ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសុំអភ័យទោសដល់គ្រួសារជនរងគ្រោះនៃមន្ត្រីរដ្ឋការកូរ៉េខាងត្បូងដែលត្រូវបានបាញ់សម្លាប់ដោយកងទ័ពប្រទេសកូរ៉េខាងជើង កាលពីសប្តាហ៍មុន នៅតាមព្រំដែនសមុទ្រនៃប្រទេសទាំងពីរ។
លោកប្រធានាធិបតី Moon បានចូលរួមរំលែកមរណទុក្ខដល់គ្រួសារជនរងគ្រោះនេះ នៅក្នុងកិច្ចប្រជុំមួយជាមួយជំនួយការជាន់ខ្ពស់របស់លោក ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ។
មន្ត្រីកូរ៉េខាងត្បូងដែលត្រូវកងទ័ពកូរ៉េខាងជើងបាញ់សម្លាប់នោះ មានអាយុ៤៧ឆ្នាំ ជាបុគ្គលិកទីភ្នាក់ងារជលផលរបស់កូរ៉េខាងត្បូង។ លោកត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ក្នុងអំឡុងពេលបំពេញការងារលើទូកនេសាទមួយ នៅភាគខាងជើងនៃព្រំដែនសមុទ្រខាងលិច ដែលត្រូវបានគេហៅថាជាខ្សែបន្ទាត់កំណត់ភាគខាងជើង។
បន្ទាប់ពីត្រូវបានស្ទាក់ចាប់ ដោយកងទ័ពកូរ៉េខាងជើងរួច លោកត្រូវបានគេសួរចម្លើយ និងបាញ់សម្លាប់តែម្តង ហើយសាកសពរបស់លោកត្រូវបានគេចាក់ប្រេងនិងដុតចោល ដោយទំនងមានការបញ្ជាពីថ្នាក់លើ នេះបើតាមការលើកឡើង ដោយភាគីយោធាកូរ៉េខាងត្បូង។
ប៉ុន្តែ កងទ័ពកូរ៉េខាងជើងបានបកស្រាយខុសពីការអះអាងនេះ ដោយលើកឡើងថា កងទ័ពព្រំដែនកូរ៉េខាងជើង បានអនុវត្តតាមការណែនាំប្រឆាំងការរាតត្បាតនៃវីរុសកូរ៉ូណា ហើយបានបាញ់ចំនួន១០គ្រាប់ទៅលើបុរសនោះពីចម្ងាយ។ នៅពេលដែលគេបានទៅដល់ទូករបស់បុរសនោះ គេឃើញមានតែឈាម ហើយក៏បានដុតទូកនិងសម្ភារៈផ្សេងៗទៀតរបស់បុរសនោះក្នុងពេលនោះតែម្តងទៅ។
ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានលើកឡើងផងដែរ ពីការសុំទោសជាសាធារណៈដ៏កម្ររបស់មេដឹកកូរ៉េខាងជើងលោក Kim Jong-un កាលពីថ្ងៃសុក្រសបា្តហ៍មុន។ លោក Moon និយាយថា នេះជាការបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងជើងលោក Kim មានការយកចិត្តទុកដាក់ខ្លាំងលើករឿងនេះ និងចង់ការពារមិនឲ្យមានការបែកបាក់ទាំងស្រុងនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរនោះឡើយ។
គណបក្សអំណាចពលរដ្ឋដែលជាគណបក្សប្រឆាំងកូរ៉េខាងត្បូង និងអ្នករិះគន់ដទៃទៀត បានចោទប្រកាន់យោធាកូរ៉េខាងត្បូង ថាមិនបានជួយសង្គ្រោះជិវិតជនរងគ្រោះ នៅពេលដែលដឹងថាលោកត្រូវបានគេប្រទះឃើញក្នុងដែនទឹកនៃប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនម៉ោង មុនត្រូវបានគេបាញ់សម្លាប់។
ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍បានជំរុញឲ្យប្រទេសទាំងពីរ បើកការស៊ើបអង្កេតរួមគ្នាមួយទៅលើហេតុការណ៍នោះ៕