សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន នឹងចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅសប្តាហ៍នេះ នៅប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់និងសកលជាច្រើន ស្របពេលដែលមិនមានអវត្តមានរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងកិច្ចប្រជុំអាស៊ីបូព៌ាលើកនេះ។
ក្រុមអ្នកវិភាគកិច្ចការតំបន់បានលើកឡើងពីភាពមិនច្បាស់លាស់នៃដំណើរការធ្វើសេចក្តីសម្រេចចិត្តខ្លះ ក្នុងកិច្ចប្រជុំនេះដែលគេរំពឹងថា នឹងដំណើការទៅដោយរលូន បើទោះបីជាគ្មានវត្តមានលោក ត្រាំ ក៏ដោយ។ ក៏ប៉ុន្តែ អវត្តមាននេះអាចនឹងបង្កជាបញ្ហារកាំរកូសខ្លះសម្រាប់នយោបាយក្នុងតំបន់និងសាកល។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចាត់ទុកអវត្តមានរបស់មេដឹកនាំអាមេរិក ថាជាការមាក់ងាយដោយបានអះអាងថា រឿងមុខមាត់សំខាន់ណាស់សម្រាប់តំបន់អាស៊ាន។
«វាជារឿងមិនអាចទួលយកបានទេ។ វាប៉ះពាល់ដល់មុខមាត់ ទំនាក់ទំនងល្អជាមួយអាស៊ាននិងតំបន់»។
លោកថ្លែងដូច្នេះដោយសារថា អាស៊ាននិងមេដឹកនាំប្រទេសនានាត្រូវការពិភាក្សាគ្នារឿងសំខាន់ៗជាច្រើនទាក់ទងនឹងសន្តិសុខ បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េជាដើម ដែលលោកសង្កត់ធ្ងន់ថា នឹងមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិក។
«នេះជាឱកាសផ្តល់ឲ្យចិននិងរុស្ស៉ី ពង្រឹងវត្តមាននិងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើង»។
តំបន់អាស៊ានមានពលរដ្ឋចំនួនប្រហែល ៦៥០លាននាក់ ហើយមានទីផ្សារសេដ្ឋកិច្ចធំលំដាប់ទី៤លើពិភពលោក ដែលក្រុមអ្នកនយោបាយអាមេរិកខ្លះយល់ថា រដ្ឋបាលលោក ត្រាំ មិនគួរព្រងើយនឹងប្លុកនេះ ដែលមានសក្តានុពលខាងសេដ្ឋកិច្ចនយោបាយ និងវប្បធម៌ចម្រុះបានទេ។
អ្នកការទូតម្នាក់បានអះអាងថា វត្តមានសហរដ្ឋអាមេរិកជារឿងសំខាន់សម្រាប់តុល្យភាពអំណាចក្នុងតំបន់ ហើយអាចធានាឲ្យតំបន់នេះមានសន្តិសុខ និងគ្មានការរំលោភបំពាននានា។
«(អវត្តមានលោក ត្រាំ) វាបង្ហាញពីការមិនយកចិត្តទុកដាក់របស់រដ្ឋបាលលោក ត្រាំ ចំពោះតំបន់អាស៊ាន»។
យ៉ាងណាមិញ សហរដ្ឋអាមេរិកទំនងជាយកចិត្តទុកដាក់នឹងបញ្ហាសន្តិសុខនិងសេដ្ឋកិច្ចពាណិជ្ជកម្ម ដោយគេឃើញមានការបញ្ជូនទីប្រឹក្សាសន្តិសុខមកចូលរួមជាប្រេសិតពិសេស ជំនួសវត្តមានប្រធានាធិបតី។ លោក ត្រាំ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានពីសេតវិមានថា លោកនឹងបញ្ជូនទីប្រឹក្សាសន្តិសុខ គឺលោក Robert O’ Brien ប្រេសិតពិសេស និងលោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ានលើកនេះក៏នឹងកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP កាលពីសប្តាហ៍មុនដល់ប្រទេសថៃ ដោយសារថៃមិនបានដោះស្រាយបញ្ហាសិទ្ធិសេរីភាពកម្មករនិងពលករ។ ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី ត្រាំ ក៏កំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងនយោបាយអាមេរិក ដោយរដ្ឋសភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កំពុងដំណើរការសួរនាំពាក់ព័ន្ធនឹងការទម្លាក់លោកប្រធានាធិបតី ត្រាំ ពីតំណែង។ យ៉ាងណាមិញ ដំណើរការនេះត្រូវបានគេរំពឹងថានឹងជាប់គាំងនៅព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដូចលោក ត្រាំ នោះ។
ទោះជាយ៉ាងណាក៏ដោយ ទាំងអ្នកការទូត និងអ្នកវិភាគ បានអះអាងស្របគ្នាថា លោក ត្រាំ ទំនងជាមិនមានអ្វីត្រូវសម្រេច និងពិភាក្សា ដូច្នេះបានជាលោកសម្រេចមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកនេះ ហើយថែមទាំងមិនបញ្ជូនអនុប្រធានាធិបតី ឬរដ្ឋមន្ត្រីដែលជាមន្ត្រីកំពូលក្នុងមុខតំណែងផ្លូវការមកចូលរួមទៀតផង។
អ្នកការទូតខាងលើបានបន្ថែមថា កិច្ចប្រជុំកំពូលភាគច្រើនគឺមានការសម្រេចពីថ្នាក់រដ្ឋមន្ត្រីរួចហើយ នៅពាក់កណ្តាលឆ្នាំដោយមានការចេញជា«សេចក្តីប្រកាសរួម»។ ដោយឡែកសម្រាប់មេដឹកនាំកំពូលរបស់ប្រទេស ក៏នឹងមានការចេញជា«សេចក្តីថ្លែងការណ៍រួម»តែប៉ុណ្ណោះ។
កិច្ចប្រជុំលើកនេះក៏ផ្តោតការយកចិត្តទុកដាក់ផងដែរ ទៅលើបញ្ហាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា បញ្ហានៅប្រទេសទីម័រខាងកើតដែលត្រូវចូលជាសមាជិកអាស៊ានដែលគេរំពឹងថា នឹងមានប្រទេសតិចតួចប៉ុណ្ណោះអាចជំទាស់ការដាក់បញ្ចូលប្រទេសមួយនេះជាសមាជិកអាស៊ាន។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក៏នឹងមានកិច្ចប្រជុំអាស៊ានបូកមួយ គឺអាស៊ាន១០ប្រទសជាមួយប្រទេសឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ ឬអាស៊ានបូកអង្គការសហប្រជាជាតិ និងអាស៊ានបូកបីដែលមានអាស៊ាន ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
ប្រទេសអាស៊ានមានសមាជិកចំនួន១០ប្រទេស គឺព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕