ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ​នឹង​ទទួល​មេ​ដឹកនាំ​តំបន់​រួម​ទាំង​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​អាមេរិក​នៅ​ខែមីនា


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃក្នុងពិធីថតរូបរួមគ្នាមួយជាមួយមេដឹកនាំប្រទេសទាំង១០នៃសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃក្នុងពិធីថតរូបរួមគ្នាមួយជាមួយមេដឹកនាំប្រទេសទាំង១០នៃសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន - ​អាមេរិក​ត្រូវ​គេ​គ្រោង​នឹង​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក ​នៅ​ពាក់​កណ្តាល​ខែ​មីនា​ខាងមុខ ​ដែលប្រទេស​ជា​ច្រើន​បាន​សម្រេច​ថា​ មេ​ដឹកនាំ​ខ្លួន​នឹង​មក​ចូលរួម​តាម​ការ​អញ្ជើញ​របស់ប្រធានាធិបតីអាមេរិក​លោក ​ដូណាល់​ ត្រាំ (Donald Trump) ​ដើម្បី​ពិភាក្សាបញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ ដែល​ទំនង​ជា​ផ្តោត​លើ​បញ្ហា​សន្តិសុខ ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បញ្ហា​ក្នុង​តំបន់​ផ្សេង​ទៀត ​ដែល​ចិន​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ដ៏ខ្លាំង​ក្លា​នោះ។​

​បើគ្មាន​អ្វី​ប្រែ​ប្រួល​ទេ ​ប្រធានាធិបតីអាមេរិក​លោក​ ដូណាល់ ត្រាំ​ នឹង​ទទួល​ជួបជាមួយ​ក្រុម​មេ​ដឹកនាំ​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន១០​ប្រទេស​ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៃ​កម្ពុជា​ផង​នៅ​ថ្ងៃទី​១៤ ​មីនា​ ក្នុង​ទីក្រុង Las Vegas​ រដ្ឋ​ Nevada​ សហរដ្ឋអាមេរិក។​

លោក​ប្រធានាធិបតី​ ត្រាំ ​ដែល​មាន​បំណង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ស៊ី​ជម្រៅ​ជាមួយ​តំបន់​អាស៊ាន​ដែល​មាន​ពលរដ្ឋ​ជាង ​៥៦០ ​លាន​នាក់ ​និង​ជា​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​នេះ​ អាច​នឹង​ធ្វើ​ការ​ប្តេជ្ញា​ថ្មីៗ​បន្ថែម​ទៀត​លើ​បញ្ហា​សន្តិសុខ​តំបន់​និង​សម្ព័ន្ធមិត្ត​ បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ពង្រីក​បន្ថែម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​ក្នុង​តំបន់​ខ្លះ​កំពុង​តស៊ូ​មតិ​ជាមួយ​ចិន​ក្នុង​ការ​ទាមទារ​ដែន​កម្ម​សិទ្ធិ​ជាដើម។​

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ បាន​ថ្លែង​ពី​សារៈ​សំខាន់​នៃតួនាទីអាមេរិក​ក្នុង​តំបន់​ ដើម្បី​រក្សា​តុល្យភាព​ជាមួយ​នឹង​មហា​អំណាច​ចិន។​

«ក៏​ប៉ុន្តែ​ចំពោះ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ គឺ​ចង់​ឲ្យ​អាមេរិក​ដើរ​តួនាទី​សំខាន់ ​ប៉ុន្តែ​មិន​ចង់​ប្រកួត​ប្រជែង​ជាមួយ​ចិន​ហ្នឹង​វាខ្លាំង​ពេក​ ដល់​ថ្នាក់​ថា​ បង្ខំ​ឲ្យ​ប្រទេស​មួយ​ចំនួន​ទៅ​កាន់​ជើង​ម្ខាងៗ​នោះ​ទេ។ ​អ៊ីចឹង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​អាមេរិក​ ​ក៏​ប៉ុន្តែ​កុំលូក​ដៃ​ចូល​ជ្រៅ​ពេក​នៅ​ក្នុង​តំបន់​ ជាពិសេស​នយោបាយ​ផ្ទៃ​ក្នុង​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ហ្នឹង​ ​ដែល​អាច​ធ្វើឲ្យ​មាន​អស្ថិរភាព​ ឬ​ក៏​មាន​ភាព​ប្រេះឆា‍»។​

ប្រទេស​ចិន​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​៤ រួម​មាន​វៀតណាម ​ហ្វីលីពីន​ម៉ាឡេស៊ី ​និង​ព្រុយណេ​ ​មាន​វិវាទ​ជាមួយ​ចិន​ក្នុង​ការ​ទាមទារ​ដែន​កម្មសិទ្ធិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ក្នុង​តំបន់។​

សហរដ្ឋ​អាមេរិក និង​អាស៊ាន​បាន​បាន​ទាមទារ​ឲ្យ​គូភាគី​ដោះស្រាយ​បញ្ហា​តាម​ច្បាប់​ និង​បទដ្ឋាន​អន្តរជាតិ​ ដូច​ជា​កតិកា​សញ្ញា​របស់​អង្គការ​សហប្រជា​ជាតិ​(អ.ស.ប.) ​កាល​ពី​ឆ្នាំ​ ១៩៨២​ ស្តីពី​ច្បាប់​សមុទ្រ​ដែល​ហៅ​ថា​ UNCLOS ​ក្នុង​ពេល​គូភាគី​ទាំង​ចិន ​និង​អាស៊ាន​កំពុង​តាក់​តែង​រួមគ្នា​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ (COC) ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែន​កម្មសិទ្ធ​នេះ។

រូបឯកសារ៖ នាវាមុជទឹកមីស្ស៊ីលប្រភេទ 094A Jin របស់​យោធាចិន កំពុងធ្វើដំណើរតំបន់សមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ នាវាមុជទឹកមីស្ស៊ីលប្រភេទ 094A Jin របស់​យោធាចិន កំពុងធ្វើដំណើរតំបន់សមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

គេ​មិន​ទាន់​ឃើញ​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ថា​ តើ​មានកម្មវិធី​អ្វីខ្លះ ​និង​រឿង​អ្វីខ្លះ​ដែល​លោក​ត្រាំ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ជាមួយ​មេដឹក​នាំ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ក៏​ប៉ុន្តែ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធានកិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​លើក​ទី​៧​ ក្នុង​ទីក្រុង​បាងកក ​ប្រទេស​ថៃ​ កាលពី​ដើម​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ មេដឹកនាំ​អាស៊ាន​និង​អាមេរិក​បាន​ប្តេជ្ញា​លើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​ជា​បន្ត​បន្ទាប់។​

«យើង​បញ្ជាក់​ពី​ការ​ប្តេជ្ញា​រួមគ្នា​ដើម្បី​ពង្រឹង​ដៃគូ​ជា​យុទ្ធសាស្ត្រ​អាស៊ានអាមេរិក​ ដែល​ជា​សសរស្តម្ភ​ដ៏​សំខាន់​ចំពោះ​សន្តិភាព ​សន្តិសុខ​ ស្ថិរភាព ​និង​វិបុល​ភាព​ក្នុង​តំបន់។​ យើង​កត់​សម្គាល់ពី​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​ដ៏​សំខាន់​ក្នុង​ការ​អនុវត្តផែន​ការ​សកម្ម​ភាព​អាស៊ាន ​អាមេរិក ដើម្បី​អនុវត្តដៃគូ​ជា​យុទ្ធសាស្ត្រ​អាស៊ានអាមេរិកឆ្នាំ ២០១៦​ ​ដល់​ឆ្នាំ​ ២០២០ ​ដែល​បណ្តា​សកម្មភាព​នានា​ត្រូវ​បាន​ដោះស្រាយ​ និងឈាន​ទៅ​រក​ការ​បង្កើត​ផែន​ការ​សកម្ម​ភាព​ថ្មី​សម្រាប់​ឆ្នាំ ​២០២១ ដល់​ឆ្នាំ​ ២០២៥ ដែល​នឹង​តម្រង់​ទិស​ភាគី​ទាំង​ពីរ​ឲ្យ​សម្រេច​បាន​ជា​ដៃគូ​ប្រកប​ដោយ​សក្តានុពល​ពេញ​លេញ​សម្រាប់​រយៈពេល​ ៥​ឆ្នាំ​ទៅ​មុខ‍»។​

ប្លុក​អាស៊ាន​ទាំង​ ១០​ប្រទេស​ មាន​ផលិត​ផល​សរុប​ក្នុង​ស្រុក​ GDP​ ដល់​ទៅ​ ២,៨​លាន​លានដុល្លារ​អាមេរិក​ ហើយ​ជា​តំបន់​សេដ្ឋកិច្ច​ទី៣ ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​បន្ទាប់​ពី​ចិន​និង​ឥណ្ឌា។​ អាស៊ាន​មាន​កំណើន​សេដ្ឋកិច្ច​ ៥,៥​ភាគរយក្នុង​មួយ​ឆ្នាំ​ ហើយក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ធំ​បំផុតទី​៤ ​ក្នុង​ពិភព​លោក​នៅ​ឆ្នាំ​ ២០៥០។​ ​

តំបន់​អាស៊ាន​ គឺ​ជា​ទីតាំង​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​បង្កើត​ចំណូល​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​កាត់​តំបន់​ដល់​ទៅ ៣,៤ លាន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​មួយ​ឆ្នាំៗ​ ​អាមេរិក​នាំ​ចូល​ទំនិញ​និង​សេវា​កម្ម​ទៅ​កាន់​អាស៊ាន​មាន​ទឹក​ប្រាក់​ដល់​ទៅ ១០៥​ពាន់​លាន​ដុល្លារ​ក្រៅ​ពី​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​ច្រើន​ទៀត​នោះ។​

លោក​ ឈាង វណ្ណារិទ្ធ ​យល់​ថា​ នេះ​ជា​ពេល​វេលា​ដែល​អាមេរិក​ត្រូវ​ស្តារ​ទំនុក​ចិត្ត​ក្នុង តំបន់​ដើម្បី​ទប់​ឥទ្ធិពល​ចិន។ ​លោក​បាន​ទទួល​ស្គាល់​ថា​ មេដឹក​នាំ​អាស៊ាន​មួយ​ចំនួន​នៅ​មិនទាន់​អាច​រំសាយ​ចិត្ត​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ ដោយសារ​លោក​ ត្រាំ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ឬ (TPP) ​ហើយ​លោកត្រាំ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​យន្ត​ការពហុភាគី​ដែល​ដឹកនាំ​ដោយ​អាស៊ាន ហើយ​លោក ​ត្រាំ​ មិន​បាន​ចូល​រួម​ប្រជុំ​កន្លង​ទៅ​នៅ​ទីក្រុង​បាងកក​ ​ដោយ​គ្រាន់​តែ​បញ្ជូន​មន្ត្រី​ថ្នាក់ទាប​ប៉ុណ្ណោះ​ទៅ​ចូល​រួម។​

«អ៊ីចឹង​ធ្វើ​ឲ្យ​គេ​អាក់​អន់​ចិត្ត​ច្រើន​នៅ​តំបន់​នេះ។​ អ៊ីចឹង​ទេ​ ​វត្តមាន​ការ​ទូត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ហ្នឹង​វា​ធ្លាក់​ចុះ។​ តួនាទី​សន្តិសុខ​នៅ​តែ​សំខាន់​ ក៏​ប៉ុន្តែ​តួនាទី​សេដ្ឋកិច្ច​របស់​អាមេរិក​ត្រូវ​តែ​ជំរុញបន្ថែម​ ជាពិសេស​ផ្នែក​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ហ្នឹង ​បើមិន​អ៊ីចឹង​ទេ​ ការ​ទូត ​សេដ្ឋកិច្ច​ហ្នឹង​អាច​ចាញ់​ចិន​ដាច់​ឆ្ងាយ ​ពី​ព្រោះ​ថា​ ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ហ្នឹង​កំពុង​តែ​គេ​ហៅ​ថា ​ធ្វើ​ពាណិជ្ជកម្ម​ ក៏ដូច​ជា​មាន​ការ​វិនិយោគ​ចិន​ហ្នឹង​ចូល​មក​ច្រើន។ ​អ៊ីចឹង​ វា​អាច​គ្រប​ដណ្តប់​ទៅ​លើ​តួនាទី​សេដ្ឋកិច្ច​របស់​អាមេរិក​ ហើយ​ទី៤​ហ្នឹង​គឺ​ទំនាក់​ទំនង​មនុស្ស​និង​មនុស្ស​រវាង​ប្រជាជន​អាមេរិក​និង​ប្រជាជន​អាស៊ី​អាគ្នេយ៍​ហ្នឹង ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឲ្យ​បាន​ច្រើន​ ជាពិសេស​លើ​វិស័យ​អប់រំ​ និង​វប្បធម៌​ហ្នឹង‍»។​

លោក​បាន​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​ការ​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ។

«ពី​ព្រោះ​អាហ្នឹង​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​ថា​ ​អាមេរិកក៏​មិន​ចង់​បាត់​បង់​អាស៊ាន ​ឬក៏​អាស៊ី​អាគ្នេយ៍​ហ្នឹង​ទេ។​ អ៊ីចឹង​ត្រូវ​តែ​ពង្រឹង​នូវ​តួនាទី​ក៏ដូច​ជា​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ‍»។​

រូបឯកសារ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក​ W​.​ ​Patrick​ ​Murphy​ ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​កម្ពុជាលោក ហ៊ុន សែន​ កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក​ W​.​ ​Patrick​ ​Murphy​ ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​កម្ពុជាលោក ហ៊ុន សែន​ កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩។

ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​គឺ​លោក​ W Patrick Murphy ​បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជាច្រើន​លើក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ដើម្បី​ពិភាក្សា​ និង​ប្រគល់​លិខិត​លោក ត្រាំ​ អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាមេរិក​អាស៊ាន​ នៅ​រដ្ឋ​នេវ៉ាដា ​សហរដ្ឋ​អាមេរិក។

អ្នក​ទាំងពីរ​ក៏​បាន​ជួប​ពិភាក្សា​ចុង​ក្រោយ​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៨ ​ខែ​កុម្ភៈ​ អំពី​បញ្ហា​ទំនាក់​ទំនង​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី ​និង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​ផង​ដែរ​ បន្ថែម​លើបញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង​នោះ។ ​

លោក​ Murphy ​បាន​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ទ្វីតធឺ​របស់​លោក​ថា៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​យើង​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ខ្ញុំ​បាន​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​កំពូល​ពិសេសអាមេរិកអាស៊ាន​ខាង​មុខនៅ​ក្នុង​រដ្ឋ​នេវ៉ាដា ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា​ដើម្បី​ធានា​ការ​រីក​ចម្រើន​នៅ​កម្ពុជា ​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​រដ្ឋ​អធិបតេយ្យ​រុង​រឿង​ពេញ​លេញ ​ហើយ​និង​បន្ត​បោះ​ជំហាន​ទៅ​កាន់​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​យើង​ទាំង​ពីរ‍»។​

ក្រុម​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស ទំនង​ជា​មាន​តែលោក​ Rodrigo Duterte ​មេដឹកនាំ​ប្រទេស​ហ្វីលីពីន​ទេ ​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ថា​លោក​នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ានអាមេរិក ​តាម​ការ​អញ្ជើញ​របស់​លោក​ ដូណាល់​ ត្រាំ​នោះ។ ប្រទេស​របស់​លោក​កំពុង​មាន​វិវាទ​រឿង​ដែន​កម្ម​សិទ្ធិ​ជាមួយ​ចិន។ ​

រឿង​នេះ​ត្រូវ​គេ​ដឹង​ថា​កើត​ឡើង​ ដោយសារ​បញ្ហា​មួយ​ចំនួន ​ដែល​គេ​គិត​ថា​ ​អាច​ទាក់ទង​នឹង​ការ​ដែល​អាមេរិក​រឹតត្បិត​ទិដ្ឋាការ​ដល់​មន្ត្រី​ហ្វីលីពីន ​ហើយ​និង​ការ​ដែល​លោក​ ត្រាំ ​មិន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​អាស៊ាន ​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​ដែល​បណ្តាល​ឲ្យ​បណ្តា​មេដឹក​នាំ​អាស៊ាន​ខ្លះ​មិន​សប្បាយ​ចិត្ត។​

ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជាបាន​ប្រកាស​ជា​ច្រើន​លើក​មុន​គេ​ថា​ នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អាមេរិកអាស៊ាន​ នៅខែ​មីនា​ តាម​ការ​អញ្ជើញ​របស់​លោក​ ត្រាំ។​

«ការ​ប្រជុំ​អាស៊ាន​និង​អាមេរិក​នៅ​ឡាវេហ្គាស់​ ខ្ញុំ​សូម​ផ្តាំ​ទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ថា​ ខ្ញុំ​នឹង​ទៅ​ដល់ឡាវេហ្គាស់​ នៅ​ថ្ងៃទី​១២ ​ខែ​មីនា ​ហើយ​ថ្ងៃទី​១៣​ អាច​មាន​លទ្ធភាព​ ខ្ញុំ​វាយ​កូន​ហ្គោលនៅ​ឡាវេហ្គាស ​ទៅ​វាយ​កូន​ហ្គោល​នៅ​ដែនដី​អាមេរិក​តែ​ម្តង​ ព្រោះ​ខ្ញុំ​មិន​ធ្វើ​ដំណើរ​ថ្ងៃ​១៣​ទេ។​ ខ្ញុំ​ទៅ​ថ្ងៃ​ទី​១២​តែ​ម្តង ​ឲ្យ​វា​ស្រួល។​ ថ្ងៃ​ទី​១៤​(មីនា) ​ប្រជុំ ​ថ្ងៃ​១៥ ​ជួប​ពលរដ្ឋខ្មែរ​ ហើយ​ថ្ងៃទី​១៦​ បាន​ខ្ញុំ​ចាក​ចេញ‍ ​ហើយ​ពេល​នោះ​ ​ខ្ញុំ​ក៏​នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ តែ​ម្តង»។​

លោក​ កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​អះអាង​ប្រាប់ ​VOA ​ជា​ចុង​ក្រោយ​តាម​ប្រព័ន្ធ​តេឡេក្រាម ​កាល​ពី​ថ្ងៃពុធ​ ដែល​មាន​ខ្លឹមសារ​ដើម​ថា៖ «សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​តប​ទៅ​លោក​ប្រធានាធិបតី​អាមេរិក​រួច​ហើយ​ថា​ សម្តេច​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ‍»។​

ដោយ​ឡែក​លោក​បាន​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ថា៖​ «(កម្ពុជា) ​លើក​ទឹក​ចិត្ត​ឲ្យប្រទេស​ពាក់​ព័ន្ធ ​ឬ​ប្រទេស​ដែល​ទាមទារ​អធិបតេយ្យ​ភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូងបន្ត​ពិភាក្សា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី‍»។​

អ្នក​ការទូត​អាស៊ី​អាគ្នេយ៍​មួយ​រូប​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​ក្រុម​មេដឹកនាំ​អាស៊ាន​សឹង​ទាំងអស់​បាន​សម្រេច​ចិត្ត​ថា ​នឹង​ទៅ​ចូលរួម​ប្រជុំ​តាម​ការ​អញ្ជើញរបស់​លោក​ ត្រាំ ​លើក​លែង​តែ​ប្រទេស​ហ្វីលីពីន​ចេញ​ ដែល​ទំនង​បញ្ជូន​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស។​

ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​អាច​ផ្តោត​លើ​ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ បញ្ហា​ឧបទ្វីប​កូរ៉េ​ ជាពិសេស​កម្មវិធី​នុយក្លេអ៊ែ​របស់​កូរ៉េ​ខាង​ជើង​ ជា​បញ្ហា​សន្តិសុខ​មួយ​សំខាន់​ បញ្ហា​សេដ្ឋកិច្ច ​វិនិយោគ ​សង្គម ​វប្បធម៌ ​បញ្ហា​លទ្ធិ​ប្រជា​ធិប​តេយ្យ ​សិទ្ធិ​មនុស្ស​ និង​បញ្ហា​ជាច្រើន​ទៀត​ដែល​គេ​មិន​អាច​ដឹង​ច្បាស់​ថា ​តើ​អាមេរិក​និង​អាស៊ាន​អាច​សម្រេច​បាន​នូវ​គោល​ជំហរ​រួម​យ៉ាង​ដូចម្តេច​ជា​ពិសេស​ទាក់ទង​នឹង​បញ្ហា​ ដែល​ក្តៅ​ជាង​គេ​ ដូច​ជា​សមុទ្រ​ចិន​ខាង​ត្បូង​ បញ្ហា​សន្តិសុខ​និង​នយោបាយ​នោះ៕

XS
SM
MD
LG