រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr នឹងត្រូវចូលខ្លួនឆ្លើយសំណួររបស់សភាបន្ទាប់ពីចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller កាលពីដើមខែមេសាអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។
លោក Barr នឹងជួបជាមួយនឹងគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាដឹកនាំដោយគណបក្សសាធារណរដ្ឋនៅថ្ងៃពុធនេះដែលត្រូវគេរំពឹងថា នឹងអាចប្រើពេលយ៉ាងហោចណាស់ដល់ទៅបីម៉ោង។
លោក Barr ប្រាកដណាស់នឹងប្រឈមនឹងសំណួរអំពីរបាយការណ៍របស់សារព័ត៌មាន Washington Post ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារថាលោក Muellerបានផ្ញើលិខិតក៏ដូចជាទូរសព្ទទៅលោករដ្ឋមន្រ្តីដើម្បីស្នើសុំការអនុញ្ញាតចេញផ្សាយរបាយការណ៍សង្ខេបនៃរបាយការណ៍ស៊ើបអង្កេត ដែលធ្វើឡើងដោយក្រុមការងាររបស់លោក Mueller។ ក៏ប៉ុន្តែលោក Barr បែរជាចេញផ្សាយរបាយការណ៍សង្ខេបដោយខ្លួនឯង ដែលរបាយការណ៍សង្ខេបនោះមិនបានបញ្ចូលអត្ថន័យពេញលេញនៃការសន្និដ្ឋាននៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller ទេ។
ការចេញផ្សាយរបាយការណ៍សង្ខេបដោយលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះបានបង្កឲ្យមានការរិះគន់ពីគណបក្សប្រជាធិបតេយ្យ និងពីសំណាក់អ្នករិះគន់ផ្សេងទៀត ដែលបានលើកឡើងថា របាយការណ៍ស៊ើបអង្កេតដែលមានជិត ៤០០ទំព័រត្រូវបានសង្ខេបជាបួនទំព័រដែលសន្មតថា លោកTrump មិនបានរារាំងដល់ដំណើរការស៊ើបអង្កេតនេះទេ ពីព្រោះថាលោកមិនជាប់ពាក់ព័ន្ធនៅក្នុងបទឧក្រិដ្ឋជាមួយនឹងការចូលជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីទេ។
លោក Barr ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងផងដែរចំពោះការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីពិភាក្សាអំពីការរកឃើញនានានៅក្នុងរបាយការណ៍ស៊ើបអង្កេតនៅប៉ុន្មានម៉ោងមុននឹងសភាឬបណ្តាញផ្សព្វផ្សាយមានឱកាសអានរបាយការណ៍នេះ៕