ប្រទេសជប៉ុនបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រថាខ្លួននឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រុមហ៊ុនAstraZeneca ចំនួន២លានដូសបន្ថែមទៀតដល់កោះតៃវ៉ាន់និងវៀតណាមហើយនឹងមានការរៀបចំផ្តល់ឲ្យប្រទេសថៃម៉ាឡេស៊ី ឥណ្ឌូណេស៊ីនិងហ្វីលីពីនដោយប្រទេសនីមួយៗទទួលបានចំនួន១លានដូស។នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ជំនួយដោយផ្ទាល់ដែលនឹងជួយឲ្យប្រទេសជប៉ុនបង្កើនឥទ្ធិពលការទូតនៅក្នុងតំបន់អាស៊ី នេះកើតមានឡើងនៅពេលដែលប្រទេសអ្នកមានបានខិតខំផ្តល់វ៉ាក់សាំងកាន់តែច្រើនឡើងដល់កម្មវិធីCOVAX របស់អង្គការសុខភាពពិភពលោកដើម្បីបំពេញការខ្វះខាតចំនួន២០០លានដូស។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយថាជប៉ុននឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងចំនួន១១លានដូសនៅក្នុងតំបន់នានារួមទាំងតំបន់អាស៊ីអាគ្នេយ៍តំបន់អាស៊ីភាគនីរតីនិងបណ្តាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកតាមរយៈកម្មវិធី COVAX រួមគ្នាដោយចាប់ពីពាក់កណ្តាលខែកក្កដាទៅ។ជប៉ុនបានសន្យាផ្តល់ប្រាក់ចំនួន១ពាន់លានដុល្លារនិងវ៉ាក់សាំងចំនួន៣០លានដូសដល់កម្មវិធីCOVAX ហើយបាននិយាយថានៅខែនេះការដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួនទៅកាន់ប្រទេសជិតខាងនៅអាស៊ីកំពុងរៀបចំឡើងក្រៅពីកម្មវិធី COVAX ដើម្បីបង្កើនល្បឿននៃការផ្គត់ផ្គង់។
នៅដើមខែនេះជប៉ុនបានផ្តល់វ៉ាក់សាំងចំនួនជាង១,២ដូសដល់កោះតៃវ៉ាន់បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលផ្តល់២,៥លានដូសដល់ដែនកោះនេះដែលចិនចាត់ទុកថាជាដែនដីរបស់ខ្លួន។ប្រទេសលីទុយអានី (Lithuania) ក៏កំពុងផ្តល់វ៉ាក់សាំងចំនួន២ម៉ឺនដូសដល់កោះតៃវ៉ាន់ដែរ។កោះតៃវ៉ាន់បានចោទប្រកាន់ប្រទេសចិនពីការរារាំងមិនឲ្យខ្លួនទទួលបានវ៉ាក់សាំងពីបរទេសប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធ៕