ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ថា លោក​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយោជន៍​ទៅ​វិញ​ទៅ​មក


រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping លើក​គ្រវីដៃ​ក្នុង​ពិធី​ណែនាំ​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការអចិន្ត្រៃយ៍​នៅក្នុង​សាល Great Hall of the Peopleក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping លើក​គ្រវីដៃ​ក្នុង​ពិធី​ណែនាំ​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការអចិន្ត្រៃយ៍​នៅក្នុង​សាល Great Hall of the Peopleក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា ប្រទេស​ចិន​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែងរក​វិធី​ឱ្យ​មាន​ការ​ឯកភាព​គ្នា​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​របស់​ចិន​ដែល​បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​លើកឡើង​របស់​លោក Xi នេះ​បាន​ធ្វើ​ឡើង​នៅ​មុន​ជំនួប​ដែល​អាច​ទៅ​រួច​រវាង​លោក​និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក Xi បាន​បញ្ជាក់​នៅ​ក្នុង​សារ​មួយ​ដែល​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​គណៈកម្មាធិការ​ជាតិ​ស្ដីពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន (National Committee on U.S.-China Relations) កាលពី​ថ្ងៃ​ពុធ​ថា ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ចម្បង ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​គួរតែ​ពង្រឹង​ការ​ទាក់ទង​គ្នា​និង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជួយ​ផ្ដល់​ស្ថិរភាព​ដល់​ពិភពលោក។

ប្រទេស​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​គោល​នយោបាយ​របស់​ចិន​ចំពោះ​តៃវ៉ាន់ ទំនាក់ទំនង​របស់​ចិន​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី និង​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ការ​រារាំង​មិន​ឱ្យ​ក្រុមហ៊ុន​បន្ទះ​អេឡិចត្រូនិក semiconductor របស់​សហរដ្ឋ​អាមេរិក​លក់​បច្ចេកវិទ្យា​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន។

កាលពី​ថ្ងៃ​ពុធ លោក Biden បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​មិន​ចង់​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ចិន​នោះ​ទេ»។

បន្ទាប់ពី​លោក Xi ត្រូវ​បាន​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ រដ្ឋបាល​របស់​លោក Biden បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​រក្សា​ខ្សែ​ទំនាក់ទំនង​ឱ្យ​នៅ​បើក​ចំហ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន៕

XS
SM
MD
LG