ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​បង្កើន​ការ​គាំទ្រ​ដល់​អ៊ុយក្រែន​ ដែល​ប្រថុយ​ប្រថាន​ទទួលការ​សង​សឹក​ពី​រុស្ស៊ី


រូបឯកសារ៖ កប៉ាល់​ដឹកប្រេង SCF 'Samotlor' បើក​នៅ​ក្រោម​ស្ពាន Yavuz Sultan Selim ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅ​ពេល​វា​ឆ្លងកាត់​ច្រកសមុទ្រ Bosphorus បន្ទាប់ពី​ចាកចេញ​ពី​កំពង់ផែ Novorossiysk របស់​រុស្ស៊ី។
រូបឯកសារ៖ កប៉ាល់​ដឹកប្រេង SCF 'Samotlor' បើក​នៅ​ក្រោម​ស្ពាន Yavuz Sultan Selim ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅ​ពេល​វា​ឆ្លងកាត់​ច្រកសមុទ្រ Bosphorus បន្ទាប់ពី​ចាកចេញ​ពី​កំពង់ផែ Novorossiysk របស់​រុស្ស៊ី។

ប្រទស​តួកគី បាន​បញ្ជាក់​ថា ខ្លួន​បាន​បិទ​មិនឲ្យ​នាវា​ចម្បាំង​រុស្ស៊ី​ចេញពី​សមុទ្រ​ខ្មៅ មុន​ពេល​មាន​ការវាយប្រហារ​ដែល​ត្រូវ​បាន​គេ​គិត​ទុក​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន។ ស្របពេល​ជាមួយ​គ្នា​នេះ អ៊ុយក្រែន​និយាយ​ថា ពួក​គេ​ទទួល​បាន​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​បន្ថែម​ទៀត​ពី​តួកគី បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក៏​ដោយ។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា បាន​អះអាង​ថា នាវា​ចម្បាំង​រុស្ស៊ី៤គ្រឿង បាន​ដក​សំណើ​សុំ​ចូលសមុទ្រ​ខ្មៅ​កាត់​តាម​ផ្លូវ​ទឹក​របស់​ខ្លួន។ ការប្រកាស​បែប​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​តួកគី​ បាន​រឹត​បន្តឹងការ​ប្រើ​ប្រាស់​ផ្លូវ​ទឹក Bosporus ពី​សំណាក់​កង​នាវា​នៃ​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ដែល​ផ្លូវ​ទឹកនេះ ជា​ច្រក​តែ​មួយ​គត់​ដើម្បី​ចូល​ទៅ​កាន់​សមុទ្រ​ខ្មៅ។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា អាច​បញ្ឈប់​នាវា​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​មិន​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ទឹក​របស់​ខ្លួន​ដោយ​ផ្អែក​លើ​អនុសញ្ញា​ក្រុង Montreux ឆ្នាំ ១៩៣៦ បន្ទាប់​ពី​ប្រទេស​នេះ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ជា«សង្គ្រាម»។

លោក Mesut Casin ដែល​ជា​ទីប្រឹក្សា​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan និយាយ​ថា តួកគី​មាន​គោល​បំណង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​លើ​ការចេញចូល​ទៅ​កាន់​សមុទ្រ​ខ្មៅ​របស់​កង​ទ័ព​ជើង​ទឹក​ដោយ​អនុវត្ត​តាម​អនុសញ្ញា Montreux នេះ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង នឹង​ប្រកាស​ឲ្យ​បាន​ច្បាស់​បំផុត​និង​ដោយ​ការ​ប្រុង​ប្រយ័ត្ន ហើយ​គោលបំណងនៃ​អនុវត្ត​អនុសញ្ញា Montreux នេះ​ដោយ​មិន​លម្អៀង។ រុស្ស៊ី ត្រូវតែ​តែ​ពិចារណា​អំពី​បញ្ហា​នេះ។ ហេតុ​អ្វី? យើង​បាន​បង្ហាញ​ជំហរ​នេះ​រួច​ហើយ​កាល​ពី​សង្គ្រាម​លោក​លើក​ទី២ ដោយ​ពេល​នោះ​យើង​បាន​បញ្ឈប់​នាវា​អាល្លឺម៉ង់ នាវា​អ៊ីតាលី​ ហើយ​សូម្បី​តែ​នាវា​បំពាក់​ដោយ​អាវុធ​របស់​សូវៀត ​ក៏​យើង​បាន​បញ្ឈប់​ដែរ»។

ការអនុវត្ត​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​លើ​អនុសញ្ញា​នេះ​ ទំនង​ជា​បាន​បដិសេធ​មិនផ្ដល់​នូវ​មធ្យោបាយ​ណា​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូស្គូ ​ដើម្បី​ចេញចូល​ទៅ​នាវា​ពិឃាត​និង​នាវា​ចម្បាំង​ដែល​កំពុង​រង់ចាំ​នៅ​ទីនោះ។ ក្នុង​ចំណោម​នាវា​ចម្បាំង​ទាំង​នោះ ក៏​មាន​នាវាចម្បាំង​ទំនើប​បំផុត​ដែល​បំពាក់​កាំជ្រួច​មីស៊ីល​ដែរ។

រូបឯកសារ៖ នាវា​ដឹក​យន្តហោះ Bykov របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី 'Dmitry Rogachev' ធ្វើ​ដំណើរ​កាត់​ផ្លូវ​ទឹក Bosphorus ដើម្បី​ចូលរួម​ជាមួយ​កងនាវា​រុស្ស៊ី​ក្នុង​សមុទ្រ​ខ្មៅ ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ នាវា​ដឹក​យន្តហោះ Bykov របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី 'Dmitry Rogachev' ធ្វើ​ដំណើរ​កាត់​ផ្លូវ​ទឹក Bosphorus ដើម្បី​ចូលរួម​ជាមួយ​កងនាវា​រុស្ស៊ី​ក្នុង​សមុទ្រ​ខ្មៅ ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

នាវា​ទាំង​នោះ​ត្រូវ​គេ​រំពឹង​ថា នឹង​ចូលរួម​ជាមួយ​កង​នាវា​ចម្បាំងមួយ​ទៀតដែល​បានប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ទីក្រុង Odesa នៃ​ប្រទេស​អ៊ុយក្រែន មុន​ពេល​ការ​វាយ​ប្រហារ​បាន​ត្រូវ​គេ​រំពឹង​ទុក។ បន្ថែម​ពី​លើ​នេះ ការប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ ដែល​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ផលិត​នៅ​តួកគី​ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​អ៊ុយក្រែន​នោះ នឹង​ទំនង​ធ្វើឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​ការរសាប់​រសល់​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។ លោក Arda Mevlutoglu អ្នកវិភាគ​ផ្នែក​វិស័យ​ការពារ​ជាតិ​តួកគី បាន​ថ្លែង​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំង​នោះ បង្ក​ការ​គំរាម​កំហែង​ដល់​កងកម្លាំង​រុស្ស៊ី។

លោក Mevlutoglu បាន​ថ្លែង​ថា៖ «យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ដែល​បំពាក់​ទៅ​ដោយ​គ្រាប់​បែក​ បី​ បួន​គ្រាប់​ អាច​បំផ្លាញ​ប្រព័ន្ធ​សង្គ្រាម​អេឡិចត្រូនិច​ដ៏​ថ្លៃ​បំផុត ​ឬ​ក៏​អាច​កម្ទេច​រថពាស​ដែក​ខ្លះ​ដែរ»។

រូបឯកសារ៖ យន្តហោះ​គ្មាន​មនុស្ស​បើក Bayraktar TB2 ផលិត​នៅ​ប្រទេស​តួកគី ក្នុង​អំឡុងពេល​ហាត់សម​នៃ​ក្បួនដង្ហែ​យោធា​នៅ​ទិវា​ឯករាជ្យ​នៅ​ទីក្រុង​កៀវ ប្រទេស អ៊ុយក្រែន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ យន្តហោះ​គ្មាន​មនុស្ស​បើក Bayraktar TB2 ផលិត​នៅ​ប្រទេស​តួកគី ក្នុង​អំឡុងពេល​ហាត់សម​នៃ​ក្បួនដង្ហែ​យោធា​នៅ​ទិវា​ឯករាជ្យ​នៅ​ទីក្រុង​កៀវ ប្រទេស អ៊ុយក្រែន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ​បាន​បង្ហោះវីដេអូ​ឃ្លីប​ដែល​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ផលិត​នៅ​តួកគី​ដែល​ដៅ​ការវាយ​ប្រហារ​លើ​កង​កម្លាំង​រុស្ស៊ី។ កាល​ពី​សប្ដាហ៍​មុន រដ្ឋាភិបាលក្រុង​មូស្គូ បាន​ព្រមាន​ប្រទេស​នានា​ដែល​ផ្ដល់​គ្រឿង​សព្វាវុធ​ទៅឲ្យ​អ៊ុយក្រែន​ថា ពួក​គេ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការខាត​បង់​នានា។ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការអះអាង​របស់​អ៊ុយក្រែន ​អំពី​ការបញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក​ថ្មី​នេះ​ទេ។

តួកគី​ដែល​ជា​សមាជិក​អង្គការ​អូតង់ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រុស្ស៊ី។ ក៏ប៉ុន្តែ លោក​ប្រធានាធិបតី Erdogan បាន​រិះគន់​ខ្លាំងៗលើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក​ស្រី Asli Aydintasbas ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯ​ក្រុម​ប្រឹក្សា​អឺរ៉ុប និយាយ​ថា តួកគី​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យយ៉ាង​ខ្លាំង​លើ​គោលនយោបាយ​ការទូត​របស់​ខ្លូន។ លោកស្រី​បាន​ថ្លែង​យ៉ាងដូច្នេះ​ថា៖ «ទង្វើ​នេះ​ដើម្បី​ឲ្យ​មាន​តុល្យភាព​សម្រាប់​តួកគី។ វា​ច្បាស់​ណាស់​ថា ជំនួយ​ផ្នែក​ការពារជាតិ​អាច​កើត​មាន​ ប៉ុន្តែ​មិន​មែន​ក្នុង​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​មាន​ការរំខាន​ចិត្ត​នោះ​ទេ។ ដូច្នេះ តួកគី​នឹង​បន្ត​ផ្ដល់​ជំនួយ​តទៅ​ទៀត ប៉ុន្តែ​ពួក​គេ​នឹង​បញ្ឈប់​នៅ​ពេល​ជំនួយ​នោះ​មាន​ភាព​ចាំ​បាច់​សម្រាប់​រុស្ស៊ី។ ទាំង​អស់​នេះ​ គឺ​ដើម្បី​ទប់ស្កាត់​កុំឲ្យ​រុស្ស៊ី​សងសឹក​លើ​ពួកគេ​នៅ​ប្រទេស​ស៊ីរី ​ឬ​តាម​រយៈ​ឧស្ម័ន​ធម្មជាតិ»។

តួកគី នាំ​ចូល​ថាមពល​ជាង៩០ភាគរយ ហើយ​រុស្ស៊ី​ គឺ​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដ៏​ចម្បង​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្គត់ផ្គង់​ថាមល​ផ្សេង​ទៀត។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក្រុម​អ្នក​វិភាគ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ក៏​កំពុង​តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឲ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​រដ្ឋាភិបាល​ស៊ីរី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ក្នុង​ទីក្រុង Idlib ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ស៊ីរីជាមួយ​តួកគី ដោយ​តួកគី​មាន​ក្ដី​បារម្ភ​ថា ការចូល​ទៅ​កាន់​ទីក្រុង Idlib អាច​បង្ក​ឲ្យ​មាន​លំហូរ​ជន​ភៀសខ្លួន​ចូល​ក្នុងទឹកដី​តួកគី​បន្ថែម​ទៀត៕

ប្រែសម្រួល​ដោយ​លោក​ នៀម ឆេង

XS
SM
MD
LG