ក្នុងសវនាការសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដែលពោរពេញទៅដោយភាពជូរចត់និងកាន់ជើងទៅលើគណបក្ស រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក William Barr បានការពារចំណាត់ការរបស់លោក អំពីរបាយការណ៍របស់រដ្ឋអាជ្ញាពិសេស ស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦ និងការសន្និដ្ឋានរបស់លោកដែលថា ប្រធានាធិបតី Donald Trump មិនបានរារាំងការស៊ើបអង្កេតនោះទេ។
ដោយផ្តល់កសិណសាក្សី នៅមុខគណៈកម្មាធិការតុលាការព្រឹទ្ធសភាជាលើកដំបូងចាប់តាំងរដ្ឋអាជ្ញាពិសេសលោក Robert Mueller បានបញ្ចប់ការស៊ើបអង្កេតរយៈពេល ២ ឆ្នាំរបស់លោក។ កាលពីថ្ងៃទី២២ ខែមីនា លោក Barr បានឆ្លើយបដិសេធការរិះគន់ដោយគណបក្សប្រជាធិបតេយ្យថា លោកបានធ្វើឲ្យខុសពីការរកឃើញនៃរបាយការណ៍របស់លោក Mueller នៅក្នុងការសង្ខេបមួយ ដែលបានបញ្ជូនទៅឲ្យសមាជិកសភា ២ ថ្ងៃក្រោយមក។
លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Barr បាននិយាយ នៅក្នុងការសង្ខេបរបស់ដែលមាន ៤ ទំព័រថា៖ «ខ្ញុំបានសម្រេចថា វាជាផលប្រយោជន៍សាធារណៈសម្រាប់ក្រសួងធ្វើការប្រកាសការសន្និដ្ឋានទាំងអស់របស់ការស៊ើបអង្កេតនេះ។ នេះជាការសម្រេចថាតើឧក្រិដ្ឋកម្មជាក់ស្តែងបានត្រូវធ្វើឡើងឬក៏អត់។ ខ្ញុំមិនជឿថា វាជាផលប្រយោជន៍សាធារណៈ ដើម្បីបញ្ចេញផ្នែកបន្ថែមនៃរបាយការណ៍នោះទេ ដែលនាំឲ្យមានការជជែកដេញដោលជាសាធារណៈអំពីព័ត៌មានមិនពេញលេញនោះទេ»។
ការផ្តល់កសិណសាក្សីនេះបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក Mueller បានសម្តែងនូវការរកាំចិត្ត នៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃទី ២៧ ខែមីនា ទៅកាន់លោក Barr ថា ការសង្ខេបរបស់លោកខ្វះខ្លឹមសារ ហើយធ្វើឲ្យមានការច្របូកច្របល់សាធារណជនដល់ការស៊ើបអង្កេតនោះ៕