គណៈកម្មាធិការតុលាការនៃរដ្ឋសភាសហរដ្ឋអាមេរិកនឹងបន្តសវនាការរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ អំពីរបាយការណ៍ស៊ើបការណ៍របស់លោករដ្ឋអាជ្ញាពិសេស Robert Mueller អំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ទោះបីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr អះអាងថា លោកនឹងមិនចូលផ្ដល់សក្ខីកម្មក៏ដោយ។
ក្រសួងយុត្តិធម៌បានបញ្ជាក់ កាលពីល្ងាចថ្ងៃពុធម្សិលមិញថា គម្រោងរបស់លោក Jarrold Nadler ដែលជាប្រធានគណៈកម្មាធិការតុលាការនៃរដ្ឋសភា នៅក្នុងការឲ្យសមាជិករបស់គណៈកម្មាធិការនេះសួរលោក Barr គឺជារឿង «មិនសមរម្យ»។
ក្រសួងយុត្តិធម៌បានបន្ថែមថា លោក Barr នៅតែ «សប្បាយចិត្តក្នុងការចូលរួមដោយផ្ទាល់នឹងការឆ្លើយសំណួររបស់សមាជិកគណៈកម្មាធិការនេះ» អំពីរបាយការណ៍របស់លោក Mueller។
លោក Nadler បាននិយាយដូច្នេះថា៖ «ខ្ញុំសង្ឃឹម និងរំពឹងថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងពិចារណាឡើងវិញអំពីការចូលផ្ដល់សក្ខីកម្ម» នៅក្នុងសវនាការរបស់គណៈកម្មាធិការតុលាការនៃរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍។
លោក Barr បានផ្ដល់សក្ខីកម្មអស់រយៈពេលជាច្រើនម៉ោងនៅពីមុខគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាកាលពីថ្ងៃពុធម្សិលមិញ អំពីការសម្រេចរបស់លោក និងតួនាទីរបស់លោកនៅក្នុងការសម្រេចចុងបញ្ចប់នៃរបាយការណ៍របស់លោក Mueller។
លោក Nadler មានគម្រោងឲ្យគណៈកម្មាធិការតុលាការរបស់លោកផ្ដោតលើរឿងដូចគ្នា ដោយទុករយៈពេល ៥ នាទី ឲ្យសមាជិកម្នាក់ៗក្នុងចំណោមសមាជិក ៤១ នាក់នៃគណៈកម្មាធិការនេះ ចោទសួរលោក Barr ហើយបន្ទាប់មកទៀតទុកពេល ៣០ នាទីទៀត ឲ្យមេធាវីខាងគណបក្សប្រជាធិបតេយ្យ និងមេធាវីខាងគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការនេះចោទសួរបន្ថែមទៀតលើលោក Barr។
លោក Barr យល់ព្រមឲ្យសមាជិករដ្ឋសភាចោទសួរលោក ប៉ុន្តែមិនព្រមឲ្យក្រុមមេធាវីចោទសួរលោកទេ៕