ក្រសួងថាមពលអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថាក្រុមអ្នកវិទ្យាសាស្ត្ររបស់ខ្លួនមានលទ្ធភាព រៀបចំបង្កើតប្រតិកម្ម សំយោគថាមពលនុយក្លែអ៊ែរបញ្ចូលគ្នាដែលផលិតបានអគ្គិសនីច្រើនជាងតម្រូវការប្រើប្រាស់ ដែលនេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងកម្មវិធីសិក្សាស្រាវជ្រាវអស់រយ:ពេលជាច្រើនទសវត្សរ៍ ដើម្បីរកវិធីបង្កើតឲ្យបានថាមពលអគ្គិសនីស្អាតនិងគ្មានកាកសំណល់ដើរដោយកម្លាំងនុយក្លេអ៊ែរ។
ការធ្វើពិសោធន៍ត្រូវបានធ្វើឡើងនៅឯមន្ទីរពិសោធន៍ជាតិ Lawrence Livermore National Laboratory ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័ញ៉ា។
រដ្ឋមន្ត្រីក្រសួងថាមពល អ្នកស្រី Jennifer Granholm បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖
«នេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រចំពោះក្រុមអ្នកស្រាវជ្រាវ និង បុគ្គលិកនៅឯរោងចក្រ National Ignition Facility ដែលបានប្តូរផ្តាច់ក្នុងអាជីពរបស់ពួកគេ ដើម្បីរកឃើញអគ្គិសនីដើរដោយនុយក្លេអ៊ែរនេះ ឲ្យក្លាយជាការពិត ហើយថា ការរកឃើញដ៏សំខាន់នេះនឹងបណ្តាលឲ្យរកឃើញកាន់តែច្រើនទៀត»។
សេចក្តីប្រកាសនេះកើតឡើងនៅពេលដែលរដ្ឋបាលលោកប្រធានាធិបតី បៃដិន (Biden) បានណែនាំឲ្យមានការប្រឹងប្រែងជាថ្មី និង ផ្តល់ថវិកាសម្រាប់ការអភិវឌ្ឃលើវិស័យបង្កើតអគ្គិសនីស្អាត ដែលកកើតឡើងវិញ ដោយសង្កត់ធ្ងន់ជាពិសេសលើថាមពលនុយក្លេអ៊ែរសំយោគ(Fusion Energy)។ ច្បាប់កាត់បន្ថយអតិផរណាដែលត្រូវបានអនុម័តថ្មីៗនេះ មានចែងអំពីការផ្តល់ថវិកាដ៏សំខាន់ចាំបាច់សម្រាប់ការសិក្សាស្រាវជ្រាវ ក្នុងវិស័យអគ្គិសនីដើរដោយកម្លាំងនុយក្លែអ៊ែរនេះ។
ប៉ុន្តែនេះមិនមែនមានន័យថា ដោយព្រោះតែក្រុមអ្នកស្រាវជ្រាវអាចរៀបចំបង្កើតប្រតិកម្មនុយក្លេអ៊ែរ សំយោគផលិតអគ្គិសនីបានជាវិជ្ជមានតែមួយមុខនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់ ចំពោះរបៀបដែលមនុស្ស បង្កើតអគ្គិសនី នឹងអាចធ្វើបានឆាប់ៗនោះទេ។ ក្រុមអ្នកជំនាញនិយាយថា នៅពេលដែលកិច្ចការនេះជារឿងសំខាន់ តែប្រព័ន្ធបច្ចេកវិទ្យានៅតែជាឧបសគ្គ នោះបណ្តាលឲ្យអគ្គិសនីដើរដោយកម្លាំងនុយក្លែអ៊ែរសំយោគនេះ ត្រូវប្រឈមមុខនឹងរឿងស្មុគស្មាញត្រូវដោះស្រាយបន្តទៀត៕