មន្ត្រីនៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលទទួលខុសត្រូវដោយផ្ទាល់ផ្នែកកងទ័ពជើងគោកសហរដ្ឋអាមេរិក បានបង្ហាញនូវចំណុចលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះនៃយុទ្ធសាស្ត្រពហុផ្នែកសម្រាប់ការកម្លារារាំងមិនឱ្យមានសង្គ្រាមជាមួយនឹងប្រទេសចិន និងប្រសិនបើចាំបាច់យកឈ្នះក្នុងសង្គ្រាមណាមួយជាមួយនឹងប្រទេសចិននាពេលអនាគត។
អ្នកស្រី Christine Wormuth ដែលជាលេខាធិការកងទ័ពជើងគោកនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់អ្នកចូលរួមនៅវិជ្ជាស្ថានសហគ្រាសអាមេរិកាំង (American Enterprise Institute (AEI)) កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះថា «ខ្លួនខ្ញុំផ្ទាល់មិនគិតថា ការលុកលុយ [របស់ចិនលើ] កោះតៃវ៉ាន់នឹងជិតកើតឡើងទេ។ ប៉ុន្តែច្បាស់ណាស់ យើងត្រូវត្រៀមខ្លួន គឺត្រៀមខ្លួនប្រយុទ្ធនិងឈ្នះសង្រ្គាមនេះ [ប្រសិនបើវាកើតឡើង]»។
ធាតុផ្សំនៃយុទ្ធសាស្ត្រពហុផ្នែកនេះរួមមានការដាក់កងទ័ពបន្ថែមទៀតនៅក្នុងតំបន់អាស៊ី និងបំពាក់អាវុធទំនើបដល់ពួកគេ ដែលក្នុងនោះរួមមានទាំងនាវាដឹកជញ្ជូនសម្ភារពីសមុទ្រទៅដីគោកនិងអាវុធដែលមានល្បឿនលឿនជាងសំឡេងផងដែរ ដែលភាគច្រើននឹងត្រូវបានដាក់ជាមុននៅក្នុងតំបន់។
អ្នកស្រី Wormuth បានថ្លែងថា៖ «គោលដៅរបស់យើងគឺដើម្បីចៀសវាងការធ្វើសង្គ្រាមផ្លូវគោកនៅអាស៊ី។ ខ្ញុំគិតថា វិធីល្អបំផុតដើម្បីបញ្ចៀសមិនឱ្យមានសង្រ្គាមនោះគឺត្រូវបង្ហាញដល់ប្រទេសចិននិងប្រទេសនានានៅក្នុងតំបន់នោះថា យើងពិតជាអាចឈ្នះសង្រ្គាមនោះបាន»។
អ្នកស្រី Wormuth បានបង្ហាញនូវធាតុផ្សំសំខាន់ៗចំនួន ៣ នៃអ្វីដែលអ្នកស្រីហៅថាជា «យុទ្ធនាការ» របស់កងទ័ពជើងគោកសហរដ្ឋអាមេរិកដើម្បីកម្លារារាំងមិនឱ្យសង្គ្រាមបែបនេះកើតឡើង ដោយទីមួយគឺចាប់ផ្តើមជាមួយនឹងការកសាងកិច្ចសហប្រតិបត្តិការជាមួយសម្ពន្ធមិត្តនិងដៃគូបរទេសនានាដើម្បីធ្វើឱ្យថ្នាក់ដឹកនាំចិន «មានភាពស្មុគស្មាញ» ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
អ្នកស្រី Wormuth បានបន្តថា ទីពីរ កងទ័ពជើងគោកអាមេរិកកំពុងរកវិធីសាងសង់ «មជ្ឈមណ្ឌលចែកចាយរបស់បញ្ជាការដ្ឋានកងទ័ព» នៅក្នុងតំបន់ដើម្បីផ្ទុកគ្រឿងផ្គត់ផ្គង់ផ្សេងៗនិងឥន្ធនៈ «ដោយអាចចាប់ផ្តើមដំបូងគេនៅក្នុងប្រទេសអូស្រ្តាលី»។ អ្នកស្រីក៏បានបញ្ចេញឈ្មោះប្រទេសជប៉ុនផងដែរសម្រាប់លទ្ធភាពនៃការធ្វើជាទីតាំងសម្រាប់ការសាងសង់មជ្ឈមណ្ឌលនេះ ហើយអ្នកស្រីបានលើកឡើងថា យុទ្ធោបករណ៍ដែលមិនប៉ះពាល់ដល់អាយុជីវិតអាចនឹងត្រូវផ្ទុកនៅប្រទេសហ្វីលីពីននិងប្រទេសសិង្ហបុរី។
អ្នកស្រីបានបន្ថែមថា ធាតុផ្សំទីបីនៃយុទ្ធនាការកម្លារារាំងប្រទេសចិននេះគឺការដាក់កងកម្លាំងដែលឃើញជាក់ស្ដែងនិងអាចប្រយុទ្ធដ៏គួរឱ្យទុកចិត្តបាននៅក្នុងតំបន់។ អ្នកស្រីបាននិយាយថា៖ «គោលដៅរបស់យើងគឺការមានវត្តមានកងទ័ពរបស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពី ៧ ទៅ ៨ ខែក្នុងមួយឆ្នាំ»។
អ្នកស្រី Wormuth បានប្រាប់អ្នកចូលរួមនៅវិជ្ជាស្ថាន AEI បន្ថែមទៀតថា ប្រសិនបើយុទ្ធនាការកម្លារារាំងចិននេះបរាជ័យ កងទ័ពជើងគោកសហរដ្ឋអាមេរិកដែលអ្នកស្រីហៅថាជា «កងទ័ពស្រួច» នោះ មានកិច្ចការសំខាន់ៗចំនួន ៥ ដែលត្រូវបំពេញ។
កិច្ចការទីមួយគឺថា «វាគឺជាកិច្ចការរបស់យើងនៅក្នុងការបង្កើត បន្ទាប់មកសាងសង់បន្ថែម ហើយបន្ទាប់មកទៀតធានាសុវត្ថិភាពនិងការពារ បង្កើតមូលដ្ឋានសម្រាប់កងទ័ពជើងទឹក សម្រាប់កងម៉ារីន សម្រាប់កងទ័ពជើងអាកាស ហើយនោះហើយជាមូលហេតុដែលយើងកំពុងពង្រីកសមត្ថភាពការពាររួមបញ្ចូលគ្នាក្នុងការទប់ទល់នឹងមីស៊ីលនិងការវាយប្រហារតាមអាកាស។ ការណ៍ដែលអាចមានលទ្ធភាពការពារមូលដ្ឋានទាំងនោះបានគឺជាគន្លឹះសំខាន់»។
កិច្ចការទីពីរគឺការទ្រទ្រង់កម្លាំងរួម «ហើយពេលនោះហើយគឺជាពេលដែលមជ្ឈមណ្ឌលចែកចាយរបស់បញ្ជាការដ្ឋានកងទ័ពមានតួនាទីដ៏សំខាន់។ យើងផ្តល់ឱកាសក្នុងការផ្តល់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពដល់កងកម្លាំងភាគច្រើន ដើម្បីផ្តល់នូវការទ្រទ្រង់ក្នុងបញ្ជាការដ្ឋានផ្ទាល់ រៀបចំឃ្លាំងស្តុកអាវុធ រៀបចំកន្លែងចាក់សាំងយន្តហោះ និងផ្ដល់ការការពារ»។
កិច្ចការទីបីគឺថា «កងទ័ពស្រួច» ទាំងនោះក៏នឹងបង្កើនចំនួនកងនាវារបស់ខ្លួនផងដែរ ដោយអ្នកស្រី Wormuth បានបញ្ជាក់ថា ក្រុមហ៊ុននាវានោះនឹងត្រូវបង្កើតឡើងនៅក្នុងប្រទេសជប៉ុន។ កងនាវានោះអាចមានទាហានចំនួនពីរាប់សិបនាក់ដល់ ២០០ នាក់។
កងទ័ពស្រួចនេះបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះខ្លួនមានកងនាវាមួយដែលមាននាវាចំនួន ១៣២ គ្រឿងដែលអាចដឹកកងទ័ពនិងយុទ្ធោបករណ៍ពីកប៉ាល់កងទ័ពទៅកាន់ឆ្នេរនិងមាត់សមុទ្របាន ក៏ដូចជាអាចធ្វើប្រតិបត្តិការសណ្ដោងនិងសង្គ្រោះបានផងដែរ។
កិច្ចការទីបួនរបស់កងទ័ពស្រួចនេះដែលកំពុងដំណើរការរួចហើយ គឺការធ្វើបច្ចុប្បន្នភាពឃ្លាំងអាវុធរបស់ខ្លួន និងអភិវឌ្ឍសមត្ថភាពផ្សេងទៀតដូចដែលធ្លាប់ធ្វើកន្លងមក ដែលជាធម្មតាមិនពាក់ព័ន្ធជាមួយនឹងកងទ័ពជើងគោក។
សម្រាប់កិច្ចការសំខាន់ទីប្រាំ អ្នកស្រី Wormuth បានចង្អុលបង្ហាញថា ប្រសិនបើមានសង្គ្រាមកើតឡើងជាមួយនឹងប្រទេសចិន កងទ័ពស្រួចនោះមានតួនាទីដ៏សំខាន់មួយដែលនោះគឺការការពារមាតុភូមិអាមេរិក។
អ្នកស្រី Wormuth បានលើកឡើងដូច្នេះថា៖ «ប្រសិនបើយើងធ្លាក់ចូលទៅក្នុងសង្រ្គាមដ៏ធំមួយជាមួយប្រទេសចិន នោះសហរដ្ឋអាមេរិកដែលជាទឹកដីកំណើតរបស់យើងក៏នឹងប្រឈមនឹងហានិភ័យផងដែរ ទាំងការវាយប្រហារដោយផ្ទាល់និងការវាយប្រហារដោយប្រយោល មិនថាវាជាការវាយប្រហារតាមអ៊ីនធឺណិតទៅលើបណ្តាញថាមពលឬទៅលើបំពង់បង្ហូរថាមពលទេ ខ្ញុំគ្មានការសង្ស័យឡើយថា កងទ័ពសហរដ្ឋអាមេរិកនឹងត្រូវបានកោះហៅឱ្យផ្តល់ការគាំទ្រផ្នែកការពារដល់អាជ្ញាធរស៊ីវិល»។
អ្នកស្រី Wormuth បាននិយាយថា មុខងារសំខាន់របស់កងទ័ពនេះ ជារឿយៗមិនត្រូវបាន «រាប់បញ្ចូលភ្លាមៗទេ» ក្នុងពេលរៀបចំផែនការ ដែលនេះជាកំហុសមួយ។
អ្នកស្រីបានបន្ថែមថា យោធាចិន «នឹងតាមរុកកួនឆន្ទៈសាធារណជនរបស់សហរដ្ឋអាមេរិក។ ពួកគេនឹងព្យាយាមលុបបំបាត់ការគាំទ្រចំពោះសង្គ្រាម។ ខ្ញុំគិតថា កងទ័ព [សហរដ្ឋអាមេរិក] នឹងដើរតួនាទី[ការពារ] នៅក្នុងសហរដ្ឋអាមេរិក»។
នៅពេល VOA សួរថាតើអ្នកស្រីជឿថាពលរដ្ឋអាមេរិកាំងបានត្រៀមខ្លួនដើម្បីមិនឱ្យមានចំនួនអ្នកស្លាប់ច្រើន ដែលអាចត្រូវបានគេរំពឹងទុកនៅក្នុងសង្រ្គាមណាមួយជាមួយប្រទេសចិននោះ អ្នកស្រីបានឆ្លើយថា អ្នកស្រីជឿថា ពួកគេមានឆន្ទៈក្នុងការប្រយុទ្ធដើម្បីមាតុភូមិនិងឧត្តមគតិរបស់ពួកគេ ប្រសិនបើនិងនៅពេលដែលវាចាំបាច់ គឺ «ដូចពេលដែលពួកយើងបានធ្វើនៅក្នុងសង្គ្រាមលោកលើកទីពីរដូច្នេះដែរ»។
អ្នកស្រីបាននិយាយថា នៅទីបំផុត «កម្លាំងកងទ័ពជើងគោកគឺជាកម្លាំងដែលមិនអាចថមថយឥទ្ធិពលបាន ដែលនេះជាអ្វីដែលយើងកំពុងនិយាយ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់