កងទាហានម៉ារីនប្រចាំការនៅក្រៅប្រទេសរបស់សហរដ្ឋអាមេរិកចំនួន ១.៧០០នាក់ និងកងទព័កម្ពុជាជាច្រើនរយនាក់ទៀតបានចាប់ផ្ដើមធ្វើលំហាត់យោធារួមគ្នានៅថ្ងៃច័ន្ទនេះសម្រាប់រយៈពេលមួយសប្ដាហ៍ដើម្បីអ្វីមួយដែលមន្ដ្រីផ្លូវការ នៃប្រទេសទាំងពីរអះអាងថា សម្រាប់រៀបចំកងកម្លាំងផ្ដល់ការសង្គ្រោះក្នុងគ្រោះមហន្តរាយ និងសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌។
លំហាត់យោធានេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទព័ម៉ារីន សហរដ្ឋអាមេរិកលេខ៣ បានបញ្ចប់សមយុទ្ធរួមគ្នាជាមួយកងទ័ពកម្ពុជា តាមការបញ្ជាតាមប្រព័ន្ធកុំព្យូទ័រក្នុងទីក្រុងភ្នំពេញ។ សមយុទ្ធដែលមានគោលដៅដូចគ្នានេះដែរ។
នេះគឺជាចំនួនទាហានជើងទឹកអាមេរិកទ្រង់ទ្រាយធំមួយ ក្នុងការធ្វើលំហាត់ជាមួយយោធាកម្ពុជា។ ទាហានទាំងនេះមួយចំនួនមកពីអង្គភាពម៉ារីនលេខ១១ ប្រចាំការនៅក្រៅប្រទេស និងក្រុមកងទ័ពឡើងគោកលេខ៥ លើនាវា USS Pearl Harbor និង នាវា USS New Orleans នឹងធ្វើលំហាត់យោធាជាមួយកងទ័ពកម្ពុជានៅតំបន់ជិតទីក្រុងភ្នំពេញ និងនៅខេត្តព្រះសីហនុ។
លោក ចេហ្វ ដាយហ្គល (Jeff Daigle) ភារធារីស្ថានទូតអាមេរិកមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា លំហាត់យោធានេះគឺជាឧទាហរណ៍មួយដើម្បីបង្កើនការយល់ដឹងវប្បធម៌គ្នាទៅវិញទៅមកនៃកងទ័ពប្រទេសទាំងពីរ លើកកម្ពស់សមត្ថភាព និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងគ្នាទៅវិញទៅមក។
យើងមិនអាចទាក់ទងលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិដើម្បីសុំការបញ្ជាក់បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងតែគ្មានអ្នកទទួល។
ក៏ប៉ុន្ដលោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានហៅលំហាត់យោធានេះថា បានបង្កើតឲ្យមានរូបភាពពីរសម្រាប់កម្ពុជា នោះគឺរូបភាពដែលមានអត្ថន័យបែបនយោបាយ និងរូបភាពមួយទៀតដែលមានអត្ថន័យបែបកិច្ចសហប្រតិបត្តិការ។
«ទិដ្ឋភាពនយោបាយបង្ហាញថា កម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលនៃការយកចិត្តទុកដាក់ទាំងប្រទេសខាងលិច ទាំងប្រទេសខាងកើតដែលជាចំណុចមានសារៈសំខាន់មួយរបស់កម្ពុជា។ ហើយនៅក្នុងចំណុចសហប្របត្តិការគឺជាការផ្លាស់ប្ដូរបទពិសោធន៍ទាំងការសហប្រតិបត្តិការផ្នែកសន្ដិភាព ទាំងក្នុងការជួយសង្គ្រោះជាពិសេសក្នុងប្រតិបត្តិការនៅតាមលំហសមុទ្រនេះ»។
សហរដ្ឋអាមេរិកបានបង្កកជំនួយរថយន្ដយោធាចំនួន២០០គ្រឿងដល់កម្ពុជាដោយសារកម្ពុជាបានបញ្ជូនដោយបង្ខំនូវជនជាតិដើមភាគតិចវីហ្គើចំនួនជាង២០នាក់ទៅឲ្យអាជ្ញាធរចិនវិញកាលពីចុងឆ្នាំ២០០៩។ ហើយភ្លាមៗ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនធ្វើការសម្រេចចិត្តនេះ ចិនក៏បានផ្ដល់រថយន្ដយោធាចំនួនជាង២០០ គ្រឿងដល់កម្ពុជាផងដែរ។
ទោះជាយ៉ាងណាសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់តែជិតស្និទ្ធជាងមុនជាមួយកម្ពុជាតាមរយៈការចូលចតរបស់នាវាយោធា និងការធ្វើលំហាត់យោធាចម្រុះប្រទេសធំៗជាមួយកម្ពុជាដូចជាឆ្មាំអង្គរ២០១០ និងឆ្នាំ២០១១ រួមទាំងក្រុមគ្រូពេទ្យយោធាអាមេរិកដែលបានចុះជួយព្យាបាលប្រជាពលរដ្ឋកម្ពុជាក្រីក្រដោយឥតគិតថ្លៃជាដើម៕