ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកលុបចោលកិច្ចប្រជុំកំពូលអាស៊ាន​-អាមេរិកដោយសារមេរោគកូរ៉ូណា


រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក​បានលេីក​ពេលកិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ដែល​គ្រោង​នឹង​ធ្វេីឡើង​នៅថ្ងៃទី ១៤ ខែមីនា​ ដោយ​បារម្ភ​ពី​ការរីករាលដាលនៃមេរោគ​កូរ៉ូណាថ្មី​ ឬ​ (COVID19)។ នេះ​បេីតាម​មន្ត្រី​អាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កិច្ច​ប្រជុំនេះ។

​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​អញ្ជេីញ​ក្រុម​មេ​ដឹកនាំ​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ១០​ប្រទេស​ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៃ​កម្ពុជា​ផង ​ដេីម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​ពិសេស​នេះ នៅ​ទីក្រុង Las Vegas ​រដ្ឋ​ Nevada​ សហរដ្ឋអាមេរិក​ មួយផ្នែកដោយសារលោក ត្រាំ ​មិនបាន​ចូលរួម​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​កំពូលនេះ​នៅ​ទីក្រុង​បាងកក​ប្រទសថៃ កាលពីដេីម​ខែ​វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

ក៏ប៉ុន្តែ​ នៅថ្ងៃ​សុក្រនេះ មន្ត្រី​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ត្រូវ​លេីក​ពេល​ដោយ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដេីមថា៖

«ខណ:​ដែល​សហគមន៍​អន្តរជាតិ​ធ្វេីការ​រួមគ្នា​ដេីម្បី​កម្ចាត់​មេរោគ​កូរ៉ូណា​ថ្មី​ សហរដ្ឋ​អាមេរិក​ដែល​បាន​ពិភាក្សា​ជាមួយ​ដៃគូ​ក្នុង​តំបន់​អាស៊ាន បាន​សម្រេចចិត្ត​ដ៏​លំបាក​ក្នុងការ​ពន្យាពេល​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ ដែល​បាន​ដាក់​កាលបរិច្ឆេទ​កន្លងទៅ នៅ​ពាក់​កណ្តាល​ខែ​មីនា។ សហរដ្ឋ​អាមេរិក​ឲ្យ​តម្លៃ​លេី​ទំនាក់​ទំនង​របស់​យេីង​ជាមួយ​ប្រជាជាតិ​ក្នុង​តំបន់​ដ៏​សំខាន់​នេះ​ ហេីយ​ទន្ទឹង​រង់ចាំ​ជំនួប​ក្នុង​កិច្ច​ប្រជុំ​នាពេល​អនាគត»។

ប្រភព​ព័ត៌មាន​ពី​អ្នក​ការទូត​អាស៊ាន​ម្នាក់ បាន​ថ្លែង​ប្រាប់ VOA ថា​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នក​ការទូត​អាស៊ាន​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ដេីម្បី​ជម្រាប​ពី​ការលេីក​ពេល​នេះ​ ហេីយ​បាន​បញ្ជាក់​ថា លោក ត្រាំ យក​ពេលវេលា​នេះ ដេីម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា។

មេរោគ​កូរ៉ូណា​ដែល​ផ្ទុះ​ចេញ​ពី​ក្រុងវូហាន​ ប្រទេស​ចិន កំពុង​រាលដាល​ពេញ​ពិភពលោក​នេះ​ ដោយ​បណ្តាល​ឲ្យ​ធ្វេីឲ្យ​មនុស្សជាង​ ៨៣​០០០​នាក់​ឆ្លង និង​សម្លាប់​មនុស្ស​ក្នុង​ពិភពលោក​យ៉ាងតិច ២៨០០​នាក់។

កាលពីថ្ងៃ​ចន្ទ​កន្លងទៅ លោក​រដ្ឋមន្ត្រី​ការបរទសអាមេរិក ​ម៉ៃ​ បុមប៉េអូ​ (Mike Pempeo) បាន​ថ្លែង​បញ្ជាក់​ថា ដំណេីរការ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ពិសេស​នឹង​ប្រព្រឹត្ត​ឡើង​តាម​ធម្មតា ​ទោះបី​មាន​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​ក៏ដោយ។

ការ​លុបចោល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ដោយសារ​មេរោគ​កូរ៉ូណា​នេះ​មិន​បាន​បញ្ជាក់​ថាតេីកិច្ចប្រជុំ​នេះ​នឹង​ត្រូវ​រៀបចំ​ឡេីងវិញ​នៅពេល​ណា​នោះ​ទេ៕

XS
SM
MD
LG