ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកម្នាក់បានកាត់ទោសអ្នកគាំទ្រសិទ្ធិប្រើកាំភ្លើងជាតិរុស្ស៊ីម្នាក់ឲ្យជាប់គុក១៨ខែពីការឃុបឃិតជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៊ីម្នាក់ដើម្បីជ្រៀតជ្រែកចូលក្នុងសមាគមកាំភ្លើងជាតិ។
ជននេះក៏ព្យាយាមធ្វើឲ្យមានឥទ្ធិពលលើពួកសកម្មជនអភិរក្សនិយម និងអ្នកនយោបាយខាងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកដើម្បីផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលរុស្ស៊ី។
អ្នកស្រី Maria Butina ជាអតីតនិស្សិតថ្នាក់ក្រោយឧត្តមសិក្សានៅឯសាកលវិទ្យាល័យ American University ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានសារភាពទទួលទោសកាលពីខែធ្នូឆ្នាំទៅ។ ចៅក្រមតុលាការស្រុកមួយរបស់រដ្ឋធានីវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃសុក្រថា អ្នកស្រី Butina នឹងទទួលបានការរួចទោស៩ខែដែលអ្នកស្រីបានជាប់រួចហើយ ក៏ប៉ុន្តែ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសវិញជាបន្ទាន់បន្ទាប់ពីអនុវត្តទោសពេញលេញ។
អ្នកស្រី Butina បានសារភាពទទួលទោសពីការឃុបឃិតធ្វើជាភ្នាក់ងារបរទេស។មេធាវីរបស់អ្នកស្រី បានស្នើឲ្យអ្នកស្រីជាប់ទោសតែ៩ខែ ដែលអ្នកស្រីជាប់ទោសរួចហើយ និងបញ្ជូនអ្នកស្រីទៅកាន់ប្រទេសរុស្ស៊ីវិញបន្ទាប់អ្នកស្រីបានសហការជាមួយពួករដ្ឋអាជ្ញា។
លោក William Barr រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនិយាយថា អ្នកស្រី Butina ត្រូវតែបញ្ជូនទៅកាន់ទៅប្រទេសរុស្ស៊ីវិញដោយមិនមានការជាប់ពន្ធនាគារដែលតុលាការកាត់ឲ្យចាប់ទោសនោះ។
អ្នកស្រី Butina ជាពលរដ្ឋរុស្ស៊ីលើកដំបូងដែលត្រូវបានកាត់ឲ្យជាប់ទោសពីការព្យាយាមមានឥទ្ធិពលលើគោលនយោបាយសហរដ្ឋអាមេរិកចំពោះរុស្ស៊ីមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦៕