សេដ្ឋកិច្ចទំហំ៥០០ពាន់លាន(ប៊ីលាន)ដុល្លាររបស់កោះតៃវ៉ាន់ គឺផ្តោតទៅលើការនាំចេញដែលបានដំណើរការអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ក៏ប៉ុន្តែយោងតាមការបកស្រាយពីសំណាក់អ្នកសេដ្ឋសាស្ត្រជាច្រើនបានឲ្យដឹងថា កោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះ ដែលផលិតនូវផលិតផលផ្លាស្ទីក គ្រឿងម៉ាស៊ីន និងគ្រឿងប្រើប្រាស់អេឡិចត្រូនិច បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទីបីនាឆ្នាំនេះ។ សេដ្ឋកិច្ចរបស់កោះនេះបានរូមតូចមកនៅត្រឹម០,៣ភាគរយ ពីខែកក្កដា រហូតដល់ខែកញ្ញា បើប្រៀបជាមួយនឹងត្រីមាសមុន ដែលគេឃើញមានការធ្លាក់ចុះមកនៅត្រឹម១,១៤ភាគរយ។
ការិយាល័យថវិកា និងគណនេយ្យរបស់កោះតៃវ៉ាន់បានបង្ហាញពីចំណុចខ្សោយនានានៅក្នុងសេដ្ឋកិច្ចពិភពលោក ការធ្លាក់ចុះនៃតម្លៃប្រេងឆៅ និងការរឹតបន្តឹងលើសេដ្ឋកិច្ចប្រទេសនេះដោយការប្រកួតប្រជែងនៃសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ លោក Andrew Tsai អ្នកសេដ្ឋសាស្ត្រប្រចាំក្រុមហ៊ុន KGI Securities នៅក្រុងតៃប៉ិ (Taipei) បានបកស្រាយពីហេតុផលដែលប្រទេសចិនកំពុងតែមានភាពប្រសើរជាងកោះតៃវ៉ាន់។
លោកមាននិយាយថា នៅពេលដែលប្រទេសចិនបានចាត់ទុកការរួមតួចនៃការនាំចេញជាអាទិភាពនោះ ប្រទេសនេះក៏មានបំណងលក់ផលិតផលនៅក្នុងទីផ្សារក្នុងស្រុកផងដែរ។ លោក Tsai បានបន្តថា ប្រទេសចិនបានរកឃើញថា ការពឹងផ្អែកទៅលើការនាំចេញដែលមានផលចំណេញតិចតួចតែមួយមុខនោះ មិនអាចរក្សានូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សបានទេ ដូចនេះប្រទេសចិនបានប្រើប្រាស់ការបង្កើនស្តង់ដារសហគ្រាសដើម្បីធ្វើជាកត្តាជំរុញ។
វិនិយោគិនពីកោះតៃវ៉ាន់ធ្លាប់បាននាំយកគ្រឿងសម្ភារៈផ្សេងៗពីក្នុងស្រុករបស់ពួកគេ ដែលធ្វើឲ្យការនាំចេញមកកាន់ប្រទេសចិនមានតម្លៃថោក ហើយបានបញ្ជូនផលិតផលទាំងនោះទៅលក់នៅក្រៅប្រទេស។ ក៏ប៉ុន្តែ ប្រទេសចិននាពេលនេះ មានសង្វាក់ផ្គត់ផ្គង់ដែលមានភាពល្អប្រសើរ ហើយគុណភាពបានកើនឡើងនៅស្របពេលដែលចិនបានយល់ដឹងកាន់តែច្រើនពីការត្រួតពិនិត្យតាមរោងចក្រអស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមអ្នកវិភាគបានហៅសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្ពស់របស់ចិនថា មានលក្ខណៈរឹងមាំខ្លាំង ហើយសង្វាក់ផ្គត់ផ្គង់នេះបានធ្វើឲ្យមានការបាត់បង់ប្រាក់ចំណូល១៣១ពាន់លាន(ប៊ីលាន)ដុល្លារនៅក្នុងវិស័យបច្ចេកវិទ្យារបស់កោះតៃវ៉ាន់។
ការធ្លាក់ចុះនៅក្នុងការបញ្ជាទិញជារៀងរាល់ខែចាប់តាំងពីខែមេសាមក បានបង្ហាញឲ្យដឹងមុនពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់។ កោះតៃវ៉ាន់ពឹងផ្អែកលើការនាំចេញ៦០ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន ហើយការបញ្ជាទិញជាធម្មតាបានកើនឡើងក្នុងកម្រិតមធ្យមពីមួយខែទៅមួយខែ។
ការចំណាយតិចតួចពីសំណាក់អ្នកប្រើប្រាស់នៅក្នុងទីផ្សារធំៗក្នុងប្រទេសចិន និងទីផ្សារអឺរ៉ុប បានបង្កការប៉ះពាល់ដល់ការនាំចេញរបស់កោះតៃវ៉ាន់តាមប្រភេទទំនិញផ្សេងៗ។ អ្នកប្រើប្រាស់នៅប្រទេសចិនមានការស្ទាក់ស្ទើរស្របពេលដែលកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនបានថយចុះ។ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មបានប៉ះពាល់ដល់ការចំណាយនៅតាមបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន។
តម្លៃប្រេងឆៅទាបជាងមុននៅលើពិភពលោកចាប់តាំងពីឆ្នាំ២០១៤មក បានបង្កការប៉ះពាល់លើក្រុមហ៊ុនឥន្ធនៈគីមីរបស់តៃវ៉ាន់ ដែលបានបញ្ជាទិញការផ្គត់ផ្គង់ទុកជាមុនក្នុងអត្រាមួយខ្ពស់។
សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានកើនឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៩ ដែលវិបត្តិសេដ្ឋកិច្ចនោះបានបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកមួយភាគធំ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក។ អ្នកសេដ្ឋសាស្ត្រនិយាយថា ការឈប់សម្រាកចុងឆ្នាំនៅបស្ចឹមប្រទេសអាចបង្កើនការបញ្ជាទិញកុំព្យូទ័រ ទូរស័ព្ទទំនើប និងផលិតផលឥន្ធនៈគីមី ពីកោះតៃវ៉ាន់។ ការិយាល័យថវិកាព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ច២,៣២ភាគរយនៅឆ្នាំក្រោយ ជាមួយនឹងតម្រូវការនាំចេញខ្លាំងជាងមុន៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា