ទាហាននិងប៉ូលិសមីយ៉ាន់ម៉ាប្រដាប់ដោយអាវុធកំពុងប្រើប្រាស់ TikTok ដើម្បីគំរាមកំហែងសម្លាប់ដល់ក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារយោធា។ TikTok ជាកម្មវិធី app នាំមុខមួយរបស់ចិន ដែលអាចចែករំលែកវីដេអូបាន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវ ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
TikTok បានប្រកាសថា ខ្លួនបានដកចេញនូវខ្លឹមសារដែលញុះញង់ឲ្យមានអំពើហិង្សាចេញ។
អង្គការឃ្លាំមើលសិទ្ធិលើឌីជីថលមីយ៉ាន់ម៉ាសម្រាប់ការអភិវឌ្ឍ (MIDO) បានបញ្ជាក់ថា ខ្លួនបានរកឃើញវីដេអូដែលគាំទ្រពួកយោធាជាង ៨០០ ដែលបានគំរាមកំហែងក្រុមបាតុករនៅពេលដែលមានការកើនឡើងនូវការបង្ហូរឈាម ដោយបាតុករ ៣៨ នាក់ត្រូវបានគេសម្លាប់កាលពីថ្ងៃពុធ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
លោក Htaike Htaike Aung នាយកប្រតិបត្តិអង្គការ MIDO បាននិយាយថា៖ «វាគ្រាន់តែជាផ្នែកតូចមួយតែប៉ុណ្ណោះ»។ លោកបាននិយាយទៀតថា មានវីដេអូរាប់រយរបស់ពួកទាហាននិងប៉ូលិសដែលគំរាមកំហែងនៅលើបណ្ដាញសង្គម [Tik Tok]»។
វីដេអូមួយកាលពីចុងខែកុម្ភៈដែលទីភ្នាក់ងារព័ត៌មាន Reuters បានមើល បង្ហាញពីបុរសម្នាក់ក្នុងសម្លៀកបំពាក់ទាហាន ភ្ជង់កាំភ្លើងដាក់កញ្ចក់កាមេរ៉ា ហើយនិយាយសំដៅទៅកាន់ក្រុមបាតុករថា៖ «យើងនឹងបាញ់ចំមុខរបស់ពួកឯង... ហើយយើងនឹងប្រើគ្រាប់កាំភ្លើងពិត»។
បុរសម្នាក់នោះបានថ្លែងទៀតថា៖ «យើងនឹងយាមល្បាតទីក្រុងនេះទាំងមូលនៅយប់នេះ ហើយយើងនឹងបាញ់នរណាដែលយើងឃើញ...»។
អ្នកនាំពាក្យកងទ័ពនិងក្រុមប្រឹក្សាយោធាមិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទេ។
ក្រុមហ៊ុន Facebook របស់សហរដ្ឋអាមេរិក ឥឡូវនេះបានបិទទំព័រ Facebook ទាំងអស់ ដែលជាប់ទាក់ទិនជាមួយយោធាមីយ៉ាន់ម៉ា។
ក្រុមហ៊ុន TikTok បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានគោលការណ៍សហគមន៍ច្បាស់លាស់ដែលចែងថា យើងមិនអនុញ្ញាតឲ្យមានខ្លឹមសារដែលអុជអាលឲ្យមានអំពើហិង្សា ឬព័ត៌មានមិនពិតដែលបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ។ នៅពេលដែលមានព័ត៌មានណាទាក់ទិននឹងប្រទេសមីយ៉ាន់ម៉ា យើងបានបន្តដកចេញនូវខ្លឹមសារណាដែលញុះញង់ឲ្យមានអំពើហិង្សា និងការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ»៕