ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​​​និង​អូស្ត្រាលី​បញ្ជាក់​ជា​ថ្មី​អំពី​គុណធម៌​និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​​ប្រឆាំង​នឹង​​មហិច្ឆតា​​របស់​ចិន


ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។
ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albaneseបានបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋមួយ​នៅ​សេតវិមាន​ កាលពី​ថ្ងៃ​ពុធ​ ទី២៥ ខែតុលា​ ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក​ អំពី​នាវាមុជទឹក​ដើរ​ដោយ​កម្លាំង​នុយក្លេអ៊ែរនិង​អំពី​វត្តមានយោធា​រួមគ្នារបស់ពួក​គេ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែលជា​ចំណាត់ការ​សំខាន់​សម្រាប់ទប់ទល់​នឹងកំណើន​មហិច្ឆតារបស់​ចិន។

លោក​ប្រធានាធិបតី Joe Biden បានស្វាគមន៍យ៉ាង​កក់ក្តៅ​ដល់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលីលោក Anthony Albanese នៅ​សេតវិមាន​ ដោយ​លោកបានទទួល​ស្គាល់​ថា​ ទស្សនកិច្ច​ផ្លូវ​រដ្ឋនេះត្រូវគ្រប​ដណ្តប់​ដោយ​ព្រឹត្តិការណ៍គួរ​ឱ្យខ្ពើម​រអើមនៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ផែនដី។

លោក​ប្រធានាធិបតី Joe Biden បាន​ថ្លែង​ថា៖ «ជាមួយគ្នា​ យើងគាំទ្រអ៊ីស្រាអែលប្រឆាំង​នឹងភេរវកម្ម​របស់​ពួក​ហាម៉ាស់។​ យើង​គាំទ្រ​អ៊ុយក្រែន​ប្រឆាំងនឹងអំពើ​កំណាច​របស់​ប្រធានាធិបតីរុស្ស៊ី ​Vladimir Putin។ ហើយយើង​បានបង្ហាញ​ឱ្យឃើញ​ថាលទ្ធិប្រជាធិបតេយ្យ​អាច​ពុះពារឧបសគ្គ​ដែល​ជា​កិច្ច​ការ​ដ៏​មាន​សារៈសំខាន់​បំផុតដល់​ជីវិត​មនុស្ស រាប់​បញ្ចូល​ទាំង​ការប្រែប្រួល​អាកាស​ធាតុរហូត​ដល់​ជំងឺ​មហារីក»។

លោក Albanese ​បាន​គូសបញ្ជាក់​ជម្លោះ​ទាំង​នោះ​ដើម្បី​សង្កត់ធ្ងន់ថា អូស្ត្រាលី​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់ប្រជាធិបតេយ្យ​សេរីនិយម​ មាន​ឧត្តមគតិដូចគ្នា។

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ថ្លែង​ថា៖ «នៅក្នុងពិភពលោក​គ្មាន​ភាព​ទៀងទាត់​នៅ ពេល​សព្វថ្ងៃ​នេះ សម្ព័ន្ធភាព​រវាងអូស្ត្រាលី​និង​សហរដ្ឋ​អាមេរិកនិង​វិធីដែល​យើងឈរ​គ្មានងាករេប្រឆាំង​នឹង​ការ​ឈ្លានពាន ទោះ​វាជា​ការ​លុកលុយមិន​ត្រឹមត្រូវ​តាម​ច្បាប់ក្នុង​ប្រទេស​អ៊ុយក្រែ​ន ឬ​ទោះ​វាជាការវាយ​ប្រហារ​ភេរវកម្ម​របស់ពួកហាម៉ាស់​លើអ៊ីស្រាអែលក៏​ដោយ ក៏ជាអ្វី​មួយ​ដែលយើងអាច​ពឹងពាក់​គ្នាបាន ដើម្បី​ការពារ​គុណតម្លៃ​រួមគ្នា​របស់យើង»។

លោក Biden បាន​មានប្រសាសន៍​ថា​ ទស្សនកិច្ច​នេះបាន​ផ្តល់ដល់​ឥស្សរជន​ទាំង​ពីរ នាក់​នេះ​នូវឱកាសមួយ​សម្រាប់​«បង្កើន»​កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ​ ដែល​មានរួមវិស័យ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ និងកិច្ច​ប្រឹងប្រែង​ខាង​យោធា។

មេដឹកនាំ​ទាំង​ពីរក៏​បាន​និយាយ​យោងដល់​ការ​ប្រឹងប្រែងរបស់ពួកគេក្នុងការ​ទប់ទល់នឹង​សត្រូវរួមគ្នា​គឺ​ប្រទេស​ចិន ដោយលោក Biden បាន​ព្រមានរដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពីការយាយីកាលពី​ពេល​ថ្មីៗ​នេះ​របស់ខ្លួន​ដល់​នាវា​ហ្វីលីពីនក្នុងសមុទ្រ​ចិន​ខាង​ត្បូង។ លោក​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ណា​មួយអាច​នាំ​ឱ្យមាន​ការ​អនុវត្តសន្ធិ សញ្ញាការពារ​គ្នា​ទៅ​វិញ​ទៅមក​រវាង​អាមេរិក​ជាមួយ​ប្រទេសជា​ប្រជុំកោះនៅ​អាស៊ី​អាគ្នេយ៍​នោះ។

កាល​ពី​ដើម​អាណត្តិលោកក្នុង​ឆ្នាំ ២០២១ លោក Biden បាន​ធ្វើ​ឱ្យមាន​ភាព​ដៃគូ​សន្តិសុខ​ត្រីភាគី​ជាមួយប្រទេស​អូស្ត្រាលីនិងចក្រភព​អង់គ្លេស ហៅ AUKUS។ ភាពដៃគូ​នេះអំពាវនាវ​ឱ្យមាន​ការ​ពង្រឹង​អន្តរ​ភាពប្រតិបត្តិការ​យោធានិង​ជំនួយ​ដល់​អូស្ត្រាលី​ឱ្យ​មាន​នាវា​មុជទឹកដើរ​ដោយ​កម្លាំងថាមពល​នុយក្លេអ៊ែរ។

កាលពីថ្ងៃ​ពុធ​សប្តាហ៍​មុន​ លោក Biden បាន​និយាយ​ថា ​លោក​ប្រាកដ​ក្នុង​ចិត្ត​ថា​ សភា​នឹងផ្តល់ ប្រាក់​ជួយ​ដល់ AUKUS។ លោក​ប្រធានាធិបតី Bidenបាន​ថ្លែង​ទៀត​ថា៖ «AUKUS ​ស្ថិតក្នុង​ផលប្រយោជន៍​របស់យើង។ នៅពេលយើងសម្រេចកិច្ចព្រមព្រៀង​នេះ​ជា​មួយគ្នា ប្រធានាធិបតី​ចិន​លោក Xi Jinping ​បាន​សួរខ្ញុំ​ថា​ តើ​យើង​គ្រាន់តែ​ព្យាយាមឡោមព័ទ្ធចិន​ឬ​ទេ។ ខ្ញុំ​បាននិយាយ​ថា «ទេ» យើង​មិនមែនឡោមព័ទ្ធចិន​ទេ។ យើង​គ្រាន់តែធ្វើឱ្យប្រាកដ​ថាផ្លូវ​សមុទ្រនៅ​តែ​បើក​ចំហ។ គាត់​មិន​អាចកែប្រែជា​ឯកតោភាគីនូវ​បទបញ្ញត្តិស្តី​ពី​ផ្លូវ​អាកាស​អន្តរជាតិ​និង​ផ្លូវ​ទឹក​អន្តរជាតិ​បានទេ។ល។ ហើយ​នេះ​ជា​អ្វី​ទាក់ទិន​ជា​មួយ AUKUS»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ អ្វី​ទាំងអស់​នេះ​កំពុង​ត្រូវសង្កេតមើល​ដោយ​ដិតដល់​មិនមែន​តែ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង រដ្ឋាភិបាល​ក្រុង​កង់បេរ៉ានិង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែ​ប៉ុណ្ណោះទេ តែ​ក៏​ត្រូវសង្កេតមើល​ដោយ​តំបន់​ដែល​ត្រូវ​យកចិត្ត​ដោយ​រដ្ឋាភិបាល​ទាំង​បី​នេះ​ដែរ គឺ​ក្រុម​បណ្តា​ប្រទេស​ជា​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ លោកBiden បានធ្វើជា​ម្ចាស់ផ្ទះទទួលមេដឹកនាំ​នៃ​ប្រទេស​កោះ​ទាំង​នេះនៅ​ក្នុង​វេទិកា​មួយ​កាលពី​ខែ​មុន។

លោក Gordon Peake ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃបណ្តា​កោះ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកនៅ​ឯវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ «វា​មានសារៈសំខាន់​ដែរ​ដែលឃើញ​ថា ការណ៍នេះ​មាន​ការ​យល់ឃើញ​បែ​បណាក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ មេដឹកនាំ​ខ្លះមិន​សូវ​កក់ក្តៅ​ជាមួយ AUKUS ទេ។ មេដឹកនាំឯ​ទៀតមាន​យោបល់​ផ្ទុយចំពោះ AUKUS។ មាន​ការជំទាស់​ច្រើន​នឹង AUKUS ក្នុង​តំបន់​នោះ ​ហើយ​ជាពិសេស​មាន​ការប្រឆាំងនឹង​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ ទោះ​ជានាវាទាំង​នេះដើរ​ដោយកម្លាំង​នុយក្លេអ៊ែរ​និង​មាន​ផ្ទុក​អាវុធ​ធម្មតាមិនមែនជា​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ»។

ក្នុង​ពេល​ឆាប់ៗនេះ លោក Albanese នឹង​បំពេញ​ទស្សនកិច្ចដ៏​សំខាន់មួយ​ទៀត។ កាលពី​ពេលកន្លង​ទៅ​នេះ​ លោក​បាន​ប្រកាស​ថា លោក​នឹងទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុងប៉េកាំង​និង​ក្រុងសៀងហៃ​ ប្រទេស​ចិន នៅ​ដើមខែវិច្ឆិកា​ ដើម្បីជួបជាមួយ​លោក​ប្រធានាធិបតី​ចិន​ Xi Jinping៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG