆ្នាំ ២០១៥។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen។
អ្នកស្រី Yellen បាននិយាយនៅក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 ថា៖ «ពិភពលោកកំពុងសម្លឹងមើលលើក្រុមប្រទេស G-20 ឱ្យធ្វើឱ្យមានដំណើរវិវឌ្ឍលើបញ្ហាប្រឈមសំខាន់ៗដូចជាបញ្ហាប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាតផ្សេងៗជាដើមនៅក្នុងផ្នែកមួយនៃកិច្ចការរបស់យើងដើម្បីពង្រឹងសេដ្ឋកិច្ចសាកលលោកនិងគាំទ្របណ្ដាប្រទេសកំពុងអភិវឌ្ឍន៍»៕
វិបត្តិបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ស្ថិតនៅលើរបៀបវារៈនៃកិច្ចប្រជុំរបស់ក្រុមប្រទេស G-20
- Anjana Pasricha