ជនជាតិខ្មែរ និងជនជាតិឡាវ ប្រហែល២០០នាក់ បានធ្វើការតវ៉ានៅមុខសេតវិមាននិងនៅមុខស្ថានទូតវៀតណាមនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃច័ន្ទសប្តាហ៍នេះ ដោយទាមទារឲ្យស.រ.អា.ទប់ស្កាត់អ្វីដែលបាតុករអះអាងថា អាណានិគមន៍របស់វៀតណាមលើកម្ពុជានិងឡាវ។
ក្រោយពីការពិភាក្សាគ្នារយៈពេល២ថ្ងៃនៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ជនជាតិខ្មែរនិងជនជាតិលាវបានមកតវ៉ានៅមុខសេតវិមានសុំឲ្យរដ្ឋាភិបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទប់ស្កាត់មិនឲ្យប្រទេសវៀតណាមធ្វើអាណានិគមន៍លើប្រទេសកម្ពុជា និងប្រទេសឡាវ តាមរបៀបដែលបាតុករអះអាងថា យកលំនាំដូចវិបត្តិនៅ Crimea ភាគខាងកើតប្រទេសអ៊ុយក្រែន។
នៅមុខសេតវិមាន លោកព្រហ្ម សៅរ៍នរ៉ា អ្នករៀបចំការតវ៉ានេះ និយាយថា បាតុកម្មនេះធ្វើនៅខែតុលាជាការរំឭកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានអាណត្តិធានាអធិបតេយ្យភាព ឯករាជ្យភាពកម្ពុជា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយសូមកុំឲ្យស.រ.អា.ពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម។
«យើងចង់ឲ្យរដ្ឋាភិបាលអាមេរិកាំងហ្នឹងជួយបញ្ឈប់រដ្ឋាភិបាលកុម្មុយនិស្តយួនហ្នឹង ឲ្យឈប់ធ្វើអាណានិគមន៍របៀប Crimea នៅក្នុងប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសខ្មែរ និងប្រទេសឡាវ ព្រោះអីវៀតណាមហ្នឹងគេដាក់ប្រជាពលរដ្ឋគេហ្នឹងនៅក្នុងប្រទេសយើងជាច្រើន ហើយលាវក៏អញ្ចឹង។ គេដាក់ពេញទាំងអស់។ ដូច្នេះចំណោទខ្មែរនិងចំណោទឡាវ ដូចគ្នា បានជាយើងធ្វើចូលគ្នាថ្ងៃហ្នឹង»។
លោកបន្តអ្នកចូលរួមបាតុកម្មក៏សុំឲ្យស.រ.អា.បន្តទណ្ឌកម្មប្រឆាំងការលក់អាវុធទៅប្រទេសវៀតណាមផងដែរ នៅពេលដែលវៀតណាម និងប្រទេសចិនកំពុងមានវិវាទព្រំដែននៅសមុទ្រចិនខាងត្បូង។
លោកម៉ែន វណ្ណៈ បាតុករមកពីទីក្រុង Lowell រដ្ឋ Massachusstts ដែលមានខ្មែររស់នៅច្រើនបំផុតទីពីរបន្ទាប់ពីក្រុង Long Beach និយាយថា រដ្ឋាភិបាលរបស់កម្ពុជាបច្ចុប្បន្ននេះមិនមានឯករាជ្យពេញលេញទេ។
«ខ្ញុំលើកករណីពីរដែលជាករណីជាក់ស្តែង ដូចជាការចាប់ព្រះអង្គទឹម សាខន ដែលព្រះអង្គជាពលរដ្ឋខ្មែរ ហើយយកទៅដាក់គុកស្រុកយួន។ ហើយទីពីរទៀតគឺការដកបង្កោលព្រំដែននៃឯកឧត្តមសម រង្ស៊ី នៅខេត្តស្វាយរៀង។ ហើយក្រោមការបញ្ជាពីទីក្រុងហាណូយថា ឲ្យបញ្ឈប់សកម្មភាពហ្នឹង រដ្ឋាភិបាលបានកាត់ទោសលោកសម រង្ស៊ី។ នេះគឺបញ្ជាក់ឃើញច្បាស់ថា ប្រទេសកម្ពុជាអត់មានឯករាជ្យ និងអព្យាក្រឹត្យភាព ទេគឺក្រោមបញ្ជារបស់រដ្ឋាភិបាលក្រុងហាណូយ»។
ក្នុងចំណោមបាតុករប្រហែល២០០នាក់នេះមានជនជាតិឡាវប្រហែលមួយភាគបី។
លោក Phouthone Souvannavong បាតុករជនជាតិលាវមកពីរដ្ឋ Virginia និយាយថា ប្រទេសវៀតណាមបានដាក់ប្រជាជននៅក្នុងប្រទេសឡាវដ៏ច្រើន បំបិទសិទ្ធិមនុស្សនិងយកធនធានពីប្រទេសរបស់លោក។
«ខ្ញុំចង់ឲ្យរដ្ឋាភិបាលអាមេរិកប្រាប់ឲ្យវៀតណាមកុម្មុយនិស្តចេញពីប្រទេសរបស់យើង ពីព្រោះនៅទីនោះមិនមានសិទ្ធិមនុស្សទេ»។
លោកបន្តថា ក្រោយសង្រ្គាមវៀតណាម នៅប្រទេសឡាវមានជនជាតិលាវប្រហែលបីលាននាក់ប៉ុណ្ណោះ ហើយជនជាតិលាវជាច្រើនភៀសខ្លួនចេញពីប្រទេស។ លោកអះអាងថា បច្ចុប្បន្នមានជនជាតិវៀតណាមភាគច្រើននៅប្រទេសរបស់លោក។
លោកម៉ែន វណ្ណៈ និយាយថា ក្រុមអ្នករៀបចំសម្រេចធ្វើបាតុកម្មនៅថ្ងៃច័ន្ទជាថ្ងៃដែលរដ្ឋាភិបាលអាមេរិកធ្វើការ និងស្ថានទូតវៀតណាមធ្វើការ ទោះជាងមានបាតុករចូលរួមតិចជាងថ្ងៃអាទិត្យ ឬថ្ងៃសៅរ៍ក៏ដោយ។
«បាទ យើងមកមុខសេតវិមាននៅថ្ងៃនេះគឺគោលបំណងគឺសេតវិមានជាកន្លែង និងជាថ្ងៃដែលគេធ្វើការ ហើយថ្ងៃស្ថានទូតធ្វើការដែរ។ ចង់ឲ្យស.រ.អា.ដឹង ព្រោះពេលយើងបាតុកម្មម្តងៗ បាតុកម្មថ្ងៃសម្រាកមនុស្សមកច្រើន ប៉ុន្តែរដ្ឋាភិបាលរបស់ស.រ.អា.គេអត់ធ្វើការ។ ដូច្នេះយើងចង់ឲ្យគេបានឃើញអ្វីដែលយើងបានធ្វើនៅពេលនេះ»។
ក្រោយពីធ្វើបាតុកម្មនៅមុខសេតវិមានរយៈពេល៣ម៉ោង អ្នកតវ៉ាភាគច្រើនបានដើរ ហើយខ្លះបានបើកឡានទៅធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាមនៅរដ្ឋធានីវ៉ាស៊ីនតោន តែមិនមានអ្នកតំណាងស្ថានទូតវៀតណាមមកជួបបាតុករទេ។
នៅពេលវីអូអេព្យាយាមទាក់ទងតាមទូរស័ព្ទសុំការឆ្លើយតប លោក Nguyen Huy Dzung មន្ត្រីស្ថានទូតវៀតណាមបានឆ្លើយថា លោកសុំមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់ថា វៀតណាមធ្វើអាណានិគមន៍លើតំបន់ឥណ្ឌូនចិននេះទេ។លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឲ្យដឹងថា បន្ទាប់ពីបាតុកម្មនៅស្ថានទូតវៀតណាម អ្នកតំណាងបាតុករបានជួបគណៈកម្មការសិទ្ធិមនុស្សនៃសភាអាមេរិកាំងដាក់ញត្តិរបស់គេ៕