រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានកំណត់ពេលប្រកាសកាលពីថ្ងៃចន្ទអំពីការដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងរដ្ឋាភិបាលបេឡារុស (Belarus)។ ការដាក់ទណ្ឌកម្មនៅពេលនេះសំដៅលើមន្ត្រីចំនួន៧៨នាក់និងយ៉ាងហោចណាស់លើអង្គភាពដែលកាន់កាប់ដោយរដ្ឋាភិបាលចំនួន៧ ដែរ។ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសទំនងធ្វើតាមដោយការដាក់ទណ្ឌកម្មបន្ថែមរបស់ខ្លួននៅក្នុងរយៈពេលបីបួនថ្ងៃបន្ទាប់ទៀត។ នេះបើតាមមន្ត្រីរបស់សហភាពអឺរ៉ុប។
ការដាក់ទណ្ឌកម្មថ្មីធ្វើឡើងលើក្រុមមន្ត្រីដែលសង្ស័យថាមានការទាក់ទិននៅក្នុងការបង្ខំឲ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ចុះចតកាលពីខែមុននិងការចូលរួមនៅក្នុងការបង្ក្រាបលើការតវ៉ារបស់គណបក្សប្រឆាំងនៅក្នុងប្រទេសបេឡារុសដែលមានការកើនឡើងចាប់តាំងពីខែសីហាឆ្នាំទៅមកនៅពេលដែលមេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតដែលត្រូវបានគេមើលឃើញជាទូទៅថាមានការលួចបន្លំ។ លោក Lukashenko បានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤មក។
ក្រុមមន្ត្រីសហភាពអឺរ៉ុបនិយាយថារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបក៏ទំនងផ្តល់សញ្ញាដែរថាការដាក់ទណ្ឌកម្មនឹងរីកកាន់តែធំឡើងនៅពេលឆាប់ៗនេះដែលរួមបញ្ចូលទាំងការរឹតត្បិតលើការនាំចេញផលិតផលប៉ូតាស្យូមនិងប្រេងឥន្ធនៈរបស់បេឡារុស។ ការដាក់ទណ្ឌកម្មទាំងនោះនឹងត្រូវសម្របសម្រួលជាមួយសម្ព័ន្ធមិត្តបស្ចិមប្រទេសផ្សេងទៀតរួមមានសហរដ្ឋអាមេរិកនៅចុងខែនេះ។
ក្រុមមន្ត្រីប្រទេសលីទុយអានី (Lithuania) ក៏បានបង្កើនការចោទប្រកាន់ទ្វេដងកាលពីថ្ងៃចន្ទថា លោក Lukashenko បានយកបញ្ហាជនចំណាកស្រុកជាអាវុធហើយបានស្ថិតនៅពីខាងក្រោយនៃការកើនឡើងនូវជនស្វះស្វែងសុំសិទ្ធិជ្រកកោនមកពីប្រទេសអ៊ីរ៉ាក់និងស៊ីរីដែលបានឆ្លងកាត់ព្រំដែនខុសច្បាប់ចូលក្នុងប្រទេសលីទុយអានី៕