ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នក​វិភាគ​ថា កិច្ច​ពិភាក្សា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉ខាងជើង​​ស្ថិត​នៅ​​ត្រង់​«ចំណុច​របត់»


រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងថ្នាក់ដឹកនាំរដ្ឋាភិបាលផ្សេងទៀត ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Donald Trump នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងថ្នាក់ដឹកនាំរដ្ឋាភិបាលផ្សេងទៀត ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Donald Trump នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ ដើម្បី​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ឲ្យ​បញ្ចប់​នូវ​កម្មវិធី​អាវុធនុយក្លេអ៊ែររបស់​ខ្លួន​ បាន​ជាប់គាំង​នៅ​ឆ្នាំ ២០២០ បន្ទាប់​ពី​បរាជ័យ​នៅ​ក្នុង​ការ​ចរចា​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​ការ​កើតមាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ការ​បរាជ័យនៅ​ឆ្នាំ​ ២០២០ បាន​បង្ក​ជា​បញ្ហា​ប្រឈម​នានា​សម្រាប់​រដ្ឋបាល​លោក Joe Biden ដែលត្រៀម​នឹង​ចូល​កាន់​តំណែង។

កិច្ចប្រឹងប្រែង​ដើម្បីពិភាក្សា​ជាមួយកូរ៉េ​ខាង​ជើង​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ មិន​បាន​ជឿន​លឿន​ទៅ​មុខ​នោះ​ទេ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េខាង​ជើង​លោក Kim Jong Un មិន​បាន​ធ្វើ​ឲ្យ​សម្រេច​កិច្ចព្រមព្រៀ ងអំឡុងពេល​កិច្ចប្រជុំ​កំពូលលើក​ទីពីរ និង​ជាលើក​ចុង​ក្រោយ​បង្អស់​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩។

លោក James Kim ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​អាស៊ានក្នុងក្រុង​សេអ៊ូល​នៃប្រទេសកូរ៉េខាងត្បូង បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ត្រង់​ចំណុច​របត់​មួយនា​ពេល​នេះ។ ហើយ​ការណ៍​នេះ ​គឺ​អាស្រ័យ​ទៅ​លើ​រដ្ឋបាល​របស់ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden ដើម្បី​ជម្នះ​នូវ​បញ្ហា​ផ្សេងៗ។

លោក James Kim បាន​ថ្លែង​ថា៖ «មធ្យោបាយ​តែ​មួយ​គត់​ដែល​ខ្ញុំ​គិត​ថា យើង​នឹង​ទទួល​បាន​នូវ​ការ​ផ្លាស់ប្តូរ​ផ្សេងៗ​ទៅ​លើស្ថានភាព​ជាមួយ​កូរ៉េខាងជើង គឺ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​សម្រេចបញ្ចេញ​នូវ​កាយវិការផ្តួចផ្តើម​ដំបូង​ ដើម្បី​បង្ហាញ​ទៅ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថា ពួកគេ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​ការ​ចរចា។ ប្រសិន​បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​មិន​ឃើញ​ថា យើង​អាច​នឹង​ចេញ​ពី​ភាព​ជាប់គាំង​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ»។

ប៉ុន្តែរដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​មិន​បង្ហាញ​នូវ​សញ្ញា​ណា​មួយ​ថា ខ្លួន​ត្រៀម​លក្ខណៈ​ដើម្បី​បន្តកិច្ចពិភាក្សា​ជាមួយរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ​ទេ។ របប​ដឹកនាំ​នៅ​កូរ៉េខាងជើង​ថែមទាំង​មិន​បាន​ទទួលស្គាល់​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងទស្សនកិច្ចរបស់លោក Trump នៅតំបន់យោធារួមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងទស្សនកិច្ចរបស់លោក Trump នៅតំបន់យោធារួមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

លោក Yan Moo-jin ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​សិក្សា​ពី​កូរ៉េ​ខាង​ជើងក្នុងក្រុង​សេអ៊ូល និយាយ​ថា នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ​ពីព្រោះ​ទំនាក់​ទំនង​លក្ខណៈ​ឯកជន​រវាង​លោក ​Kim និង​លោក Trump បានវិវត្ត​ទៅ​មុខ​រួច​ទៅ​ហើយ។ លោក Yang និយាយថា ភាព​ស្ងប់ ស្ងៀម​របស់​លោក Kim Jong Un គឺ​ពីព្រោះ​លោក Trump បាន​ហៅ​លោក​ Kim ជា​មិត្តភក្តិ ខណៈ​លោក Biden បាន​ហៅ​លោក Kim ថា ជា​ជន​អន្ធពាល។

លោក Yang បាន​បន្ថែម​ថា ការ​បិទ​សកម្មភាព​សង្គម​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុននៅកូរ៉េខាងជើង​ក្នុង​អំឡុងពេលនៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ទៀត​ សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាលក្រុង​សេអ៊ូល។

រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ ហើយ​បាន​បដិសេធ​ជំនួយ​មនុស្សធម៌​ពី​កូរ៉េ​ខាង​ត្បូង។​ កាល​ពី​ខែ​មិថុនា កូរ៉េខាងជើង​បាន​ផ្តាច់​ខ្សែទូរសព្ទ​ទំនាក់ទំនង​យោធា​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង និង​បាន​កម្ទេចការិយាល័យ​ទំនាក់ទំនង​រួម​ នៅ​ផ្នែក​របស់​ខ្លួន​នៃ​ព្រំដែន​រវាង​ប្រទេស​កូរ៉េទាំង​ពីរ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ដើរ​ថយក្រោយ​នេះ​ធ្វើ​ឲ្យ​កាន់​តែ​លំបាក​ចំពោះ​គោលដៅ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moo Jae-in ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។

អ្នកស្រី Hee-jin Koo អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វេទិកា​អនាគត​ឧបទ្វីប​កូរ៉េ​ ក្នុងក្រុង​សេអ៊ូល និយាយ​ថា លោក​ប្រធានាធិបតី Moon មានការ​គាំទ្រពី​លោក​ប្រធានាធិបតី Trump ចំពោះ​ការខំ​ប្រឹងប្រែង​នេះ។ ប៉ុន្តែ​អ្នកស្រី​មិន​ច្បាស់ ថា​តើ​លោក Biden នឹង​ចាត់​ទុករឿង​នេះ​ជា​អាទិភាព​នៅ​ក្នុង​គោលនយោបាយ​ស្តី​ពី​កូរ៉េ​ខាងជើង ​ដែល​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឡើយទេ។

អ្នកស្រី​បាន​ថ្លែង​ថា៖ ​«ជាមួយរដ្ឋបាល​លោក ​Biden ដែលចូល​កាន់​តំណែង យើង​នឹង​ឃើញការ​វិល​ត្រឡប់​ទៅកាន់វិធានការដាក់​សម្ពាធជា​អតិបរមា»។

អ្នកស្រី​ Koo បាន​បន្តថា នេះ​អាច​មាន​ន័យ​ថា លោក ​Biden នឹង​ចាប់ផ្តើម​ឡើង​វិញ​នូវសមយុទ្ធ​យោធា​រួម​គ្នាក្នុង​ទ្រង់ទ្រាយ​ធំ ​ជាមួយ​នឹងកូរ៉េខាងត្បូង ដែល​លោក​ Trump បាន​ព្យួរទុក។

លោក James Kim នៃ​វិទ្យាស្ថាន​អាសាន​រំពឹង​ថា កូរ៉េ​ខាង​ជើង​នឹង​ផ្តល់​ជា​ការបញ្ជាក់​ច្បាស់​ខ្លះៗ​ ពាក់ព័ន្ធ​នឹង​គោលជំហរ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋបាល​អាមេរិក​ថ្មី​នៅ​ខែ​មករា​ អំឡុង​ពេល​កិច្ចប្រជុំ​គណបក្ស​ពលករ​កូរ៉េ​ខាង​ជើង ដែល​នឹងត្រូវ​ធ្វើ​ឡើង​ស្របពេល​ជាមួយ​នឹង​ការ​ស្បថ​ចូលកាន់​តំណែង​របស់​លោក Biden នៅ​ថ្ងៃ​ទី២០ ខែ​មករា។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​រំពឹង​ពីចំណាត់ការ​ផ្សេងៗ​ពី​កូរ៉េខាងជើង​ ឬ​ការ​ផ្លាស់ប្តូរ​នូវ​គោលជំហរ​ណា​មួយ ​យើង​ទំនង​នឹង​ឃើញ​អ្វី​ទាំង​នេះ​នៅក្នុង​ខែ​កុម្ភៈ»។

លោក Kim បាន​បន្ត​ទៀត​ថា​ ការណ៍​នេះ​នឹង​ក្លាយ​ជា​ពេល​វេលា​ដ៏​សំខាន់ ដើម្បីកំណត់ទិសដៅ​នៃ​កិច្ចពិភាក្សា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងជើង៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG