ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ RCEP


ក្រុមមេដឹកនាំ​អាស៊ាន​ចាប់​ដៃ​គ្នា​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​នៅ​ទីក្រុង​បាងកក​ ប្រទេសថៃ ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Athit Perawongmetha)
ក្រុមមេដឹកនាំ​អាស៊ាន​ចាប់​ដៃ​គ្នា​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​នៅ​ទីក្រុង​បាងកក​ ប្រទេសថៃ ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Athit Perawongmetha)

លោក ​ង៉ែត ជូ​ អ្នក​ស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច អះអាងថា ទីផ្សារ​​ដែល​ល្អ​បំផុត​សម្រាប់​ទំនិញ​កាត់ដេរ​របស់​កម្ពុជា ដែល​ទ្រទ្រង់​ជីវភាព​កម្មករ​រាប់​សែន​នាក់​នោះ​គឺ​មានតែ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។ លោក​ថា ​​កម្ពុជា​មិន​អាច​នាំចេញ​ទំនិញ​ប្រភេទ​នេះទៅ​លក់​នៅ​ប្រទេស​ដែល​ជា​សមាជិក​របស់​​​RCEPបាន​ដោយ​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​ប្រទេស​ទាំងនោះ​មាន​បច្ចេកវិទ្យា​ និង​សមត្ថភាព​ផលិត​ខ្ពស់​​ជាង​កម្ពុជា​។

កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ដ៏ធំ​ទូលាយ​ក្នុង​តំបន់​ ឬ​ហៅថា​ (RCEP) «​នឹង​ផ្តល់​នូវ​កាលា​នុវត្ត​ភាព​ថ្មីៗ​ ឆ្ពោះ​ទៅ​រក​ប្រភព​ថ្មី​នៃ​កំណើន​ សេដ្ឋកិច្ច​ខ្ពស់​ និង​រឹងមាំ​ ដើម្បី​ជំរុញ​និង​ផ្តល់​សន្ទុះ​ដល់​ពាណិជ្ជកម្ម​ទំនិញ សេវា​ និង​ការ​វិនិយោគ»។

នេះ​ជា​ការ​អត្ថាធិប្បាយ​មួយរបស់​លោក​នាយកដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ក្រោយ​ជំនួប​កំពូល​របស់​ក្រុម​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃ​គូពាណិជ្ជកម្ម​អាស៊ានស្តី​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃកាល​ពី​ថ្ងៃ​ចន្ទ។

លោក​ហ៊ុន​ សែន​ បាន​លើក​ឡើង​បន្ថែម​ថា​៖ «ការ​សម្រេច​បាននូវ​កិច្ច​ព្រម​ព្រៀង​ RCEP គឺ​ជា​សារ​នយោបាយ​ដ៏​មុត​ស្រួច​ទៅ​កាន់​ ពិភព​លោក​បច្ចុប្បន្ន​ បង្ហាញ​ឲ្យ​ឃើញ​អំពី​ឆន្ទ:​របស់​ថ្នាក់​ដឹកនាំ​ នៃ​ប្រទេស​ RCEP​ ក្នុង​ការគាំពារ​ សកល​ភាវូបនីយកម្ម​ ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ និង​សេដ្ឋកិច្ច​ពិភពលោក​ តំបន់​បើក​ចំហ​ ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ ក្នុង​ការ​ឆ្លើយ​តប​នឹង​និន្នាការ​គោល​នយោបាយ​គាំពារ​និយម​ និង​ ឯកតោ​ភាគី​និយម»។

កិច្ច​ព្រម​ព្រៀង​ RCEPមាន​ការ​ចូល​រួមពី​ប្រទេស​ចំនួន​១៥​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ។​ កាល​ពី​ដើម​ឡើយ​ កិច្ចព្រមព្រៀង​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​១០​នៅ​ក្នុង​សមាគម​អាស៊ាន​ ប្រទេស​អូស្ត្រាលី នូវែលហ្សេឡង់​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង ឥណ្ឌា​ និង​ចិន។

ប្រទេស​ឥណ្ឌា​ មិនបាន​បញ្ជាក់​ពី​ការ​ចង់​ចូលរួម​របស់​ខ្លួន​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​ទេ​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ី​ខាង​កើត​ ដែល​ជា​ផ្នែក​មួយ​នៃ​ជំនួប​កំពូល​របស់​សមាគម​អាស៊ាន​រៀប​ចំឡើង​នៅ​ទីក្រុង​បាងកក​។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធិ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័​យអាស៊ី​ (Asian Vision Institute)​ នៅ​ក្រុង​ភ្នំពេញ​ ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា RCEP ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឆាំង​លទ្ធិ​គាំពារ​និយម​ ហើយ​ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ផង​ដែរ។

«ហើយ​ចំពោះ​កម្ពុជា​ ពីព្រោះ​ថា​ ដោយសារ​តែ​កម្ពុជា​ជាសេដ្ឋកិច្ច​តូច​ ហើយ​មាន​ភាព​បើក​ចំហ​ អ៊ីចឹង​ទេ​ ការ​ជំរុញ​ឲ្យ​មាន​ ការ​លំហូរ​ពាណិជ្ជកម្ម​សេរី​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ហ្នឹង​ គឺ​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​កម្ពុជា»។

អ្នក​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​រូប​នេះ​ លើកឡើង​ថា​ កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​តាក់តែង​ឡើង​ខណៈប្រទេស​មហា​អំណាច​មួយ​ចំនួន​ដូចជា​សហរដ្ឋ​អាមេរិក បាន​ដក​ខ្លួន​ចេញ​ពី​យន្តការ​ពហុភាគី​ដូចជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃ​គូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ឬ(TPP) ជាដើម។

ទោះ​យ៉ាង​ណា​ លោក​ ង៉ែត ជូ​ អ្នក​ស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​យល់ថា​ កិច្ចព្រមព្រៀង​ RCEP​ នឹង​មិន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ខ្លាំង​នោះ​ទេ​ ដោយសារ​តែ​ផលិតផល​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ ហើយ​ការ​ចំណាយ​លើ​ថ្លៃ​ផលិត​នៅ​ខ្ពស់​នៅ​ឡើយ។

«អ៊ីចឹង​មាន​ន័យ​ថា​ កិច្ចព្រមព្រៀង​នេះ​ អាច​ជា​ការ​ចំណេញ​ច្រើន​ របស់​ប្រទេស​ចិន​ កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ អូស្ត្រាលី​ នូវែលហ្សេឡង់ ​អីហ្នឹង​ ដោយ​សារ​គេ​អាច​នាំ​ផលិត​ផល​របស់​គេ​ហ្នឹង​មក​ស្រុក​ខ្មែរ​យើង​ដោយ​មិន​មាន​ការ​បង់​ពន្ធ​អី​ជាដើម​ បាទ​អ៊ីចឹង​ វា​ការ​ហូរ​ចូល​ទំនិញ​ ច្រើន​ជាង​ការ​ហូរ​ចេញ»។

លោក​បន្ថែម​ថា​ កម្ពុជា​នៅ​មិន​ទាន់​មាន​សមត្ថភាព​ផលិត​ទំនិញ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ និង​បច្ចេកវិទ្យា​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​របស់​អាស៊ាន​ និង​ប្រទេស​ក្នុង​សមាគម​អាស៊ាន​។ លោក​កត់​សម្គាល់​ថា​ ទំនិញដែល​កម្ពុជា​អាច​នាំចេញ​បាន​គឺ​មាន​ទំនិញ​កសិកម្ម​កែច្នៃ​មួយ​ចំនួន​ដូច​ជា​ស្រូវ អង្ករ និង​ទំនិញ​កាត់​ដេរ​ ដែល​នៅ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ទាប​នៅ​ឡើយ។

លោក ​ង៉ែត ជូ​ អះអាង ថា ទីផ្សារដែល​ល្អ​បំផុត​សម្រាប់​ទំនិញ​កាត់ដេរ​របស់​កម្ពុជា ដែល​ទ្រទ្រង់​ជីវភាព​កម្មករ​រាប់​សែន​នាក់​នោះ​ ​ គឺ​មានតែ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ ។ លោក​ថា កម្ពុជា​មិន​អាច​នាំចេញ​ទំនិញ​ប្រភេទ​នេះ​ ទៅ​លក់​នៅ​ប្រទេស​ដែល​ជា​សមាជិក​របស់​ RCEP បាន​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​ប្រទេស​ទាំងនោះ​មាន​បច្ចេកវិទ្យា​ និង​សមត្ថភាព​ផលិត​ខ្ពស់ជាង​កម្ពុជា​។

ប្រជាពលរដ្ឋ​សរុប​នៅ​ក្នុង​ប្រទេស​ទាំង​១០នៅ​សមាគម​អាស៊ាន​ និង​ប្រទេស៦​ផ្សេងទៀត​មាន ​ប្រទេស​អូស្រ្តាលី ចិន ​ឥណ្ឌា ជប៉ុន​ នូវែលហ្សេឡង់​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​ស្មើនឹង​៤៥ភាគរយ​នៃ​ចំនួន​ប្រជាជនសរុបក្នុងពិភពលោក​និង​មាន​ផលិតផល​សរុប​ក្នុង​ស្រុក ​ឬ​ GDP ស្មើ​នឹង​មួយ​ភាគ​បី​របស់​សាកល​លោក​។

ប្រសិន​បើ​ប្រទេស​ឥណ្ឌា​យល់ព្រម​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង RCEP នេះ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​ក្លាយ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​។

ប្រទេស​ឥណ្ឌា​នៅ​ពេល​នេះ​ កំពុង​តវ៉ាដើម្បី​ការពារ​ផលិតផល​កសិកម្ម​ និង​អាជីវកម្ម​ខ្នាតតូច​ក្នុង​ស្រុក​របស់​ខ្លួន​មួយ​ចំនួន​ ដែល​អាច​រង​ផល​ប៉ះពាល់​ប្រសិន​បើ​ខ្លួន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀងRCEP​ដែល​ប្រទេស​ចិន​ជា​អ្នកនាំ​មុខនោះ។

កិច្ចព្រមព្រៀងRCEP​នេះ​ នឹង​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​សម្រេច​បាន​នៅ​ឆ្នាំ​២០២០ ​នៅ​ពេល​ប្រទេសវៀតណាម​ ធ្វើជា​ប្រធាន​សមាគម​អាស៊ាន​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ជាច្រើន​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​ទំនាក់​ទំនង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​ដៃគូ​ពិភាក្សា​របស់​អាស៊ាន៕

XS
SM
MD
LG