ប្រទេសកាណាដា និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានចាប់ផ្តើមដំណើរការហាមឃាត់កម្មវិធី TikTok មិនឲ្យប្រើនៅលើឧបករណ៍របស់រដ្ឋាភិបាល។
សេតវិមានបានផ្តល់ពេល ៣០ ថ្ងៃដល់ទីភ្នាក់ងារសហព័ន្ធដើម្បីបញ្ឈប់ការប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមដោយអនុវត្តការហាមឃាត់ដែលត្រូវបានអនុម័តដោយសភាកាលពីខែធ្នូ។
វិធានការរបស់សហរដ្ឋអាមេរិកមានការលើកលែងមានកម្រិតសម្រាប់មន្ត្រីអនុវត្តច្បាប់ សន្តិសុខជាតិ និងគោលបំណងស្រាវជ្រាវ។
កម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance បានទាក់ទាញការត្រួតពិនិត្យពីរដ្ឋាភិបាលលោកខាងលិច ទាក់ទងនឹងសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ និងសក្តានុពលដែលកម្មវិធីនេះអាចប្រើដើម្បីផ្សព្វផ្សាយទស្សនៈគាំទ្រចិន។
ក្រុមហ៊ុនបានច្រានចោលការព្រួយបារម្ភនេះ ហើយបានហៅការហាមប្រាមនេះថាជា «ឆាកល្ខោននយោបាយ»។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក «បាននិងកំពុងពង្រីកគំនិតនៃសន្តិសុខជាតិ និងរំលោភអំណាចរដ្ឋដើម្បីគាបសង្កត់ក្រុមហ៊ុនរបស់ប្រទេសដទៃ»។
នៅប្រទេសកាណាដា លោកនាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយថា ការហាមប្រាម TikTok លើឧបករណ៍របស់រដ្ឋាភិបាលអាចជាសញ្ញាដល់ប្រជាជនទូទៅ។
គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានហាមឃាត់ TikTok នៅលើទូរស័ព្ទបុគ្គលិកកាលពីសប្តាហ៍មុន៕