ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា សភាអាមេរិកបានលក់កញ្ចប់សព្វាវុធដែលមានតម្លៃ១,៨៣ពាន់លានដុល្លារឲ្យកោះតៃវ៉ាន់។
មន្រ្តីការបរទេសនានាបាននិយាយថា កញ្ចប់សព្វាវុធនេះរួមមានទាំងនាវាចម្បាំងចំនួន២គ្រឿង គ្រាប់មីស៊ីលបំផ្លាញរថក្រោះយោធា យានយន្តវាយប្រហារដែលអាចបើកបរទាំងក្នុងទឹកនិងលើគោកបាន និងមីស៊ីលបាញ់ពីលើដីទៅលើលំហអាកាស។
សភាអាមេរិកមានរយៈពេល៣០ថ្ងៃក្នុងការវាយតម្លៃទៅលើជំនួញនេះនិងអាចធ្វើការបដិសេធនានាបាន។
លោក David McKeeby អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះស្របជាមួយនឹងការប្តេជ្ញារបស់អាមេរិកក្នុងការផ្តល់សព្វាវុធគ្រប់គ្រាន់ដើម្បីរក្សាសមត្ថភាពរបស់កោះតៃវ៉ាន់ក្នុងការការពារខ្លួន។
ប្រទេសចិនដែលបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន បានឲ្យដឹងថា ជំនួញនេះគួរតែលុបចោលដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងតៃវ៉ាន់ ចិន និងសហរដ្ឋអាមេរិក។
លោក Hong Lei អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃអង្គារថា៖ «សហរដ្ឋអាមេរិកគួរតែដឹងច្បាស់ថា ការលក់សព្វាវុធឲ្យតៃវ៉ាន់គឺជារឿងដ៏ចម្រូងចម្រាស់និងគ្រោះថ្នាក់។ អាមេរិកគួរតែគោរពតាមការប្តេជ្ញារបស់ខ្លួននិងបញ្ឈប់ការលក់សព្វាវុធទៅឲ្យតៃវ៉ាន់ ហើយធ្វើអ្វីដែលផ្តល់អត្ថប្រយោជន៍ដល់ទំនាក់ទំនងរវាងចិននិងអាមេរិក និងផ្តល់ការវិវឌ្ឍដោយសន្តិវិធីទៅលើទំនាក់ទំនងដ៏ចង្អៀតរវាងប្រទេសទាំងពីរវិញ»៕